ក្រុមហ៊ុន Vivo ផ្តល់ជូន​ស្មា​ត​ហ្វូ​ន​ថ្មី​ជាមួយ​ប្រភេទ​ប្រើ 5G និង 4G ដើម្បី​ទាក់ទាញ​អតិថិជន​ច្រើន​ថែមទៀត​

413
ចែករម្លែក

​ក្រុមហ៊ុន Vivo បានដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​កញ្ញា ដែល​ផ្តោតលើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន 5G របស់​ចិន គឺ​មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់ពី​គូប្រជែង Apple និង Oppo បានដាក់​លក់​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ប្រើ​បានតែ 4G ចុងក្រោយ​បំផុត​របស់​ពួកគេ​។​

​យោងតាម​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តុង​គួ​ន​មួយ​នេះ​បានឱ្យដឹងថា ទូរស័ព្ទ Nex 3 របស់​ក្រុមហ៊ុន Vivo ត្រូវបាន​រចនា​ឡើង​ដើម្បី​ទាក់ទាញ​អតិថិជន​កាន់តែច្រើន​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំជាងគេ​លើ​ពិភពលោក​មួយ​នេះ ពីព្រោះ​គេ​អា​ចរក​ទិញ​បាន​ទាំង​ទូរស័ព្ទ​ប្រើ​ជាមួយ 5G និង 4G​។​

​អ្នកគ្រប់គ្រង​ផលិតផល​របស់ Vivo លោក ទីង គួ​ន​លី និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅមុន​ការដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ Nex 3 នៅ​ទីក្រុង​សៀង​ហៃ​ថា “​យើង​កំពុង​ព្យាយាម​ផ្តល់​ជម្រើស​កាន់តែច្រើន​សម្រាប់​អតិថិជន​។ ទូរស័ព្ទ Nex 3 ម៉ូ​ដែល 4G និង 5G របស់​ក្រុមហ៊ុន​នឹង​ត្រូវបាន​លក់ដាច់​ដោយឡែក​ពីគ្នា​”​។​

​យុទ្ធសាស្ត្រ​នេះ​ត្រូវគេ​រំពឹងថា​នឹង​រក្សា​ការប្រកួតប្រជែង​របស់ Vivo នៅក្នុង​ប្រទេស​ចិន​និង​ទីផ្សារ​ផ្សេងទៀត ខណៈដែល​បណ្តា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​បណ្តាញ​ទូរគមនាគមន៍​កំពុង​ជំរុញ​ការចាប់ផ្តើម​នៃ​សេវាកម្ម​ទូរស័ព្ទ 5G ល្បឿន​លឿន​បំផុត​របស់​ពួកគេ​។​

​លោក ប្រាយ​អែន ម៉ា អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ឧបករណ៍ប្រើប្រាស់​នៅ​ក្រុមហ៊ុន IDC និយាយថា “​យើង​រំពឹងថា​ស្មា​ត​ហ្វូ​ន 5G តិចជាង ១ លាន​គ្រឿង​នឹងត្រូវ​លក់​នៅក្នុង​ប្រទេស​ចិន​នៅ​ឆ្នាំនេះ ប៉ុន្តែ​ចំនួន​នេះ​នឹង​កើនឡើង​ដល់ ៥៧ លាន​គ្រឿង​នៅ​ឆ្នាំ ២០២០ នៅពេលដែល​ឧបករណ៍​ទាំងនេះ​តំណាងឱ្យ ១៥ ភាគរយ​នៃ​ទីផ្សារ​សរុប​”​។​

​ទូរស័ព្ទ Nex 3 ម៉ូ​ដែល 4G និង 5G ត្រូវបាន​បំពាក់​ជាមួយ​បន្ទះ​ឈី​ប 5G របស់​ក្រុមហ៊ុន​អាម៉េរិក Qualcomm គឺមាន​ឈ្មោះថា Snapdragon 855 Plus​។ ស្មា​ត​ហ្វូ​ន​នេះ​ពុំមាន​រន្ធ​ខាងមុខ​នៅលើ​ផ្ទៃ​អេក្រង់​នោះទេ និង​មាន​អេក្រង់​ទំហំ ៦,៨៩ អ៊ី​ញ កាមេរ៉ា​មុខ​ទំហំ ១៦ មេ​ហ្គា​ភិ​ច​សែ​ល និង មាន​បន្ទះ​មូល​នៅ​ខាងក្រោយ​ផ្ទុក​កាមេរ៉ា​ធំ ៦៤ មេ​ហ្គា​ភិ​ច​សែ​ល កាមេរ៉ា​ថត​ផ្ទៃ​លាត ១៣ មេ​ហ្គា​ភិ​ច​សែ​ល និង​កាមេរ៉ា​ហ្ស៊ូ​ម​ឆ្ងាយ ១៣ មេ​ហ្គា​ភិ​ច​សែ​ល​។​

​តម្លៃ​សម្រាប់ Nex 3 ប្រើ 4G គឺ ៤.៩៩៨ យ័ន (៧០៥ ដុល្លារ​) ខណៈ​ម៉ូ​ដែល​ប្រើ 5G មានតម្លៃ​ចាប់ពី ៥.៦៩៨ យ័ន (៨០៤ ដុល្លារ​)៕ ដោយ៖ កញ្ញាដាលីស

ទូរស័ព្ទ Nex 3 ម៉ូ​ដែល 4G និង 5G ត្រូវ​បានដាក់​បង្ហាញ​ជា​ផ្លូវការ​ក្នុងប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ