ក្រុម​ទណ្ឌិត​ហែក​គុក​នៅ​មី​យ៉ាន់​ម៉ា​ទំនង​រត់​ចូល​ទឹកដី​ថៃ​

583
ចែករម្លែក
  • 10
    Shares

មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​កញ្ញា​ថា អ្នកទោស​ជាង ៣០ នាក់​ដែល​កំពុង​រត់គេចខ្លួន​បន្ទាប់ពី​ហែក​គុក​នៅ​មី​យ៉ាន់​ម៉ា អាច​ព្យាយាម​រត់​ឆ្លង​ចូល​ទឹកដី​ថៃ មួយថ្ងៃ​បន្ទាប់ពី​ពួកគេ​បាន​ប្លន់​រថយន្ត​ដឹក​សំរាម ហើយ​បើក​ទម្លាយ​ច្រកទ្វារ​គុក​។​

​ពួក​ទណ្ឌិត​នេះ​បាន​រត់គេចខ្លួន​ពី​ពន្ធនាគារ​ផា​អាន​នៅ​រដ្ឋកា​រ៉ែ​នភា​គ​ខាងកើត​នៃ​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ថៃ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា មនុស្ស ១០ នាក់​ក្នុងចំណោម​អ្នករត់​គេចខ្លួន ៤១ នាក់​ត្រូវបាន​ចាប់ខ្លួន​មកវិញ​បាន ខណៈដែល​ប៉ូលិស​កំពុង​ឆែកឆេរ​តាម​ភូមិ​ក្បែរៗ​នោះ​ដើម្បី​ស្វែងរក​ទណ្ឌិត​ដទៃទៀត​។​

​មន្ត្រី​ក្នុង​តំបន់​លោកស្រី ឃី​ន ថេត​ម៉ា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ករណី​ហែក​គុក​នេះ​បាន​បណ្តាលឱ្យ​អ្នកភូមិ​នៅ​ជិត​ពន្ធនាគារ​មានការ​ភ័យខ្លាច​។​

​លោកស្រី​និយាយថា “​អ្នកទោស​រត់គេចខ្លួន​មិនមាន​អ្វី​បរិភោគ​ឬ​លុយ​សម្រាប់​ចាយ​ទេ ដូច្នេះ​ប្រជាជន​គិតថា​ពួក​នោះ​អាច​នឹង​គំរាមកំហែង​ពួកគាត់​ដើម្បី​ទទួលបាន​អ្វីដែល​ពួកគេ​ត្រូវការ​។ ពួកគេ​ប្រហែលជា​រត់គេចខ្លួន​ទៅ​ប្រទេស​ថៃ​ប៉ុន្តែ​អាជ្ញាធរ​នៅទីនេះ​កំពុង​ព្យាយាម​ចាប់យក​ពួកគេ​មកវិញ​ដោយ​រាំងខ្ទប់​ផ្លូវ​រត់គេចខ្លួន​នានា​”​។​

​ពួក​អ្នកទោស​បាន​រត់គេចខ្លួន​ក្រោយពី​ចាប់ទាញ​អ្នកបើកបរ​ចុះ​ពី​ឡាន​ដឹក​សំរាម​ហើយ​បន្ទាប់មក​បាន​បើ​កបំ​បុក​ច្រកទ្វារ​គុក ដោយ​បណ្តាលឱ្យ​ពួកគេ​ជាច្រើន​មានឱកាស​រត់គេចខ្លួន​។​

​កាសែត The New Light of Myanmar បាន​និយាយថា រថយន្ត​ដែល​បើក​សម្រាប់​រត់គេច​ខ្លួន​បាន​ត្រូវ​រកឃើញ​កាលពី​ថ្ងៃអាទិត្យ​នៅជាប់​គាំង​ក្នុង​ភក់ នៅ​ចម្ងាយ​ប្រហែល ២០០ គីឡូម៉ែត្រ​ពី​ពន្ធនាគារ នៅតាម​ផ្លូវ​ឆ្ពោះទៅកាន់​ព្រំដែន​ថៃ​។​

​របាយការណ៍​របស់​កា​សែត​នេះ​បាន​និយាយថា​មេខ្លោង​របស់​ពួកវា​កំពុង​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដោយ​គ្មាន​ការដោះលែង “​ពីបទ​ជួញដូរ​គ្រឿងញៀន កាន់កាប់​អាវុធ​ខុសច្បាប់ និង​ប៉ុនប៉ង​ធ្វើឃាត​”​។​

​សរុបមក អ្នកទោស​ចំនួន ២៩ នាក់​ក្នុងចំណោម​អ្នកទោស ៤១ នាក់​ត្រូវបាន​ផ្តន្ទាទោស ហើយ ១២ នាក់​ទៀត​កំពុង​ប្រឈម​នឹង​ការកាត់ទោស​៕ ដោយ៖ កញ្ញាដាលីស

ពន្ធនាគារ​ផា​អាន នៅ​រដ្ឋកា​រ៉ែ​ន​ភាគ​ខាងកើត​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ជាប់​ព្រំដែន​ជាមួយ​ថៃ