ក្រុម​បេសកជន​នៃ​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ជួប​ជាមួយ អ៊ុង សាន ស៊ូ​ជី អំពី​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​

1012
ចែករម្លែក

​លោក ស្រី អ៊ុង សាន​ស៊ូ​ជី មេដឹកនាំ​មី​យ៉ាន់​ម៉ា បាន​ទទួល​គណៈប្រតិភូ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​មេសា​នៅក្នុង​ដំណើរ​ទស្សន​​កិច្ចការ​ទូត​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ការចាប់ផ្តើម​មាន​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា ដែល​នឹង​រួមបញ្ចូល​ទាំង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​នៅ​រដ្ឋ​រ៉ា​ឃី​ន​ដែល​មាន​អំពើហិង្សា​នេះ ។​

​លោកស្រី អ៊ុង សាន ស៊ូ​ជី ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​នៅ​ក្រៅប្រទេស ដោយសារតែ​ការបរាជ័យ​របស់ លោកស្រី​ក្នុងការ​ថ្លែង​ការពារ​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មូស្លីម ឬ​ថ្កោលទោស​ជា​សាធារណៈ​ចំពោះ​កងទ័ព​ដែល​បាន​រុញច្រាន​ពួកគេ ចេញពី​ប្រទេស​នេះ ។​

​កាលពី​ថ្ងៃ​ចន្ទ លោកស្រី អ៊ុង សាន​ស៊ូ​ជី​បាន​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​គណៈប្រតិភូ​អង្គការសហប្រជាជាតិ​ចំនួន​១៥​នាក់ ស្របពេល​ដែល​អង្គការ​សហប្រជាជាតិ​ព្យា​​យាម​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​អនុញ្ញាត​ឱ្យ​ជនភៀសខ្លួន​ត្រឡប់មកវិញ ដោយ​សុវត្ថិភាព​។ នេះ​បើ​យោង​តាម​ក្រសួង​ព័ត៌មាន​មី​យ៉ាន់​​ម៉ា​។​

​ប្រតិភូ​អង្គការសហប្រជាជាតិ​នឹង​ធ្វើដំណើរ​ដោយ​ឧទ្ធម្ភាគចក្រ​នៅ​ថ្ងៃ​អង្គារ​ទី​១​ខែ​ឧសភា​ទៅ​កាន់​រដ្ឋ​រ៉ា​ឃី​ន​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ ជា​ទី​កន្លែង​កើត​ហេតុ​នៃ​យុទ្ធ​​នា​ការបង្ក្រាប​ដោយ​កងទ័ព​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​សីហា​ឆ្នាំមុន ដែល​បាន​បណ្ដេញ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​៧០០.០០០​នាក់​រត់​ភៀសខ្លួន​ចូល​​ទៅ​ប្រទេស​បង់​ក្លា​ដែស​។​

​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​ទៅកាន់​ប្រទេសមី​យ៉ាន់​ម៉ា គឺ​បន្ទាប់ពី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បង់​ក្លា​ដែស​ដែល​ជា​កន្លែង​ដែល​ក្រុម​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា បាន​ប្រាប់​​ដល់​ប្រតិភូ​អំពី​ទុក្ខលំបាក​ពួកគេ​។​

​នៅពេលដែល​ពួកគេ​ចាកចេញ​ពី​ប្រទេស​បង់​ក្លា​ដែស ប្រតិភូ​បាន​និយាយថា​ពួកគេ​នឹងដាក់​សម្ពាធ​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ធានា​នូវ​ការវិលត្រឡប់​របស់​ក្រុម​ជន​​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ប្រកបដោយ​សុវត្ថិភាព​។​

​ឯកអគ្គរដ្ឋទូត​កូវ៉ែ​ត​ប្រចាំ​អង្គការសហប្រជាជាតិ លោក Mansour al-Otaibi បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន នៅ​មុន​ពេល​ធ្វើដំណើរ​ទៅកាន់​ក្រុង​ណៃ​ពិដោ​ប្រទេស​​មី​យ៉ាន់​ម៉ា​ថា “​នេះ​ជា​វិបត្តិ​មនុស្សធម៌​និង​បញ្ហា​សិទិ្ធមនុស្ស​”​។​

​ក្រុម​បេសកជន​នេះ បាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ប្រទេស​បង់​ក្លា​ដែស លោកស្រី Sheikh Hasina កាលពី​ព្រឹក​ថ្ងៃ​ចន្ទ មុនពេល​ចាកចេញ​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​៕ដោយ៖សុខា/SN


​លោក ស្រី អ៊ុង សាន​ស៊ូ​ជី ជួប​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា​