ក្រុម​ប្រទេស​អារ៉ាប់​ប្តេជ្ញា​ប្រមូល​មូលនិធិ​សម្រាប់​អង្គការ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​បន្ទាប់ពី​អាមេរិក​កាត់​ផ្តាច់ជំនួយ​

770

ក្រុមរដ្ឋមន្រ្តីការបរទេសអារ៉ាប់បានធ្វើការប្តេជ្ញាចិត្តនៅកិច្ចប្រជុំមួយនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបកាលពីថ្ងៃអង្គារទី១១កញ្ញា ដើម្បីប្រមូលការគាំទ្រផ្នែកហិរញ្ញវត្ថុនិងនយោបាយសម្រាប់អង្គការជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA) បន្ទាប់ពីសហរដ្ឋអាមេរិកបាន សម្រេចបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការជនភៀសខ្លួននេះ។

នៅកិច្ចប្រជុំនៃក្រុមប្រទេសសម្ពន្ធអារ៉ាបនៅទីក្រុគែរ ​ក្រុមប្រឹក្សានៃក្រុមរដ្ឋមន្ត្រីការបរទេសអារ៉ាប់នេះបានជំរុញសហគមន៍អន្តរជាតិឱ្យប្រកាន់ភ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអង្គការUNRWA និងធានាការផ្តល់ធនធាននិងជំនួយហិរញ្ញវត្ថុដ៏ចំបាច់ដល់អង្គការUNRWAនេះ ដោយផ្អែកលើសេចក្តីសម្រេចចិត្តលេខ១៩៤របស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៨។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ក្រុមប្រទេសអារ៉ាប់នឹងបន្តជួយគាំទ្រដ៏ពេញលេញ ដោយផ្តល់ជំនួយដល់អង្គការUNRWA ដើម្បីជួយដល់ជនភៀសខ្លួនប៉ាឡេស្ទីនចំនួន៥,៣លាននាក់និងផ្តល់សេវាកម្មអប់រំដល់សិស្សប៉ាឡេស្ទីនចំនួន៥២៦.០០០នាក់។

សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា ក្រុមប្រឹក្សានៃក្រុមរដ្ឋមន្រ្តីការបរទេសអារ៉ាប់នេះ ថ្កោលទោសនិងច្រានចោលរាល់ចំណាត់ការដោយភាគីណាមួយ ដោយរួមទាំងសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលអ៊ីស្រាអែល ចំពោះការដកហូតសិទ្ធិនៃការវិលត្រឡប់ទៅវិញរបស់ក្រុមជនភៀសខ្លួនប៉ាឡេស្ទីនឬការធ្វើឱ្យខូចដល់បុព្វហេតុរបស់ពួកគេតាមរយៈការឱ្យជនជាតិជ្វីហ្វតាំងទីលំនៅក្នុងទឹកដីដែលត្រូវបានកាន់កាប់ហើយ ឬការលុបបំបាត់ អង្គការUNRWA និងបញ្ឈប់ការផ្តល់មូលនិធិរបស់ខ្លួន “៕ដោយ៖សុខា/sn

ក្រុមរដ្ឋមន្រ្តីការបរទេសអារ៉ាប់ ស្ថិតនៅកិច្ចប្រជុំនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអង្គារ