ក្រុមហ៊ុន Volvo បង្ហាញ​គំរូ​រថយន្ត​ស្វ័យប្រវត្តិ 360C អាច​ប្រែ​ទៅជា​គ្រែ​ដេក​និង​ការិយាល័យ​

1674

​ក្រុមហ៊ុន Volvo មើលឃើញ​អនាគត ដែល​រថយន្ត​របស់​អ្នកនឹង​ក្លាយជា​កន្លែងដេក កន្លែង​ជជែក​គ្នា​លេង និង កន្លែងធ្វើការ​ងារ ខណៈ​កំពុងធ្វើដំណើរ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ស៊ុយ​អ៊ែត​មួយ​នេះ​កាលពី​ថ្ងៃ​ពុធ​ទី​៥​សីហា​បានបង្ហាញ​នូវ​គំរូ​រថយន្ត​អគ្គិសនី​ស្វ័យប្រវត្តិ​ចុងក្រោយ​បំផុត​របស់ខ្លួន​ដែលមាន​ឈ្មោះថា 360C ដែល​មានន័យថា​ធ្វើឱ្យ​ការធ្វើដំណើរ​កាន់តែ​មាន​ភាព​រីករាយ​។​

​ក្រុមហ៊ុន Volvo ដែល​កំពុង​សម្លឹងមើល​កាលបរិច្ឆេទ​ចេញលក់​ក្នុង​ឆ្នាំ ២០២១ មាន​ចក្ខុវិស័យ​ដ៏​មហិច្ឆតា​សម្រាប់​រថយន្ត 360C ដោយ​ជឿថា​វា​នឹងធ្វើ​ឱ្យមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ចំពោះ​ការធ្វើដំណើរ​តាម​អាកាស​រយៈពេល​ខ្លី ការធ្វើដំណើរ​ក្នុង​ទីក្រុង និង​ការពារ​បរិស្ថាន​របស់​យើង​។​

​ក្រៅពី​ការបើកបរ​ក្នុង​ទីក្រុង ក្រុមហ៊ុន Volvo បាន​និយាយថា រថយន្ត 360C នឹង​បង្កើត​តម្រូវការ​ថ្មី​សម្រាប់​អ្នកជិះ​តាក់ស៊ី​ឆ្លង​ទីក្រុង ដោយ​អាចធ្វើ​ដំណើរ​បាន​ចម្ងាយ ៣០០ គីឡូម៉ែត្រ​។​

​ក្រុមហ៊ុន​នេះ​អះអាងថា រថយន្ត​នេះ​នឹងមាន​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ចំនួន ៥ កម្រិត ដោយ​មិនចាំបាច់​ត្រូវការ​មនុស្ស​បើកបរ​នោះទេ​។​

​ក្នុង​វីដេអូ ក្រុមហ៊ុន Volvo បានបង្ហាញ​ផ្ទៃ​ខាងក្នុង​របស់​រថយន្ត 360C អាច​ប្រើ​សម្រាប់​ធ្វើជា​គ្រែ​ដេក តុ​អង្គុយ​ជជែក​គ្នា​លេង និង ការិយាល័យ​សម្រាប់ធ្វើ​កា​រ ខណៈ​រថយន្ត​បើកបរ​ដោយ​ខ្លួន​វា នាំ​ម្ចាស់​វា​ទៅគ្រប់​កន្លែង​ដែល​បានកំណត់​។

​ក្រុមហ៊ុន Volvo មិនបាន​ប្រាប់​អំពី​តម្លៃ ឬ លក្ខណៈពិសេស​របស់រ​ថ​យន្ត​នេះ​ទេ តែ​បង្ហើប​ថា រថយន្ត​នេះ​អាច​នឹង​ដាក់លក់​ក្នុង​ឆ្នាំ ២០២១៕ ដោយ៖ កញ្ញាដាលីស

រថយន្ត​គំរូ 360C អាច​ប្រែ​ទៅជា​គ្រែ​ដេក​បាន