ក្រុម​ទេសចរណ៍ Caravan Tour ពេញចិត្ត​ចំពោះ​បដិសណ្ឋារកិច្ច​របស់​ក​ម្ពុ​ជា ក្នុងពេល​ទស្សនា​និង​ស្នាក់នៅ​កម្ពុជា​៩​ថ្ងៃ​

159
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/ភ្នំពេញ ​៖ ប្រតិភូ​ទេសចរណ៍​នៃ​ក្បួន​រថយន្ត Caravan Tour 2019 ដែលមាន​ទាំង​ភ្ញៀវទេសចរ​មកពី​ចិន ឡាវ រួមទាំង​កម្ពុជា​ផង​នោះ បានបង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​របស់​កម្ពុជា នាពេល​ស្នាក់នៅ និង​ទស្សនា​កម្សាន្ត​នានា​នៅ​កម្ពុជា អស់​រយៈពេល​៩​ថ្ងៃ​កន្លងមកនេះ​។​

​ក្បួន​រថយន្ត Caravan Tour នេះ​បានធ្វើ​ដំណើរ​ចេញពី​កម្ពុជា​វិញ​តាម​ច្រកព្រំដែន​អន្ដរជាតិ​ត្រពាំង​គ្រៀល ខេត្តស្ទឹងត្រែង ចូលទៅ​ប្រទេស​ឡាវ នា​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ ដើម្បី​វិលត្រឡប់​ទៅ​ចិន​វិញ​។​

​ពេល​ស្នាក់នៅ និង​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា ពួកគេ​បានទទួល​ស្វាគមន៍​ពី​សំណាក់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន តំណាង​រដ្ឋបាល​រាជធានី​-​ខេត្ត ដូច​ទៅនឹង​យុទ្ធនាការ «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាពកក់ក្ដៅ​»​។​

​ក្បួន​រថយន្ដ​ខាងលើ​បានធ្វើ​ដំណើរ​ចេញ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន ប្រទេស​ចិន ឆ្លងកាត់​ប្រទេស​ឡាវ​ចូលមក​ប្រទេស​កម្ពុជា ដូច​ទៅនឹង​ទឹក​ហូរ​ពី​ទន្លេ​ឡាន​ឆាង​ចូល​ទន្លេមេគង្គ ដែលជា​ការផ្សព្វផ្សាយ​ផ្លាស់ប្ដូរ​ទេសចរណ៍ និង​វប្បធម៌​ក្នុង​ក្របខណ្ឌ​ទន្លេ​ឡាន​ឆាង​-​ទន្លេមេគង្គ ដើម្បី​អបអរសាទរ​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩​។ ពួកគេ​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍វប្បធម៌​រប​ស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន និង​សកលលោក​ផងដែរ​។​

​គួររំលឹកថា ពិធី​បើក​ជា​ផ្លូវការ​នៃ​ពី​ធី​បើក​ចេញដំណើរ​ក្បួន​រថយន្ត Caravan Tour 2019 ត្រូវបាន​ធ្វើឡើង​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន អភិបាលខេត្ត​គុន​មិញ លោក YU ChengFa និង​លោក​ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កម្ពុជា និង​ជា​តំណាង​រដ្ឋមន្ត្រី ថោង ខុន នៅ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន​។​

​ចំណែកឯ​ពិធី​បិទ​ជា​ផ្លូវការ​នៃ​ក្បួន​រថយន្ដ Caravan Tour 2019 នេះ គឺធ្វើឡើង​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​ហោ សារុន នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្តសៀមរាប និង​មានការ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ដូចជា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ (CATA) សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) ក្រុមហ៊ុន​ទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​៕B/