ក្រុមអាជីវករ​នៅ​ផ្សារ​ពិភពថ្មី​ផ្ទុះ​ការតវ៉ា​ជាថ្មី​បន្ទាប់ពី​គ្មាន​ដំណោះស្រាយ​

113

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ទី​៣០ ខែ​ឆ្នូ នេះ ក្រុមអាជីវករ​នៅ​ផ្សារ​ពិភពថ្មី ស្ថិត​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ប្រមាណ​ជាង​៥០​នាក់ បាន​ផ្ទុះ​ការតវ៉ា​សាជាថ្មី បន្ទាប់ពី​គ្មាន​ដំណោះស្រាយ​។

​ក្រុមអាជីវករ​បាន​សំណូមពរ​ទៅដល់​លោក​ឧកញ៉ា ហុង ពី​វ ដែលជា​ម្ចាស់​ក្រុមហ៊ុន ពិភពថ្មី ៣​ចំណុច រួមមាន ៖

១- សុំ​បង់ប្រាក់ ៣០% ក្នុង​១​ខែ ដូច​ឆ្នាំ​ចាស់ ។​
២- សុំ​ធ្វើ​កុងត្រា​ឱ្យបាន ៥​ឆ្នាំ ម្ដង ។​
៣- សុំ​រក្សា​ប្រាក់​កក់​ចាស់​នៅ​ដដែល និង​មាន​សុពលភាព​រហូត ។​

​នៅ​កន្លែង​តវ៉ា គេ​ឃើញ​មន្ត្រី​អាជ្ញាធរ បាន​ចុះទៅពិនិត្យ និង​រៀបចំ​សណ្ដាប់ធ្នាប់ ប៉ុន្តែ​មិនអាច​សម្រេច​យ៉ាងណា​បានទេ​ដោយ​រង់ចាំ​​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ពិភពថ្មី​។ ចំណែក​ក្រុមហ៊ុន​ពិភពថ្មី ក៏​មិនទាន់បាន​ប្រាប់​ពី​លទ្ធផល​យ៉ាងណា​នៅឡើយ​ដែរ​ដោយ​​រង់ចាំ​ការសម្រេច​ពី​ថ្នាក់លើ​សិន ។

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៧ បងប្អូន​អាជីវករ​ប្រមាណ​២០៤​នាក់ ដែលមាន​តូប​លក់ដូរ​នៅក្នុង​ផ្សារ​ពិភពថ្មី កំបូល នេះ​ផ្ទុះ​ការតវ៉ា​ទាមទារ ឲ្យ​ថៅកែ​ផ្សារ បញ្ចុះតម្លៃ​ជួល​តូប ។​

​តាម​បងប្អូន​អាជីវករ​បាន​ឲ្យ​ដឹងថា តូប​លក់ដូរ​ក្នុង​ផ្សារ​ខាងលើ​សរុប​ចំនួន​២០៤​តូប ហើយ​មាន​បងប្អូន​មួយចំនួន​គាត់​ទិញ​ផ្តាច់ ក្នុងតម្លៃ​ចន្លោះ​ពី​៧០០០​ដុល្លា ទៅ​១៣.០០០​ដុល្លា ហើយ​ក៏មាន​បងប្អូន​ជា​ជីវ​ករ​មួយចំនួនទៀត ជួល​តូប​សម្រាប់​លក់ដូរ​ពី​ក្រុមហ៊ុន ចន្លោះ​ពី​៣៣​ដុល្លា​ទៅ​១៣០​ដុល្លា​ក្នុង​មួយខែ ។ តែ​ទោះជា​យ៉ាងណាក្តី​តូប​ទាំងអស់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ថៅកែ​ដដែល​តម្រូវ​បង់លុយ​ប្រចាំ​ឆ្នាំទៅ​ឲ្យ​ក្រុមហ៊ុន ។ អាជីវករ​បាន​ឲ្យ​ដឹងថា​ដំណាក់កាល​បើក​ដំណើរការ​ថ្មី​នៃ​ផ្សារ​ពិភពថ្មី​ជា​ជំហាន​ដំបូង​ក្នុង​រយៈពេល​៦​ខែ ក្រុមហ៊ុន​មិន​ឲ្យ​បង់លុយ​ឡើយ អាច​ហៅ​បាន​ថា​ជំហាន​ទាក់​ម៉ូយ​សាកល្បង ហើយក៏​ត្រូវ​បានបញ្ចប់​រួចរាល់​ហើយ​ដែរ ចូលដល់​ដំណាក់កាល​ទី​២ ក្នុង​កុងត្រា​ចាស់ ក្រុមហ៊ុន​តម្រូវ​ឲ្យ​បង់លុយ​៦០​ភាគរយ ជា​តម្លៃ​មួយ​ធ្វើ​ឲ្យ​អាជីវករ ពុំមាន​លទ្ធភាព​បង់ ក្នុង​ហេតុ​មួយ លក់​អត់​ដាច់ គ្មាន​ពលរដ្ឋ កម្មករ​កម្ម​ការ​នី អតិថិជន​ចូល​ទិញ ឥ​វ៉ាន់ របស់របរ ក្នុង​ផ្សារ​ឡើយ អ្នក​លក់បាន​ត្រឹម​តាំង​របស់របរ មើលមុខ​គ្នា​ឡេង​ឡង់ៗ ទើប បងប្អូន​អាជីវករ​ចំនួន​២០៤​នាក់ សម្រេច​បិទទ្វារ​តូប​ផ្អាក​លក់ដូរ ប្រមូលផ្តុំ​គ្នា​ឈរ​មុខ​ផ្សារ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ ម្ចាស់​ក្រុមហ៊ុន​បញ្ចុះតម្លៃ​ឲ្យ​ពួកគាត់​សិន រង់ចាំ មាន​អតិថិជន​ចេញចូល ទិញ​ទំនិញ​ពេញ​ផ្សារ ចាំ​គិត​តម្លៃ​ពេញ​ទៅ​ចុះ ។​

​ក្នុង​ការតវ៉ា​កាលពី​ថ្ងៃ​២៧​ធ្នូ ពួក​អាជីវករ​បាន​ទទូច​ស្នើសុំ​ដល់​ម្ចាស់​ក្រុមហ៊ុន ក្នុង​លក្ខខណ្ឌ​ចំនួន​៣​ចំណុច​ទី​១ ស្នើសុំ​បង់​ត្រឹម​៤០​ភាគរយ ក្នុង​អាណត្តិ​ចាស់​(៦​ខែ​) ។ ទី​២ ស្នើសុំ​បង់​៥០​ភាគរយ ក្នុង​រយៈពេល​៤​ឆ្នាំ​បន្ត​ទៅមុខ ។ ទី​៣ ប្រាក់​កក់​ដំបូង មាន​សុពលភាព​រហូត ។​

​ដោយសារ​គ្មាន​ដំណោះស្រាយ ទើប​នៅថ្ងៃនេះ​បងប្អូន​អាជីវករ ធ្វើការ​ទាមទារ​សាជាថ្មី ចាំមើល​ថា​តើ​លោក ឧកញ៉ា ដែឡ​ធ្លាប់តែ​ល្បី​ថា​​ចិត្តធម៌​នោះ​ព្រម​តាម​សំណូមពរ​របស់​អាជីវ​ករ​ដរ​ឬ​អត់​៕​ដោយ​៖​វាសនា​