ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ ដាក់​ភស្តុតាង​បន្ថែម​ជូន​តុលាការ​កំពូល ពាក់ព័ន្ធ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​

524

(​ភ្នំពេញ​) ៖ មុនពេល​ដែល​តុលាការ​កំពូល​បើកសវនាកា​រ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ នោះ នៅ​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ ក្រុម​មេធាវី​តំណាង​ក្រសួងមហាផ្ទៃ នឹងដាក់​ភស្តុតាង​បន្ថែម ជូន​តុលាការ​កំពូល ករណី​ប្តឹង​សុំ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​, នេះ​បើតាម​ការបញ្ជាក់​របស់​លោក​មេធាវី គី តិច ។​
​ ​
​លោក​មេធាវី គី តិច បានបញ្ជាក់​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​“​ក្រុម​មេធាវី​នឹងដាក់​ភស្តុតាង​សំខាន់ៗ​ចំនួន​បី​បន្ថែមទៀត​​ជូន​តុលាការ​កំពូល ដែល​ក្នុងនោះ​មាន​សេចក្តីថ្លែងការណ៍​របស់​ក្រុម​មេធាវី ភស្តុតាង​ថ្មីៗ​ដែល​បញ្ជាក់​អំពី​អំពើ​បាននិងកំពុង​បន្តធ្វើ​នៃ​​ផែនការ​បដិវត្តន៍​ព​ណ៌ និង ជាពិសេស​គឺ​បញ្ជី​ឈ្មោះ​ផ្លូវការ​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​សុំឱ្យ​តុលាការ​កំពូល​ហាមឃាត់ មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​”​។​
​ ​
​គួររំលឹកថា កាលពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៧ ក្រុម​មេធាវី​៥​រូប​របស់ ក្រសួងមហាផ្ទៃ បានដាក់​ពាក្យបណ្តឹង​ចូលទៅ​កាន់​តុលាការ​កំពូល ដើម្បី​ប្តឹង​ស្នើសុំ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យោងតាម​ពាក្យបណ្តឹង របស់​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិន របស់​សម្តេចក្រុមព្រះ​និង​គណ​​បក្ស​យុវជន​កម្ពុជា របស់លោក ពេជ្រ ស្រស់ ។​
​ ​
​នៅក្នុង​ពាក្យបណ្តឹង របស់​ក្រសួងមហាផ្ទៃ ដែល​បានដាក់​នៅ​តុលាការ​កំពូល គឺមាន​កម្មវត្ថុ​ប្តឹង​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​ស្របតាម​​ច្បាប់​ស្តីពី​គណបក្សនយោបាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ពាក្យបណ្តឹង​នេះ គឺ​ផ្អែកលើ​ភស្តុតាង​គ្រប់គ្រាន់ ដែល​បង្ហាញថា​គណបក្ស​​សង្គ្រោះ​ជាតិ បាននិងកំពុង​អនុវត្ត​ផែនការ ដោយ​ឃុបឃិត​គ្នា ជាសម្ងាត់​ជាមួយ​បរទេស ក្នុងការ​ផ្តួលរំលំ​រដ្ឋ​អំណាច​ស្របច្បាប់​នៅ​កម្ពុជា ក្រោម​ទម្រង់​នៃ​បដិវត្ត​ពណ៌ ដូច​គំរូ​នៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី ក៏ដូចជា​បណ្តា​ប្រទេស មួយចំនួន​នៅ​មជ្ឈិមបូព៌ា​។​ដោយបាន​រក​​ឃើញ​វីដេអូ​ឃ្លី​ប​ចំនួន​៣ ក្នុងចំណោម​វីដេអូ​ឃ្លី​ប​ជាច្រើន និង​ភស្តុតាង​ជាច្រើន​ទៀត ដែល​ដាក់ជូន​តុលាការ​កំពូល​ថ្ងៃនេះ​និង​ខ្លះទៀត​​ដែល​យើង​មាន​ក្នុង​ដៃ​របស់​យើង​រួចហើយ ។​

​នៅក្នុង​ពាក្យបណ្តឹង របស់​ក្រសួងមហាផ្ទៃ បាន​រៀបរាប់​បន្ថែមថា អង្គហេតុ​នៃ​សកម្មភាព ខុសច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​បំពាន​ទៅនឹង​មាត្រា​៦​ថ្មី (​ពីរ​) និង​មាត្រា ៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ៕​ដោយ​៖​វិបុល​/sn