ក្រុម​យោធា​និង​ក្រុម​និយម​ថាក់ស៊ីន​ ឆ្លើយឆ្លង​សម្តី​គ្នា ខណៈ​ភឿ​ថៃ​សុខចិត្ត​ឲ្យប្រធានបក្ស​តូច​មួយ​ធ្វើ​នាយករដ្ឋមន្ត្រី​ឲ្យតែ​អាច​បង្កើត​រដ្ឋាភិបាលចម្រុះ

700
ចែករម្លែក
  • 205
    Shares

​ទាំង​ក្រុមគាំទ្រ​យោធា​និង​ថាក់ស៊ីន​និយម​ សុទ្ធតែ​អះអាង​រៀងៗ​ខ្លួន​អំពី​ក្តីសង្ឃឹម​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​នៅពេល​ការបោះឆ្នោត​បាន​ចប់​ តែ​សូម្បីតែ​លទ្ធផល​មិន​ផ្លូវការ​​នៅ​មិនទាន់​ប្រកាស​នៅ​ឡើយ​។​

​អគ្គលេខា​គណបក្ស​ផា​ឡាំង ប្រចា​រ៉ា​ត ដែល​គាំទ្រ​យោធា លោក​សុនធិ​រ៉ាត សុន​ទី​ជី​រ៉ា​វង់ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មីនា​ថា គណបក្ស​របស់​លោក​នឹង​ប្រមូល​បាន​អាសនៈ​​សភា​គ្រប់គ្រាន់​ម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះមួយ ហើយ​ប្រាកដជា​តែងតាំង​លោក​ប្រា​យុទ្ធ ចាន​អូ​ចា ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​« គ្រប់យ៉ាង​កំពុង​វិវឌ្ឍ​ទៅមុខ​និង​ខ្ញុំ​មាន​ជំនឿ​ថា លទ្ធផល​ឆ្នោត​នឹង​ត្រូវ​ប្រកាស​ឆាប់ៗ​។​ឥឡូវ​ទុក​ឲ្យការពិភាក្សា​បន្ត​ធ្វើ​ជា​មុន​…​។​ខ្ញុំ​ទទួលស្គាល់ថា​​កំពុង​មាន​ការពិភាក្សា​ជាមួយ​គណបក្ស​ផ្សេងៗ​»​។​

​ជា​ការឆ្លើយតប​នឹង​ការ​អះ​អាង​របស់​គណបក្ស​ភឿ​ថៃ​ ដែល​ថាភឿ​ថៃ​ទទួលបាន​អាសនៈ​សភា​តាម​មណ្ឌល​ច្រើនជាងគេ មាន​សិទ្ធិ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​នោះ លោក​សុនធិ​រ៉ាត​​ បាន​និយាយថា រដ្ឋធម្មនុញ្ញ​ឲ្យ​តម្លៃ​លើ​ការបោះ​ឆ្នោត​ទាំងអស់ និង​ដូច្នេះ​ភាពស្របច្បាប់​សម្រាប់​បង្កើត​រដ្ឋាភិបាល​ធ្លាក់​លើ​ក្រុម​ដែល​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាជន​​ច្រើនជាងគេ​(​ផា​ឡាំង ប្រា​ចា​រ៉ា​ត​)​។​

​ចំពោះ​ការលើកឡើង​របស់​ភឿ​ថៃ ​ដែល​ថា​ខ្លួន​អាច​គាំទ្រ​មេដឹកនាំ​បក្ស​ភូម​ចៃ​ថៃ លោក​អានុ​ធីន ឆាន​វី​រ៉ា​គុល ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​នោះ លោក​សុនធិ​រ៉ាត ​បាន​និយាយថា ផា​ឡាំង ប្រចា​រ៉ា​ត នៅ​តែ​រក្សា​ការសន្យា​ដំបូង​របស់​ខ្លួន ​គឺ​ដាក់​លោក​ប្រា​យុទ្ធ​ ជា​នាយករដ្ឋមន្ត្រី​។​«​យើង​មិន​ជា​បក្ស​ដែល​ដោះដូរ​តំណែង​នាយករដ្ឋមន្ត្រី​ដើម្បី​តែ​បាន​ឱកាស​បង្កើត​​រដ្ឋាភិបាល​នោះ​ទេ​»​។​


លោក​ភូម​ថា​ន វេ​ចាយ៉ា​ឆៃ

​ក្នុងពេល​ជាមួយគ្នា អគ្គលេខា​បក្ស​ភឿ​ថៃ លោក​ភូម​ថា​ន វេ​ចាយ៉ា​ឆៃ បាន​ច្រាន​ចោល​ការលើកឡើង​របស់​ផា​ឡាំង ប្រា​ចា​រ៉ា​ត ដែល​ថា​ខ្លួន​ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​ពី​ប្រជា​​ជន​ច្រើនជាងគេ មិន​មាន​សិទ្ធិ​បង្កើត​រដ្ឋាភិបាល​នោះ​។​

​លោក​ភូម​ថា​ន វេ​ចាយ៉ា​ឆៃ បាន​និយាយថា គណបក្ស​ភឿ​ថៃ​ចង់ឲ្យ​ប្រទេស​រីកចម្រើន​ទៅ​មុខ​និង​ប្រជាជន​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង​ដូច​ការសន្យា​ក្នុង​ពេល​ឃោសនាបោះឆ្នោត​​ ហើយសុខចិត្ត​គាំទ្រ​ប្រធាន​គណបក្ស​ទទួលបាន​សំឡេង​គាំទ្រ​លំដាប់​ទី​៤ (​ភូម​ចៃ​ថៃ​)​លោក​អានុ​ធីន ឆាន​វី​រ៉ា​គុល ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាលចម្រុះ​មួយ​។​

​សូមបញ្ជាក់​ថា គណបក្សនិយម​ប្រជាធិបតេយ្យ​យ៉ាងតិច​៦​ ដឹកនាំ​ដោយ​ភឿ​ថៃ​កំពុង​ប្រជុំ​បង្កើត​ក្រុមចម្រុះ​មួយ តែ​ទំនងជា​គ្មាន​គណបក្ស​ភូម​ចៃ​ថៃ​និង​គណបក្ស​ប្រជាធិបតេយ្យ​​ទេ​នៅ​ថ្ងៃ​ពុធ​ទី​២៧​មីនា​នេះ​។ ​ទោះជា​គណបក្ស​៥-៦​នេះ​បូក​បញ្ចូលគ្នា វា​បាន​តែ​២៥២​អាសនៈ​ដែល​ល្មម​បង្កើត​រដ្ឋាភិបាលចម្រុះមួយ តែ​មិន​គ្រប់​សម្រាប់​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដែល​​តម្រូវឲ្យមាន​៣៧៦​អាសនៈ​ឡើយ​៕​ដោយ​៖​វាសនា​/Ha

ប្រយុទ្ធ ចូលការិយាល័យផ្លុំខ្លុយធ្វើព្រងើយកាលពីថ្ងៃ២៦មីនា ខណៈបរិយាកាសនយោបាយក្រោយការបោះឆ្នោតក្តៅគគុក។ឥឡូវវាទៅជា លោក​អានុ​ធីន ឆាន​វី​រ៉ា​គុល (រូបក្រោម)មានតម្លៃតថ្លៃជាងគេ