ក្រុមហ៊ុន Volkswagen បង្ហាញ​រថយន្ត​អគ្គិសនី​ឥត​ដំបូល​យក​ម៉ូត​តាម​រថយន្ត​សម័យមុន​ដ៏​ល្បី​របស់ខ្លួន​

722
ចែករម្លែក
  • 31
    Shares

​ក្រុមហ៊ុន Volkswagen បាន​លាតត្រដាង​ថា ខ្លួន​នឹង​នាំមក​ជូន​នូវ​ម៉ូត​រថយន្ត​ឥត​ដំបូល​ប្រចាំត្រកូល​របស់ខ្លួន ដោយ​បង្ហាញ​នូវ​រថយន្ត​អគ្គិសនី​សតវត្សរ៍​ទី ២១ នៅ​ពិព័រណ៍​រថយន្ត​ទីក្រុង​ហ្សឺ​ណែវ​នៅ​សប្តាហ៍​នេះ​។​

​រថយន្ត I.D Buggy គឺជា​រថយន្ត​លំដាប់​កំពូល​ក្នុងចំណោម​ប្រភេទ​រថយន្ត​ប្រើ​អាគុយ​របស់​ក្រុមហ៊ុន Volkswagen ហើយ​វា​គ្មាន​ទ្វារ គ្មាន​បង្អួច និង​អាច​ទ្រ​បានត្រឹមតែ​ដំបូល​ក្រណាត់​ធម្មតា​ប៉ុណ្ណោះ​។​

​ក្រុមហ៊ុន​ជឿជាក់ថា​មាន​ទីផ្សារ​សម្រាប់​រថយន្ត​ប្រភេទ​នេះ ជាពិសេស​សម្រាប់​អ្នក​ដែលមាន​អារម្មណ៍​អាឡោះអាល័យ​អនុស្សាវរីយ៍​ចាស់ៗ​ពីមុន​។​

​ពួកគេ​ជឿថា​រថយន្ត​ដែលមាន​ចរិតលក្ខណៈ​ពិសេស​ផ្ទាល់ខ្លួន​របស់​វា នឹង​កាន់​តែមាន​សារៈសំខាន់ នៅពេលដែល​រថយន្ត​អគ្គិសនី​កាន់តែ​រីកដុះដាល​លើ​ទីផ្សារ​។​

​និយាយ​អំពី​រថយន្ត​នេះ ប្រធាន​ផ្នែក​ចេញ​ម៉ូត​របស់​ក្រុមហ៊ុន VW លោក ក្លោ​ស ប៊ី​សូ​ហ្វ និយាយ​លេងសើច​ថា “​ប្រសិនបើ​អ្នកបើកបរ​ទៅ​ក្រៅ ហើយ​មេឃ​ភ្លៀង អ្នកនឹង​ទទឹក​”​។

​យោងតាម CNN លោក​ស្កុ​ត ខូច ប្រធាន​ក្រុមហ៊ុន VW នៅ​សហរដ្ឋអាមេរិក បាន​បន្ថែមថា ផលិតផល​ដិតដាម​ដោយ​អនុ​វស្សា​វ​រី​យ៍​ដូចជា​រថយន្ត I.D Buggy នឹង​កាន់​តែមាន​សារៈសំខាន់​ក្នុងពេល​អនាគត​។

​រថយន្ត I.D Buggy អាច​ស្ទុះ​ពី​០​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើ​ថេរៈវេលា ៧,២ វិនាទី​នៅលើ​ផ្លូវថ្នល់​ទូទៅ ប៉ុន្តែ​ល្បឿន​អតិបរមា​ត្រូវបាន​កម្រិត​ត្រឹម ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។​

​កៅអី​របស់​រថយន្ត​នេះ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ការពារ​ជម្រាប​ទឹក និង​មាន​រន្ធ​ជាច្រើន​ដើម្បី​បង្ហូរទឹក​ចេញ​នៅពេល​បើក​ក្នុងស្ថានភាព​មាន​ភ្លៀង​ធ្លាក់​៕ ដោយ៖ កញ្ញាដាលីស