ក្រុម​កីឡាករ Leicester ទៅ​គោរព​វិញ្ញាណក្ខន្ធ​ម្ចាស់​ក្លិប​នៅ​ទីក្រុង​បាងកក​

1091
ចែករម្លែក

​ក្រុម​តារាបាល់ទាត់​របស់ Leicester បាននាំគ្នា​មក​សម្តែង​ការគោរព​ដល់​ម្ចាស់​ក្លិប​ជនជាតិ​ថៃ​ដ៏​មាន​ប្រជាប្រិយភាព​នៅឯ​ពិធី​បុណ្យសព​តាមបែប​ព្រះពុទ្ធសាសនា​នៅ​ទីក្រុង​បាងកក បន្ទាប់ពី​គាត់​បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្បែរ​កីឡាដ្ឋាន King Power កាលពី​សប្តាហ៍​មុន​។​

​ខ្សែប្រយុទ្ធ ជែ​មមី វ៉ា​ឌី និង​ខ្សែការពារ​កណ្តាល ហារី ម៉ាក​ក្វា​យ​អឺ គឺ​ស្ថិត​ក្នុងចំណោម​កីឡាករ​ដែល​លុតជង្គង់​នៅ​ពីមុខ​ទី​សក្ការបូជា​មួយ ដែល​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់លោក​វី​ចៃ ស្រី​វ៉ា​តា​ណា​ប្រា​ផា ដើម្បី​ដាក់​បាច់ផ្កា​នៅ​ថ្ងៃទី​២​នៃ​ពិធី​បុណ្យសព​៧​ថ្ងៃ​របស់គាត់​។​

​អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប Leicester លោក ក្លោដ ផូ​អែល និង​អ្នកចាំទី កា​ស្ពើ ស្មិ​ច​សែ​ល ក៏បាន​ឱនក្បាល​គោរព​ផងដែរ ខណៈដែល​ពួកគេ​ស្តាប់​លោក​សូត្រមន្ត​នៅ​វត្ត​ព្រះពុទ្ធសាសនា​មួយ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃអាទិត្យ​ទី​៤​វិច្ឆិកា​។​

​អ្នកជំនួញ​ជនជាតិ​ថៃ​ដ៏​មាន​ប្រជាប្រិយភាព​អាយុ ៦០ ឆ្នាំ​រូបនេះ​គឺ​ត្រូវ​ដក់​ជាប់​ជា​អមតៈ​នៅក្នុង​បេះដូង​របស់ Leicester ដោយ​ជួយ​ឱ្យ​ក្រុម​នេះ​ឈ្នះ​ពាន Premier League ដ៏​មិន​គួរឱ្យ​ជឿ​កាលពី​ឆ្នាំ ២០១៦​។​

​ក្រុម​របស់លោក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ភ្លាម បន្ទាប់ពី​ទទួល​ជ័យជម្នះ​លើ​ក្រុម Cardiff កាលពី​ថ្ងៃ​សៅរ៍ នៅក្នុង​ការប្រកួត​ដំបូង​របស់​ពួកគេ ចាប់តាំងពី​គ្រោះមហន្តរាយ​ធ្លាក់​ឧទ្ធម្ភាគចក្រ ដែល​សម្លាប់​លោក​វី​ចៃ និង មនុស្ស ៤ នាក់​ផ្សេងទៀត​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​កីឡាករ Leicester មកដល់​បាងកក​តាំងពី​ថ្ងៃ​សៅរ៍ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​លោក​វី​ចៃ
#