ក្រុមអ្នកតវ៉ា​ស៊ូដង់​និង​ក្រុម​មេដឹកនាំ​យោធា ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចែក​អំណាច​

427
ចែករម្លែក

​ក្រុមអ្នកតវ៉ា​និង​ក្រុម​ឧត្តមសេនីយ៍ស៊ូ​ដង់ដែ​ល​កំពុងកាន់​អំណាច​នេះ បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ពុធ​ទី​១៧​ខែកក្កដា​លើ​កិច្ចព្រមព្រៀង​ចែក​អំណាច​គ្នា​ដើម្បី​បើកផ្លូវ​សម្រាប់​​រដ្ឋបាល​ស៊ីវិល​មួយ​ដែល​ជា​ការទាមទារ​ដ៏​ខ្លាំង​ដោយ​ក្រុមបាតុករ​ចាប់តាំងពី​ប្រធានាធិបតី លោក អូ​ម៉ា អាល់​បា​សៀ​រ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នៅ​កាលពី​ខែ​មេសា​។​

​សារព័ត៌មាន​AFP បាន​រាយការណ៍​ថា ភាគី​ទាំង​២​បាន​ចាប់ផ្តើម​ធ្វើ​សំណើ​ជាមួយនឹង​ឯកសារ​ដែល​ហៅថា “​សេចក្តីថ្លែងការណ៍​នយោបាយ ” បន្ទាប់ពី​មាន​កិច្ចចរចា​ពេញ​មួយ​​យប់​អំពី​សេចក្តីលម្អិត​នៃ​កិច្ចព្រមព្រៀង​នេះ​។​

​លោក មហា​ម៉េដ ហាម​ដាន់ ដា​ហ្គា​ឡូ ប្រមុខ​រង​នៃ​ក្រុមប្រឹក្សា​យោធា​ដែល​កំពុង​កាត់​អំណាច​នេះ បាន​ប្រាប់​សារព័ត៌មាន​AFP ថា ” កិច្ចព្រមព្រៀង​នេះ​គឺជា​ឱកាស​ប្រវត្តិសាស្ត្រ​​សម្រាប់​ស៊ូដង់​” ។​

​លោក អី​ល​ប្រា​ហ៊ីម អាល់ អា​មីន មេដឹកនាំ​ក្រុមអ្នកតវ៉ា​ដ៏​សំខាន់ បាន​និយាយថា​” នៅពេលនេះ យើង​បាន​សំរេច​បាន​សេចក្តីថ្លែងការណ៍​នយោបាយ​”​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន​AFP ថា ” សម្រាប់​ឯកសារ​រដ្ឋធម្មនុញ្ញ យើង​នឹង​បន្ត​ការចរចា​នៅ​ថ្ងៃ​សុក្រ​”​។​

​កិច្ចព្រមព្រៀង​ចែក​អំណាច ដែល​ត្រូវបាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃទី​៥​ខែកក្កដា​នេះ ត្រូវបាន​សម្របសម្រួល​ដោយ​សហភាព​អាហ្វ្រិក​និង​ក្រុម​អ្នកសម្របសម្រួល​អេត្យូ​ពី​​បន្ទាប់ពី​មាន​ការចរចា​គ្នា​រវាង​ក្រុម​តវ៉ា​និង​ក្រុម​ឧត្តមសេនីយ៍កាន់​អំណា​ច​។​

​កិច្ច​ព្រមព្រៀង​ជា​ទូទៅ​នេះ​បានចែង​ថា​ស្ថាប័ន​គ្រប់គ្រង​ដោយ​ស៊ីវិល​និង​យោធា​ក្នុង​អន្តរកាល​ថ្មី នឹង​ត្រូវបាន​បង្កើតឡើង​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​របស់​ប្រទេស​ស៊ូដង់​​អស់​ពេល​ច្រើន​ខែ​មកនេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រមុខ​រង​នៃ​ក្រុមប្រឹក្សា​យោធា​ស៊ូដង់​(​រូប​ស្តាំ​)​និង​មេដឹកនាំ​ការតវ៉ា​(​រូប​ឆ្វេង​)​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៅ​ចំពោះ​មុខ​ក្រុម​សម្របសម្រួល​សហភាព​អាហ្វ្រិក​​និង​អេត្យូ​ពី​នៅ​ទីក្រុង​កា​ទួម ប្រទេស​ស៊ូដង់ នៅ​ថ្ងៃ​ពុធ​ទី​១៧​ខែកក្កដា​