ក្រុម​ប្រទេស​មហាអំណាច​ធំៗ​ស្នើ​ឱ្យ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​អត់ធ្មត់​

314
ចែករម្លែក
  • 17
    Shares

​សហរដ្ឋអាមេរិក អង់គ្លេស ចិន រុស្ស៊ី និង​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​បាន​ជំរុញ​ឱ្យ​ទាំង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​មាន​ការអត់ធ្មត់​បំផុត​និង​ចៀសវាង​សកម្មភាព​យោធា​​បន្ថែម​ទៀត​ពី​សំណាក់​ប្រទេស​ជិតខាង​គ្នា​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ​។​

​ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​បាន​កើន​ឡើង​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ប៉ា​គី​ស្ថាន​បាន​អះអាង​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា​២​គ្រឿង​លើ​ដែន​អាកាស​​អាកាស​ប៉ា​គី​ស្ថាន​ហើយ​បាន​ចាប់ខ្លួន​អ្នក​បើក​យន្តហោះ​២​នាក់​។​

​នាយករដ្ឋមន្ត្រី​ប៉ាគិ​ស្ថាន លោក Imran Khan បាន​ព្យាយាម​បញ្ចៀស​ភាព​តានតឹង​ដោយ​និយាយ​ថា​សង្គ្រាម​គឺ​គ្មាន​ប្រយោជន៍​ហើយ​អាច​នាំ​ទៅរក​ផលវិបាក​ដែល​មិនអាច​​ប៉ាន់ស្មាន​ជា​មុន​បាន​នៅពេលដែល​លោក​បាន​និយាយ​យោង​ទៅលើ​អាវុធ​នុយក្លេអ៊ែរ​ដែល​ប្រទេស​ទាំង​២​មាន​។​

​ដោយ​ការព្រួយបារម្ភ​អំពី​ភាព​តានតឹង​កើនឡើង​នោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ម៉ៃ ផ​ម​ផេវ បាន​និយាយ​ដាច់ដោយឡែក​ជាមួយ​ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន ដោយ​ជំរុញ​ពួកគេ​ឱ្យ​ចៀសវាង​សកម្មភាព​យោធា​បន្ថែម​ទៀត​។​

​លោក​ផ​មផេវ​ដែល​បាន​អមដំណើរ លោក​ដូណាល់​ត្រាំ ប្រធានាធិបតី​អាមេរិក​នៅ​កិច្ច​ជំនួប​កំពូល​លើក​ទី​២​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នោះ បាន​និយាយ​​ចេញពី​ប្រទេស​វៀតណាម​ថា “​ខ្ញុំ​បាន​សម្តែង​ការព្រួយបារម្ភ​ទៅ​កាន់​ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​២​នេះ​ថា​យើង​ជំរុញ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ឱ្យ​មាន​ការអត់ធ្មត់​និង​ចៀសវាង​ការ​​បង្កើន​ភាព​តានតឹង​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ “​។​

​សម្តែង​ការព្រួយបារម្ភ​ដូចគ្នានេះដែរ អង់គ្លេស រុស្ស៊ី និង ចិន បាន​ជំរុញ​ឱ្យ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ឱ្យ​មាន​ការអត់ធ្មត់​ដើម្បី​បញ្ចៀស​ការកើនឡើង​ភាព​តានតឹង​បន្ថែមទៀត​​និង​បាន​ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​តាម​មធ្យោបាយ​ការទូត​។​

​នៅ​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែលហ្ស៊ិក លោក ហ្វេ​ដេ​រិក​កា ម៉ូ​ហ្គេរី​នី ប្រធាន​ទំនាក់ទំនង​ការទូត​សហភាព​អឺរ៉ុប ក៏​បាន​ជំរុញ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ឱ្យ​បង្ហាញ​ការអត់ធ្មត់​បំផុត​​នៅក្នុង​ការប្រឈមមុខ​ដាក់​គ្នា​ដែល​កំពុង​កើតឡើង​នេះ​៕ដោយ៖សុខា/sn

ទាហាន​ព្រំដែន​ឈរ​យាម​នៅ​ច្រក​ព្រំដែន​Wagah​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន

#