ក្រុម​ប្រទេស​តូចៗ​៣០​ព្រមាន​អំពី​កំណើនសេដ្ឋកិច្ច​មិន​ស្មើគ្នា និង​ការកើនឡើង​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​លើ​សកលលោក​

632
ចែករម្លែក

​ក្រុម​ប្រទេស​តូចៗ​ក្រៅផ្លូវការ​ចំនួន​៣០​បាន​ព្រមាន​នៅមុន​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ក្រុម​ប្រទេស G20 នៅ​អា​ហ្ស​ង់​ទីន​ថា ប្រទេស​ទាំងអស់ ជាពិសេស​ប្រទេស​តូចៗ​នឹងរង​ផលប៉ះពាល់​អវិជ្ជមាន ប្រសិនបើ​ជម្លោះ​ពាណិជ្ជកម្ម​កាន់តែ​មា​នភា​ព​តានតឹង​រីកធំឡើង និង​រំខាន​ដល់​ពាណិជ្ជកម្ម​ពិភពលោក​។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​វិច្ឆិកា ក្រុម​អភិបាលកិច្ច​អន្តរជាតិ (3G) ក៏បាន​និយាយ​ផងដែរ​ថា កំណើនសេដ្ឋកិច្ច​សកល​លោក​មាន​ភាពមិន​ស្មើគ្នា និង​បាន​អំពាវនាវ​ឱ្យ​មេដឹកនាំ​នៃ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំៗ​ទាំង ២០ នៅលើ​ពិភពលោក​ការពារ​ប្រឆាំងនឹង​ហានិភ័យ​នៃ​កំណើន​មិន​ស្មើគ្នា​នេះ​។​

​ក្រុម​ប្រទេស 3G នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៩ ដើម្បី​ដាក់​ឥទ្ធិពល​ទៅលើ​ក្រុម​ប្រទេស G20 ឱ្យ​យកចិត្តទុកដាក់​ដល់​ផលប្រយោជន៍​នៃ​បណ្តា​ប្រទេស​តូចៗ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ការសម្រេចចិត្ត​របស់​ពួកគេ ហើយ​ត្រូវបាន​តំណាង​ជា​ទៀងទាត់​នៅឯ​កិច្ចប្រជុំ​កំពូល G20​។ សមាជិក​របស់​ក្រុម​ប្រទេស 3G គឺ​មកពី​ទ្វីប​ជាច្រើន ហើយ​រួមមាន​សិង្ហ​បុរី ហ្វាំ​ង​ឡង់ ម៉ាឡេស៊ី កាតា និង​អ៊ុយ​រូ​ហ្គា​យ​។​

​ក្រុម​ប្រទេស 3G បានកត់សម្គាល់​អំពី​ការព្រួយបារម្ភ​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​សកលលោក និង​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​ថ្មីៗ​នេះ​ដោយ​អា​ហ្ស​ង់​ទីន ដែល​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល G20 ប្រចាំឆ្នាំ ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដែល​ផ្អែកលើ​ច្បាប់​។​

​ក្រុម​នេះ​ក៏បាន​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់ខ្លួន​ក្នុងការ​បើកទូលាយ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ហើយ​បានកត់សម្គាល់​នូវ​ឯកសារ​ពិភាក្សា​ដែល​ខ្លួន​បានរួម​ចំណែក​ដល់ G-20 ដែល​បានកំណត់​ពី​សារៈសំខាន់​នៃ​ការរក្សា​និង​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដោយ​បើកចំហ​ផ្អែក​តាមច្បាប់ ដូចដែល​បានចែង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ធានាថា ពាណិជ្ជកម្ម​នៅតែ​បើកចំហ​ដោយ​សេរី​៕ ដោយ៖ កញ្ញាដាលីស

អា​ហ្ស​ង់​ទីន​ចាប់ផ្តើម​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល G20 នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍