ក្រុម​ចម្រៀង​កំពុង​ល្បី​លើ​ពិភពលោក BTS ជំរុញ​ឱ្យ​យុវជន “​និយាយ​អំពី​ខ្លួនឯង​” ក្នុង​សុន្ទរកថា​ទៅកាន់​អង្គការសហប្រជាជាតិ​

1918
ចែករម្លែក

​ក្រុម BTS របស់ K-Pop បាន​នាំយក​អំណាច​ជា​តារា​របស់​ពួកគេ​ទៅកាន់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ទី ២៤ កញ្ញា ដោយ​ប្រាប់​យុវជន​នៅលើ​ពិភពលោក​ឱ្យស្តាប់​សំឡេង​ខាងក្នុង​របស់​ពួកគេ និង​តតាំង​ជាមួយនឹង​សម្ពាធ​ក្នុងការ​ស្តាប់​តាម​សំឡេង​របស់​អ្នកដទៃ​។​

​មេក្រុម​ចម្រៀង BTS គីម ណាំ​ជុន បាន​ប្រាប់​ទៅកាន់​មនុស្ស​នៅក្នុង​សាលប្រជុំ​នៅឯ​ពិធី​បើក​យុទ្ធនាការ​យុវជន​របស់​អង្គការ​យូ​នី​សេ​ហ្វ (UNICEF) ថា “​មិន​ថា​អ្នកជា​នរណា មកពីណា​ទេ ពណ៌​សម្បុរ​បែបណា អត្តសញ្ញាណ​យេនឌ័​បែបណា​នោះទេ អ្នក​ត្រូវតែ​និយាយ​អំពី​ខ្លួនឯង​”​។​

​ដោយមាន​ឈ្មោះថា “​ជំនាន់​គ្មាន​ដែន​កំណត់​” យុទ្ធនាការ​លើកកម្ពស់​ការអប់រំ ការបណ្ដុះបណ្ដាល និង​ការងារ​នេះ បានចាប់ផ្តើម​អំឡុង​ការជួប​ជុំគ្នា​របស់​មេដឹកនាំ​ពិភពលោក​ប្រចាំឆ្នាំ​នៅ​អង្គការសហប្រជាជាតិ​។​

​ដោយ​ស្លៀកពាក់​ឈុត​ធំ​បែប​អ្នកជំនួញ ក្រុម​ចម្រៀង​មាន​គ្នា​៧​នាក់​នេះ​បាន​ចូលរួម​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស ប្រធាន​ធនាគារពិភពលោក​លោក ជី​ម ចុង​គីម និង​ប្រធានាធិបតី​រ៉​វ៉ាន់ដា លោក ផូ​ល កា​ហ្គា​មេ សម្រាប់​ព្រឹត្តិការណ៍ ដែល​គ្មាន​អ្នកគាំទ្រ​ស្រែក​ហ៊ោ​នេះ​។​

​គីម ណាំ​ជុន ដែល​ហៅ​ខ្លួនឯង​ថា RM បាន​និយាយថា គាត់​ធំ​ដឹងក្តី​នៅ​អ៊ី​ល​សាន ប្រទេស​កូរ៉េខាងត្បូង ដោយ​ធ្លាប់​ស្រមៃ​ថា​គាត់​គឺជា​កំពូល​វីរបុរស​សង្គ្រោះ​ពិភពលោក និង​ជា “​ក្មេងប្រុស​តូច​ធម្មតា​ម្នាក់​” រហូតដល់​ការសង្ស័យ​ខ្លួនឯងបាន​បញ្ចប់​នៅ​អាយុ ៩ ឬ ១០ ឆ្នាំ​។​

​គីម ណាំ​ជុន បាន​និយាយថា “​ខ្ញុំ​គិតថា​រាល់​ពេលដែល​ខ្ញុំ​ចាប់ផ្តើម​ព្រួយបារម្ភ​អំពី​អ្វីដែល​អ្នកដទៃ​គិត​អំពីខ្ញុំ ខ្ញុំ​ចាប់ផ្តើម​មើលខ្លួន​ឯង​តាមរយៈ​ក្រសែភ្នែក​របស់​ពួកគេ​។ ខ្ញុំ​បាន​ព្យាយាម​ញាត់​ខ្លួនឯង​ចូលទៅក្នុង​ផើងផ្កា​ដែល​អ្នកដទៃ​បង្កើតឡើង​”​។​

​មេក្រុម​នៃ​ក្រុម​ចម្រៀង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅលើ​ពិភពលោក​រូបនេះ​បាន​និយាយថា មានពេលខ្លះ​គាត់​ចង់​លះបង់​អាជីព​តន្ត្រី ប៉ុន្តែ​គាត់​បាន​យកឈ្នះ​លើ​ភាពភ័យខ្លាច​របស់គាត់​ដោយ​ស្តាប់​តាម “​សំឡេង​តូច​មួយ ដែល​និយាយថា ភ្ញាក់ឡើង​សម្លាញ់ ចូរ​ស្តាប់​ខ្លួនឯង​”​។

​ណាំ​ជុន​និយាយថា “​ខ្ញុំ​មាន​កំហុស​ច្រើន​ហើយ​ខ្ញុំ​មានការ​ភ័យខ្លាច​ជាច្រើន​ទៀត ប៉ុន្តែ​ខ្ញុំ​នឹង​ឱបក្រសោប​ខ្លួនឯង​តាម​ដែល​ខ្ញុំ​អាចធ្វើ​បាន ហើយ​ខ្ញុំ​នឹង​ចាប់ផ្តើម​ស្រឡាញ់​ខ្លួនឯង​”៕ ដោយ៖ កញ្ញាដាលីស

មេក្រុម​ចម្រៀង BTS គីម ណាំ​ជុន បាន​ប្រាប់​ទៅកាន់​មនុស្ស​នៅក្នុង​សាលប្រជុំ​នៅឯ​ពិធី​បើក​យុទ្ធនាការ​យុវជន​របស់​អង្គការ​យូ​នី​សេ​ហ្វ​កាលពី​ថ្ងៃ​ចន្ទ