ក្រុម​ប្រមាញ់​បា​ឡែ​ន​ជាប់​ចោទថា​បានសម្លាប់​បា​ឡែ​ន​ខៀវ​ដែល​ជិត​ផុត​ពូជ​នៅ​ប្រទេស​អ៊ី​ស្លង់​

1208
ចែករម្លែក

​ក្រុម​ប្រមាញ់​បា​ឡែ​ន​ជនជាតិ​អ៊ី​ស្លង់ បានសម្លាប់​បា​ឡែ​ន​ខៀវ​ដែល​ជិត​ផុត​ពូជ​មួយ​ក្បាល មុនពេល​កាត់​វា​ជា​កង់ៗ​ទុក​លក់​ជា​អាហារ​ពិសេស​សម្រាប់​ពួក​អភិជន​នៅក្នុង​ប្រទេស​ជប៉ុន​។

​រូបភាព​ថនិកសត្វ​ទំហំ​យក្ស​ដែល​អាច​លូតលាស់​ដល់​ទៅ​ប្រវែង ៣៣ ម៉ែត្រ និង​ទម្ងន់​ជាង ១៧៣ តោន​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នេះ ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​សត្វ​សមុទ្រ​បង្ហោះ​តាម​បណ្តាញ​អ៊ិន​ធឺ​ណិ​ត ដោយ​អះអាងថា បា​ឡែ​ន​នេះ​ត្រូវបាន​ក្រុមហ៊ុន​នេសាទ​ត្រី​បា​ឡែ​ន​របស់​មហាសេដ្ឋី គ្រី​ស​ចាន ឡូ​ហ្វ​សុន (Kristján Loftsson) សម្លាប់​។​

​ខ្មោច​បា​ឡែ​ន​នេះ​ត្រូវគេ​ចងក្រៀក​នឹង​នាវា Hvalur 8 ហើយ​សណ្តោង​អូស​ចូល​កំពង់ផែ មុនពេល​ស្ទូច​ឡើងលើ​ផែ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លងទៅ​។ ក្រុម​នាវិក​បាន​ប្តូរ​វេន​គ្នា​ថតរូប​ជាមួយ​ថនិកសត្វ​ធំ​បំផុត​ក្នុង​ពិភពលោក​នេះ ទុកជា​អនុស្សាវរីយ៍​។

​តាម​ទិន្នន័យ​បង្ហាញថា បា​ឡែ​ន​ខៀវ​ត្រូវ​មនុស្ស​ប្រមាញ់​ស្ទើរតែ​ផុត​ពូជ​ទៅហើយ​ក្នុង​រយៈពេល មួយ​សតវត្សរ៍​ចុងក្រោយ​នេះ ហើយ​បច្ចុប្បន្ន​នៅសល់​ត្រឹមតែ​ពី ១០.០០០ ទៅ ២៥.០០០ ក្បាល​ប៉ុណ្ណោះ​។ យោងតាម​សេចក្តីរាយការណ៍​ថា ការសម្លាប់​បា​ឡែ​ន​ខៀវ​នេះ​គឺជា​លើក​ទី​១ ហើយ​ក្នុង​រយៈពេល​ជាង ៥០ ឆ្នាំ​មកនេះ​។

​អង្គការ​អភិរក្ស​សត្វ​សមុទ្រ Sea Sheperd បាន​លើកឡើងថា វា​ជា​បា​ឡែ​ន ទី​២២ ហើយ​ដែល ត្រូវបាន​ក្រុមហ៊ុន​របស់​មហាសេដ្ឋី គ្រី​ស​ចាន ឡូ​ហ្វ​សុន សម្លាប់​ក្នុង​រយៈពេល ៣​សប្តាហ៍​មកនេះ​។

​សូមបញ្ជាក់ថា ការសម្លាប់​បា​ឡែ​ន​ខៀវ​គឺជា​ទង្វើ​ខុសច្បាប់​សូម្បី​នៅ​បណ្តា​ប្រទេស ដែល​មិន​អើពើ នឹង​បំរាម​សកល​មាន​អាយុកាល​ជាច្រើន​ទសវត្សរ៍​លើ​ការ​ប្រមាញ់​បា​ឡែ​ន​៕ ប្រែ​សម្រួល​: ខុម​