ក្រុម​បះបោរ​អ៊ីស្លាម​និយាយថា ខ្លួន​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ថៃ​

265
ចែករម្លែក

​ក្រុម​ប្រដាប់អាវុធ​ធំ​មួយ​ដែល​ធ្វើ​ការបះបោរ​នៅ​ថៃ​ខាងត្បូង​ដែល​សំបូរ​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ បាន​និយាយថា​ខ្លួន​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​មកពី​រដ្ឋាភិបាល​ថ្មី​របស់​ថៃ​​ជា​លើកដំបូង​និង​បាន​ដាក់​ការទាមទារ ជា​លក្ខខណ្ឌ​សំរាប់​កិច្ចពិភាក្សា​សន្តិភាព​ផ្លូវការ​ណាមួយ​។​

​ការបះបោរ​នៅ​តំបន់​និយាយ​ភាសា​ម៉ាឡេ​ភាគច្រើន​នេះ បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​៧.០០០​នាក់ ក្នុង​រយៈពេល​១៥​ឆ្នាំ​មកនេះ និង​ទំនងជា​រាលដាល​ហួស​តំបន់​ដែល​ក្រុម​នេះ​​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​។​

​មន្ត្រី​មកពី​ក្រុម​ដែល​ហៅ​ខ្លួនឯង​ថា Barisan Revolusi Nasional (BRN) បាន​និយាយថា​ពួកគេ​បាន​ជួបប្រជុំ​ជាមួយ​គណៈប្រតិភូ​ថៃ​នៅ​ទីតាំង​មួយ​នៅ​អាស៊ី​អាគ្នេយ៍​កាលពី​​ថ្ងៃ​សុក្រ​ទី​១៦​សីហា​និង​បានទាមទារ​អោយ​ដោះលែង​មនុស្ស​ទាំងអស់​ដែល​កំពុង​ជាប់​ឃុំ​ចំពោះ​ការសង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការបះបោរ​និង​សុំ​អោយ​មាន​ការស៊ើបអង្កេត​លើ​​ការរំលោភ​ដោយ​កងកម្លាំង​សន្តិសុខ​នៅ​តំបន់​ចុង​ខាងត្បូង​ប្រទេស​។​

​មន្ត្រី​ដែល​អះអាង​ថា​វា​ស្ថិត​ដំណាក់កាល​ដំបូង​បំផុត បាន​និយាយថា​វា​អាច​នាំ​ដល់​កិច្ច​ពិភាក្សា​ផ្លូវការ​មួយ​។​

​ប៉ាក់ ហ្វាគៀ អាយុ​៧០​ឆ្នាំ សមាជិក​ជាន់ខ្ពស់​របស់​BRN បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​មួយ​ថា «​ប្រសិនបើ​កិច្ចពិភាក្សា​សន្តិភាព​ផ្លូវការ​មួយ​គឺជា​ការ​ជប់លៀង​មួយ នោះ​​ជំនួប​សម្ងាត់​នេះ​ប្រៀប​ដូច​ជា​ការ​នាំគោ​ចូល​ផ្ទះបាយ តែ​គោ​នៅ​មិនទាន់​ត្រូវបាន​សម្លាប់​យក​សាច់​នៅឡើយ​ទេ​។​រដ្ឋ​ថៃ​ប្រៀប​ដូច​ជា​សត្វ​អន្ទង់​ដ៏​រអិល​មួយ​»​។​

​ចំណែក​ឧត្តមសេនីយ៍ ឧត្តម​ឆៃ ថា​ម​សារ៉ូ​រ៉ា​ត ប្រធាន​ក្រុម​ចរចា​សន្តិភាព​របស់​រដ្ឋាភិបាល​ថៃ​ជា​មួយ​ក្រុម​បះបោរ​ភាគខាងត្បូង បាន​បដិសេធ​មិន​ព្រម​ធ្វើការ​អត្ថាធិប្បាយ​យ៉ាង​​ណា​ទេ​អំពី​ថា​តើ​មាន​ជំនួប​មួយ​ដែរឬទេ​។​

​តាម​ដឹង ទោះ​ជា​ក្រុម​ប្រដាប់អាវុធ​តូចៗ​មួយចំនួន​នៅ​ភាគខាងត្បូង​បាន​ធ្វើ​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល ក៏​ក្រុម​BRN​មិន​មាន​កិច្ចពិភាក្សា​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ថៃ​ទេ ​តែ​បាន​ទាក់ទង​ជាមួយ​របប​យោធា​របស់​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា ចំនួន​២​លើក​មក​ហើយ​។​ការទាក់ទង​កន្លងមក​ជាមួយ​ក្រុម​នេះ​មិន​ដែល​នាំ​ដល់​កិច្ច​ពិភាក្សា​ណាមួយ ហើយ​វា​បន្ត​សង្គ្រាម​ឧទ្ទាម​ដើម្បី​ទាមទារ​ឯករាជ្យភាព​នៅ​ខេត្ត​យ៉ាឡា ខេត្ត​យ៉ាឡា និង​ណា​រ៉ា​ធី​វ៉ាត ហើយ​នឹង​មួយផ្នែក​នៃ​ខេត្ត​សុង​ក្លា​។​

​ទោះជា​BRN​មិន​ដែល​បាន​អះអាង​ទទួលខុសត្រូវ​និង​បដិសេធ​ការវាយប្រហារ​នា​ពេលកន្លងមក ក៏​លោក​ហ្វាគៀ បាន​និយាយថា ក្រុម​នេះ​មិន​បាន​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​​បន្ត​បន្ទាប់​កាលពី​ថ្ងៃ​០២​សីហា​នៅ​ក្រុង​បាងកក​ទេ​។​

​ការផ្ទុះ​នេះ​បណ្តាលអោយ​របួស​មនុស្ស​៤​នាក់ និង​បំបាក់មុខ​រដ្ឋាភិបាល​ថៃ ខណៈ​ប្រទេស​នេះ​កំពុង​ទទួល​រៀបចំ​ជំនួប​កំពូល​សន្តិសុខ ដែល​មាន​ការចូលរួម​ពី​ប្រមុខ​អាស៊ាន​និង​​ដៃគូ​ជា​មហាអំណាច​ពិភពលោក​៕ដោយ៖វាសនា

សមាជិក​កងសន្តិសុខ​ថៃ កាន់​កាំភ្លើង​ឈរ​រក្សា​សន្តិសុខ​នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ខេត្ត​ភាគ​ខាងត្បូង​យ៉ាឡា​

#