ក្រុម​មហាអំណាច​អំពាវនាវ​ឱ្យ​ស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​និង​អំពើហិង្សា​នៅ​បង់​ក្លា​ដែ​ស​

561
ចែករម្លែក

​កាលពី​ថ្ងៃ​អង្គារ​ទី​០១​ធ្នូ ក្រុម​មហាអំណាច​បស្ចិមប្រទេស​បាន​ថ្កោលទោស​អំពើហិង្សា​នៅមុន​និង​នៅ​ថ្ងៃ​បោះឆ្នោត​នៅ​បង់​ក្លា​ដែ​ស​ហើយ​បានលើកឡើង​អំពី​ភាពមិនប្រក្រតី​​ផ្សេងៗ​ទៀត ដែល​ធ្វើឱ្យប៉ះពាល់​ដល់​លទ្ធផល​ការបោះឆ្នោត ដែល​នៅក្នុង​ការបោះឆ្នោត​នោះ បានធ្វើឱ្យ​គណបក្ស​របស់​នាយករ​ដ្ឋ​មន្ត្រី លោកស្រី សេក ហ៉ា​ស៊ីណា​ទទួល​​បាន​អាសនៈ​សភា​ជាង​៩០​ភាគរយ​។​

​ការវាយតម្លៃ​ដោយ​សម្តី​ខ្លាំងៗ​ពី អង់គ្លេស សហភាព​អឺរ៉ុប​និង សហរដ្ឋអាមេរិក អាចធ្វើឱ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់លោក​ស្រី សេក ហ៉ា​ស៊ីណា ដែល​បានឈ្នះ​ការបោះ​​ឆ្នោត​ជាប់​គ្នា​អាណត្តិ​ទី​៣​នេះ បន្ទាប់ពី​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​។​

​គណបក្ស​គូប្រជែង​របស់លោក​ស្រី សេក ហ៉ា​ស៊ីណា​បាន​ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​លើកឡើង​ពីអ្វី​ដែល​ពួកគេ​ពណ៌នា​ថា​ជាការ​បន្លំ​និង​ការ​បំភិត​បំ​​ភ័យ​អ្នកបោះឆ្នោត​។ លោកស្រី​សេក ហ៉ា​ស៊ីណា​បាន​បដិសេធ​ការចោទប្រកាន់​ដោយ​ហៅ​ការបោះឆ្នោត​នេះ​ថា​ជាការ​បោះឆ្នោត​ដោយ​សន្តិវិធី​ដែល​ដែល​គេ​ឃើញ​​ការចូលរួម​ច្រើន​ពី​ក្រុម​អ្នកគាំទ្រ​របស់លោក​ស្រី ។​

​នៅ​ទីក្រុង​ដា​ក្កា​មាន​ភាពស្ងប់ស្ងាត់​កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​គណបក្ស​ជាតិនិយម​បង់​ក្លា​ដែល​(BNP)​ជា​បក្សប្រឆាំង​នេះ បាន​និយាយថា​សមាជិក​និង​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​​កំពុង​ត្រូវបាន​វាយប្រហារ​នៅ​តំបន់​មួយចំនួន​នៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​ប្រទេស​នេះ​ដោយ​ក្រុម​សកម្មជន​នៃ​គណបក្ស​Awami ដែល​កាន់អំណាច​នេះ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​នេះ បាន​បដិសេធ​ចោទប្រកាន់​នេះ ។​

​ប៉ូលិស​បាន​និយាយថា មនុស្ស​១៧​នាក់ ត្រូវបាន​សម្លាប់​ក្នុងអំឡុង​ការប៉ះទង្គិច​គ្នា​នៅ​ថ្ងៃ​បោះឆ្នោត​រវាង​ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​និង​ក្រុម​អ្នកគាំទ្រ​បក្ស​Awami លោក​​ស្រី​សេក ហ៉ា​ស៊ីណា​៕ដោយ៖សុខា/SN

លោកស្រី សេក ហ៉ា​ស៊ីណា ដែល​បាន​ឡើងកាន់​អំណាច​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​បាន​ចេញទៅ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ