ក្រុម​មួយ​ដឹកនាំ​ដោយ​ប្រទេស​អឺរ៉ុប​ស្វះស្វែង​ជួយ​បញ្ចប់​វិបត្តិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

726
ចែករម្លែក

​ក្រុម​ប្រទេស​សហគមន៍​អឺរ៉ុប​ភាគច្រើន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៧​ឧសភា​ថា ខ្លួន​នឹង​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​ទៅកាន់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​ស្នើ​ដំណោះស្រាយ​ចំពោះ​វិបត្តិ​អូសបន្លាយ​របស់​ប្រទេស​នេះ​។​

​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​លោកស្រី​ហ្វេ​ដេ​រី​កា ម៉ូ​ហ្គ័​រ​រី​នី បាន​និយាយ​នៅក្នុង​ប្រទេស​កូ​ស្តា​រី​កា​ថា គណៈប្រតិភូ​នឹងធ្វើ​ដំណើរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ ក្រុម​ទំនាក់ទំនង​អន្តរជាតិ​ដែលមាន​បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន​ប្រាំបី​នៅក្នុង​សហភាព​អឺរ៉ុប​និង​ប្រទេស​អាមេរិក​ឡាទីន​ចំនួន​បួន​បានបញ្ចប់​កិច្ចប្រជុំ​របស់ខ្លួន​នៅក្នុង​ទីក្រុង​សាន​ហូ​សេ​កាលពី​ថ្ងៃ​អង្គារ​។​

​ក្រុម​នេះ​បាន​បង្កើតឡើង​បន្ទាប់ពី​លោក​ហ្វ័​ន ក្វា​យ​ដូ​មេដឹកនាំ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្សប្រឆាំង​រប​ស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានប្រកាស​ខ្លួនឯង​នៅ​ដើមឆ្នាំ​នេះ​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​ក្នុងការ​ប្រឈមមុខគ្នា​ដោយផ្ទាល់​ទៅនឹង​ការគ្រប់គ្រង​របស់លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។​

​ក្រុម​នេះ​បានបញ្ជាក់​ជាថ្មី​នូវ​គោលដៅ​របស់ខ្លួន​នៃ​ដំណោះស្រាយ​សន្តិភាព​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ ក្រុម​នេះ​ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ស្ថានភាព​មនុស្សធម៌​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និង​បាន​អំពាវនាវ​ឱ្យមាន​ការដក​កំហិត​ចំពោះ​ការហូរចូល​ជំនួយ​ផងដែរ​។​

​ប្រទេស​បូ​លី​វី​មិនបាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​របស់​ក្រុម​នោះទេ​ប៉ុន្តែ​បាន​ចូលរួម​ក្នុងការ​ពិភាក្សា​ដែរ​។​

​ក្រុម​នេះ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឱ្យ​គោរព​សិ​ទិ្ធ​តវ៉ា​ដោយ​សន្តិវិធី​និង​រំលាយ​ក្រុម​ជន​ស៊ីវិល​ប្រដាប់អាវុធ​។ ការប្រកាស​នេះ​ក៏បាន​ព្យាយាម​ផ្តល់​ការការពារ​ដល់​លោក​ក្វា​យ​ដូ​ខ្លះ​ដែរ​។​

​សេចក្តីប្រកាស​បានលើកឡើង​ថា “​រដ្ឋសភា​ដែល​ត្រូវបាន​ជ្រើសតាំង​តាមបែប​លទ្ធិប្រជាធិបតេយ្យ​និង​ដឹកនាំ​ដោយ​លោក​ហ្វ័​ន ក្វា​យ​ដូ​ត្រូវតែ​បន្ត​ជា​មជ្ឈមណ្ឌល​នៃ​ជីវិត​នយោបាយ​របស់​ប្រទេស​។ សិទ្ធិ​រដ្ឋធម្មនុញ្ញ​រប​ស់​សភា​ត្រូវតែ​គោរព​តាមច្បាប់​ជាតិ ហើយ​ច្បាប់​អភ័យឯកសិទ្ធិសភា​រប​ស់​សមាជិក​ត្រូវតែ​ធានា​”​។​

​កាលពី​ថ្ងៃ​អង្គារ តុលាការ​កំពូល​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​បើក​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​សមាជិកសភា​ប្រឆាំង​ចំនួន ៦ នាក់​បន្ទាប់ពី​ការប៉ុនប៉ង​បរាជ័យ​កាលពី​សប្ដាហ៍​មុន​ដើម្បី​ធ្វើឱ្យមាន​ការបះបោរ​យោធា​៕ ដោយ៖ កញ្ញាដាលីស

ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​លោកស្រី​ហ្វេ​ដេ​រី​កា ម៉ូ​ហ្គ័​រ​រី​នី បាន​និយាយ​នៅក្នុង​ប្រទេស​កូ​ស្តា​រី​កា​ថា គណៈប្រតិភូ​នឹងធ្វើ​ដំណើរ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ