ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ​និយាយថា ក្រុម​ប្រទេស​អ្នកមាន​គេចវេះ​ពី​ការទទួលខុសត្រូវ​រឿង​អាកាសធាតុ​

259

​ប្លុក​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន ១៣៤ រួមមាន​ទាំង​ឥណ្ឌា​និង​ចិន​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​វិច្ឆិកា​នៅឯ​កិច្ចចរចា​របស់​អ​.​ស​.​ប នៅ​ទីក្រុង​ប៊​ន (Bonn) ក្នុងប្រទេស​អាល្លឺម៉ង់ ថា ការខកខាន​របស់​ប​ណ្តា​ប្រទេស​អ្នកមាន​ក្នុងការ​ផ្តល់​ការតាំង​ចិត្ត​ក្នុង​បញ្ហា​អាកាសធាតុ​រយៈពេល​ខ្លី អាច​រាំងស្ទះ​ដល់​ការបង្កើត​សន្ធិសញ្ញា​ជា​ប្រវត្តិសាស្ត្រ​។​

​ជម្លោះ​ការទូត​នេះ​បាន​គូសបញ្ជាក់​ពី​ការលំបាក​នៃ​ការ​ឈានដល់​កិច្ចព្រមព្រៀង​មួយ​នៅឯ​កិច្ចចរចា​របស់​ប្រទេស​ចំនួន ១៩៦​។​

​លោក ចិន ជី​ហួ អ្នកចរចា​ជាន់ខ្ពស់​របស់​ចិន​និយាយថា “​ប្រសិនបើ​យើង​មិន​គោរព​តាម​ការសម្រេចចិត្ត​ដែល​យើង​បានធ្វើ​ផង​នោះ តើ​យើង​អាច​កសាង​ទំនុកចិត្ត​ក្នុងចំណោម​ភាគី​ទាំងអស់​ដោយ​របៀប​ណា​?”​។ លោក​និយាយ​នេះ​គឺ​សំដៅ​ទៅលើ​ការសន្យា​រយៈពេល​វែងរ​បស់​ប្រទេស​អ្នកមាន​ដើម្បី​បង្កើន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង “​ពិនិត្យឡើងវិញ​” នូវ​គោលដៅ​ជាច្រើន ដើម្បី​ទប់ស្កាត់​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅមុន​ឆ្នាំ ២០២០​។​

​លោក​បាន​បន្ថែម​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ ដែល​អមដោយ​ក្រុម​អ្នកការទូត​មកពី​ប្រទេស​ឥណ្ឌា អ៊ីរ៉ង់ នី​កា​រ៉ា​ហ្គា និង​អេក្វាទ័រ យ៉ាង​ដូច្នេះ “​ហើយ​តើ​យើង​អាច​កសាង​គ្រឹះ​ដ៏​ល្អ​សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​ទី​ប៉ារីស​បាន​យ៉ាងដូច​ម្តេចទៅ​?”​។​

​សន្ធិសញ្ញា ដែល​បាន​ចុះហត្ថលេខា​នៅ​ខាងក្រៅ​រដ្ឋធានី​របស់​បារាំង​ក្នុង​ឆ្នាំ ២០១៥ បាន​អំពាវនាវ​ឱ្យ​ពិភពលោក​ទប់ទល់​នឹង​ការឡើង​កម្តៅ​ផែនដី ឱ្យនៅ​ក្រោម “២​អង្សា​” និង​សូម្បី ១,៥ អង្សា ប្រសិនបើ​អាចទៅរួច​។​

​ជាមួយ​កម្តៅ​នៅ​កម្រិត​មួយ​អង្សា​មកទល់ពេលនេះ ភពផែនដី​បានឃើញ​រួចហើយ​នូវ​ភាពរាំងស្ងួត រលក​កម្តៅ​គ្រោះថ្នាក់ និង​ព្យុះ​សាហាវៗ​។​

​កតិកាសញ្ញា​នេះ​ពឹង​ផ្អែកលើ​ការសន្យា​កាត់បន្ថយ​ឧស្ម័ន​កាបូន​ដោយ​ស្ម័គ្រចិត្ត​ពី​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក​។​

​លោក ផូ​ល អូ​គ្វី​ស ប្រធាន​អ្នកចរចា​របស់​នី​កា​រ៉ា​ហ្គា នៅឯ​កិច្ចចរចា​បាន​និយាយថា “​វិទ្យាសាស្ត្រ​គឺ​ច្បាស់លាស់​ណាស់​។ ប្រសិនបើ​យើង​មិន​ធ្វើ​សកម្មភាព​ជាមួយគ្នា​មុន​ឆ្នាំ ២០២០ ទេ អ្នក​អាច​បំភ្លេចចោល​គោលដៅ ២ អង្សា និង ១,៥ អង្សា​” ។​

​លោក​បាន​បន្ថែមថា “​វា​បរាជ័យ​រួចទៅហើយ​ក្នុងការ​អនុលោម​ទៅតាម​ការប្តេជ្ញាចិត្ត​ដែលមាន​ស្រាប់​” ។​

​ក្រោម​លក្ខខណ្ឌ​នៃ​អនុសញ្ញា​អាកាសធាតុ​ស្នូល​របស់​អ​.​ស​.​ប បន្ទុក​សម្រាប់​សកម្មភាព​មុន​ឆ្នាំ ២០២០ គឺ​ត្រូវ​ធ្លាក់​ទៅលើ​ប្រទេស​អ្នកមាន ដែល​តាម​ប្រវត្តិសាស្ត្រ​គឺ​ទទួលខុសត្រូវ​ចំពោះ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។​

​ប្រទេស​ចិន​គឺជា​ប្រទេស​ដែល​បំពុលបរិយាកាស​ដោយ​ឧស្ម័ន​កាបូន​ច្រើនជាងគេ​លើ​ពិភពលោក បន្ទាប់មក​គឺ​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ឥណ្ឌា​និង​រុស្ស៊ី​។​

​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​បាន​ស្វះស្វែង​ឱ្យ​បន្ថែម “​របៀបវារៈ​មុន​ឆ្នាំ ២០២០” ជា​ផ្លូវការ​នៅក្នុង​ដំណើរ​ការចរចា ប៉ុន្តែ​វិធានការ​នេះ​ត្រូវបាន​បញ្ឈប់​នៅពេល​ចាប់ផ្តើម​កិច្ចចរចា​ដែលមាន​រយៈពេល ១២ ថ្ងៃ​។ កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​មកទល់​ឥឡូវ​មិនមាន​ផ្លែផ្កា​អ្វី​ឡើយ​៕ កញ្ញាដាលីស