ក្រុមហ៊ុន Virgin Galactic មានបំណង​បញ្ជូន​រ៉ុក្កែត​ទេសចរណ៍​ទៅ​ទី​អវកាស​ឆាប់ៗ​នេះ​

310

​ក្រុមហ៊ុន Virgin Galactic របស់​មហាសេដ្ឋី រី​ឆាត ប្រ៊ែ​ន​សុន (Richard Branson) ទីបំផុត​កំពុង​ត្រៀម​រៀបចំ​បញ្ជូន​រ៉ុក្កែត​ទេសចរណ៍​របស់ខ្លួន​ទៅកាន់​គែម​នៃ​លំហ​អាកាស​។​

​ប្រសិនបើ​ទទួលបាន​ជោគជ័យ នោះ​វា​នឹង​ក្លាយជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅ​រកក្តី​សុបិន​ជា​យូរ​មកហើយ​នៃ​វិស័យ​ទេសចរណ៍​នៅ​ទី​អវកាស​។​

​ការហោះហើរ​សាកល្បង​បន្ទាប់​អាច​នឹងធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ធ្នូ​នេះ ជាមួយ​អ្នកបើក​យន្តហោះ​ពីរ​នាក់​បាន​បើក​យាន Virgin Space Ship Unity នៅ​ពីលើ​វាល​ខ្សាច់​ម៉ូ​ហា​វី​នៃ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​។​

​នាយក​ប្រតិបត្តិ​លោក ច​ច វ៉ា​យ​សាយ (George Whitesides) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​នឹង​ព្យាយាម​ហោះ​ឡើង​ឱ្យ​លើសពី​កម្ពស់ ៨០ គីឡូម៉ែត្រ ដែល​ក្រុមហ៊ុន Virgin Galactic ចាត់ទុកថា​ជា​ព្រំប្រទល់​នៃ​ទី​អវកាស​។ លោក​វ៉ា​យ​សាយ​បាន​និយាយថា វា​ជា​ស្តង់ដារ​ដែល​ត្រូវបាន​ប្រើ​ដោយ​កងកម្លាំង​ទ័ពអាកាស​អាមេរិក​និង​ទីភ្នាក់ងារ​អាមេរិក​ដទៃ​ទៀត​។​

​ការ​ឈានដល់​កម្រិត​អវកាស​នឹង​បង្ហាញ​ពី​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ឆ្ពោះទៅរក​ការចាប់ផ្តើម​ជើងហោះហើរ​ពាណិជ្ជកម្ម​ដែល​បាន​សន្យា​ជាង​មួយ​ទសវត្សរ៍​មកហើយ​។ ការអភិវឌ្ឍ​យានអវកាស​របស់​ក្រុមហ៊ុន Virgin Galactic បាន​ចំណាយពេល​យូរ​ជាង​ការរំពឹងទុក​និង​បាន​ជួប​ឧបសគ្គ​ធំ​មួយ នៅពេលដែល​យាន​ពិសោធន៍​ដំបូង​បាន​ផ្ទុះ​ក្នុងអំឡុងពេល​នៃ​ការហោះហើរ​សាកល្បង​កាលពី​ឆ្នាំ ២០១៤ ដោយ​សម្លាប់​អ្នកបើក​យន្តហោះ​ម្នាក់​៕ ដោយ៖ កញ្ញាដាលីស