ក្រុម​ឈ្មួញ​ទម្លាក់​ឈើ​ចោល​បន្ទាប់ពី​បើក​បុក​រថយន្ត​មេព្រៃ

418
ចែករម្លែក

ដោយ​:​សុខុម/ស្ទឹងត្រែង ៖ ​ក្រុម​ឈ្មួញ​រក​ស៊ីដឹកឈើ​ទម្លាក់​ឈើ​ចោល​ពីលើ​រថយន្ត​យ៉ាង​តក់ក្រហល់ ​បន្ទាប់ពី​បាន​បង្ក​បុក​រថយន្ត​មន្ត្រីរដ្ឋបាល​ព្រៃឈើឲ្យ​រង​ការខូចខាត​នៅក្បែរ​គល់ស្ពាន​សេកុង​ក្រុង​ស្ទឹងត្រែង​ កាលពី​ថ្ងៃទី​១៣​ ខែមករា​ ឆ្នាំ​២០១៩​។​

ប្រភព​ព័​ត៌​មានបានឲ្យដឹងថា ​កាលពី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៣ ​ខែមករា ​មាន​រថយន្ត​ដឹកឈើ​តាម​រថយន្ត​សាំង​យ៉ុង​ប្រមាណ​ជា​៦​គ្រឿង ​ប្រុង​ដឹក​ចេញពី​ស្រុក​សៀម​ប៉ាង ​ខេត្តស្ទឹងត្រែង ​ឆ្ពោះទៅកាន់​ខេត្តក្រចេះ​ដោយ​ឆ្លងកាត់​ប៉ុស្តិ៍​សមត្ថកិច្ច​ជាច្រើន​កន្លែង​។​ ទំនងជា​ចរចា​តម្លៃ​មិនត្រូវ​គ្នា​ឬក៏​ហេតុផល​ណាមួយ​ ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាំ​ស្ទាក់ចាប់​រថយន្ត​ដឹកឈើ​នោះ​។

​នៅវេលា​ទៀបភ្លឺ​ក្រុម​រថយន្ត​ដឹកឈើ​ក៏​ចាប់ផ្តើម​ដំណើរការ​តាម​ដងផ្លូវ ​តែ​ត្រូវ​សមត្ថកិច្ច​ជំនាញ​រង់ចាំ​ចាប់​។ ​ពេល​រថយន្ត​ដឹកឈើ​មកដល់​ស្ពាន​សេកុង​ភ្លាម ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្ទាក់ចាប់​តែ​ត្រូវ​ឈ្មួញ​ឈើ​បើ​កបំ​បុក​រថយន្ត​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ពីក្រោយ​បណ្តាលឲ្យខូច​កំពិត​គូថ​រថយន្ត​បា​ឡែ​ន​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយគ្រឿង​។​ចំណែក​រថយន្ត​ឈ្មួញ​ឈើ​ក្រោយពី​បង្កហេតុ​ភ្លាម ​ក៏​បើករថយន្ត​រត់គេច​បា​ត់​អស់​។​ហើយ​រថយន្ត​ដឹកឈើ​ផ្សេងៗ​ទៀត​ បាន​ត្រឡប់ក្រោយ​ចូលទៅ​ទម្លាក់​ឈើ​នៅ​ស្រុក​សៀម​ប៉ាង​។​

រឿង​ឈ្មួញ​រក​ឈើ​នេះដែរ​សមត្ថ​មិន​ពិបាក​រកមុខ​ទេ ពី​ព្រោះថា​ គឺជា​ក្រុម​មុខ​ដដែលៗ​ហើយ​ធ្លាប់​ចិញ្ចឹម​ឆ្នាំង​ទៀតផង​។​ មិនទាន់បាន​មួយថ្ងៃ​ផង​រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រដោះ​ពូក​កៅអី​ក្រុម​ដឹកឈើ​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ពីរ​នាក់​លើ​ស្ពាន​សេកុង​កាលពី​ម៉ោងជាង​៨​យប់​ថ្ងៃទី​១៣ ​ខែមករា​។​

ស្រុក​សៀ​ប៉ាង​គឺជា​ប្រភព​ឈើ​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង​ទៅកាន់​ច្រក​ខេត្ត​រត​នគិ​រី​ និង​ក្រចេះ​រួច​បន្តទៅ​ប្រទេស​វៀតណាម​។​ ឈ្មួញ​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ទូ​ បាន​បោះ​លុយរាប់​ម៉ឺន​ដុល្លារ​និង​ទិញ​ឈើ​រាប់រយ​តោន​ស្តុក​ទុក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ស្រុក​សៀម​ប៉ាង​។​

អ្នក​រត់ការ​ផ្លូវ​គឺជា​ជនជាតិខ្មែរ​ឈ្មោះ​ឈី ​និង​មាន​ម្នាក់​ជា​អ្នករាជការ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហារ​ផ្ទៃ​ទៀតផង​។ ​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះដែរ ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​បង្កើត​គ​ណៈកម្ម​ការ​ចម្រុះ​មួយ ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ខេត្ត​ ប៉ុន្តែ​ក្រុមការងារ​នោះ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធិភាព​ទាល់​សោះ​៕B/