ក្រុមហ៊ុន Xiaomi បង្ហាញ​ស្មា​ត​ហ្វូ​ន​តម្លៃ ៤០០ ដុល្លារ​ជាមួយ​កាមេរ៉ា​ក្រោយ​៤​គ្រាប់​ទំហំ ១០៨ មេ​ហ្គា​ភិ​ច​សែ​ល

281
ចែករម្លែក

​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចិន Xiaomi បានបង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ ដែលមាន​កាមេរ៉ា​ទំហំ ១០៨ មេ​ហ្គា​ភិ​ច​សែ​ល​មិន​ធ្លាប់មាន​ពីមុនមក​។​

​ទូរស័ព្ទ CC9 Pro ត្រូវ​បានដាក់​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​វិច្ឆិកា​និង​មាន​កាមេរ៉ា​កម្រិត​រូបភាព​ច្បាស់​៤​គ្រាប់​សម្រាប់​អ្នកប្រើប្រាស់​គ្រប់​ទីកន្លែង​។​

​កាមេរ៉ា​ក្រោយ​របស់​ទូរស័ព្ទ Xiaomi នេះ​ភ្ជាប់​មកជា​មួយ Sensor សរុប​ចំនួន​៤​គ្រាប់ ដែល​រួមមាន​កញ្ចក់​កា​ម៉េ​រា​សម្រាប់​ហ្ស៊ូ​ម​ចំនួន​ពីរ កាមេរ៉ា​ថត​ផ្ទៃ​លាត​មួយ និង កាមេរ៉ា​ថត​កៀក​មួយ​។ កាមេរ៉ា​ខាងមុខ​មាន​តែមួយ​គ្រាប់​ទេ​ប៉ុន្តែ​មាន​ទំហំ​ដល់​ទៅ ៣២ មេ​ហ្គា​ភិ​ច​សែ​ល​។​

​ដូចដែល​បាន​រាយការណ៍​ដោយ​វេ​ប​សាយ Engadget ក្នុងចំណោម​គុណសម្បត្តិ​នៃ​ការថតរូប​ជាមួយ​ទូរស័ព្ទ​ថ្មី​នេះ​គឺ​សមត្ថភាព​ក្នុងការ​ច្រឹប​រូបភាព​ដោយ​មិន​ធ្វើឱ្យ​ខូចគុណភាព​។​

​ក្រុមហ៊ុន Xiaomi និយាយថា កម្រិត​ភិ​ច​សែ​ល​ខ្ពស់​មានន័យថា អ្នក​អាច​ថតរូប​ភាព ដែលមាន​សមត្ថភាព​អាច​ព្រី​ន​ដាក់​ផ្ទាំង​ប៉ាណូ ដែលមាន​កម្ពស់​រហូត​ដល់​ទៅ ៤,២៤ ម៉ែត្រ​។​

​កាមេរ៉ា​ទំហំ ១០៨ មេ​ហ្គា​ភិ​ច​សែ​ល​របស់​ទូរស័ព្ទ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Samsung និង​មាន​ទំហំ​តូច​ជាង​១​អ៊ី​ញ ដែល​ធ្វើឱ្យ​វា​តូច​ជាង​បន្តិចបន្តួច​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​ទៅនឹង Sensor បច្ចេក​វិ​ជ្ជ​ខ្ពស់​ចុងក្រោយ​ផ្សេងទៀត​នៅលើ​ទីផ្សារ​។​

​ដើម្បី​ជួយ​ថតរូប​ក្នុងស្ថានភាព​ពន្លឺ​តិច ទូរស័ព្ទ​នេះ​ក៏​នឹង​ដើរ​តាម​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្សេងទៀត​ដូចជា Google និង Huawei ដែរ​ដោយ​ប្រើ​សូ​ហ្វ​វែ​ដើម្បី​បញ្ចូល​គ្នា​នូវ​រូបភាព​ជាច្រើន​សន្លឹក ដើម្បី​កាត់បន្ថយ​ស្នាម​អុចៗ​និង​ស្នាម​គ្រើម​ក្នុង​រូបភាព​។​

​ទូរស័ព្ទ​នេះ​ត្រូវបាន​បំពាក់​ដោយ​ថ្ម​ថាមពល ៥២៦០ មិ​ល្លី​អំពែ​ម៉ោង អេក្រង់​ទំហំ ៦,៤៧ អ៊ី​ញ​ប្រភេទ AMOLED និង​ប្រើ​ប្រព័ន្ធ​ដំណើរការ Snapdragon 730G របស់​ក្រុមហ៊ុន Qualcomm​។​

​ទូរស័ព្ទ​នេះ​ក៏​នឹងមាន​រន្ធ​ដោត​កាស​ទំហំ ៣,៤ មី​ល្លី​ម៉ែត្រ​និង​ដំណើរការ​លើ​បន្ទះ​ឈី​ប MIUI 11 របស់​ក្រុមហ៊ុន Xiaomi ដែល​បំពាក់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9​។​

​ទូរស័ព្ទ CC9 របស់ Xiaomi នឹងដាក់​លក់​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​ទី​៦​វិច្ឆិកា​នេះ ប៉ុន្តែ​គេ​មិនដឹងថា​នឹង​លក់​លើ​ទីផ្សារ​បរទេស​ឬ​យ៉ាងណា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស