ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជាប់​ទន្លេមេគង្គ​ព្រមព្រៀង​ធ្វើ​កិច្ចសហការ​លើ​ផែនការ​សកម្មភាព​៥​ឆ្នាំ​

228

​ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ចំនួន​៦​ដែល​នៅតាម​បណ្តោយ​ទន្លេមេគង្គ​បានអនុម័ត​គម្រោង​សកម្មភាព​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​៥​ឆ្នាំ​នៅពេល​ពួកគេ បាន​ជួបពិភាក្សា​នៅ​ទីក្រុង​តា​លី (Dali) ប្រទេស​ចិន កាលពី​ថ្ងៃ​សុក្រ ទី​១៥ ធ្នូ​។​

​ក្រុម​អ្នកការទូត​ជាន់ខ្ពស់​មកពី​ប្រទេស​ចិន មី​យ៉ាន់​ម៉ា ឡាវ ថៃ កម្ពុជា និង វៀតណាម បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃ​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​ឡាន​ឆាង​-​មេគង្គ (Lancang-Mekong (LMC)) នេះ ។​

​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ដែលជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​និយាយថា ផែនការ​នេះ​នឹងធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​ឡាន​ឆាង​-​មេគង្គ​នេះ​ក្លាយជា​កម្រិត​ថ្មី​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​

​កិច្ចសហប្រតិបត្តិការ​ទន្លេ​ឡាន​ឆាង​-​មេគង្គ បានកំណត់​យក​គម្រោង​ចំនួន​៤៥ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើកទីមួយ​របស់ខ្លួន​នៅ​ទីក្រុង​សាន់​យ៉ា ប្រទេស​ចិន​កាលពី​ឆ្នាំមុន ហើយ​ភាគច្រើន​នៃ​គម្រោង​ទាំងនេះ បាន​រីកចម្រើន​យ៉ាងខ្លាំង​ជាមួយនឹង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​ពី​ប្រទេស​ចិន​។​

​លោក ប្រាក់ សុខុន បាន​ថ្លែងថា ផែនការ​នេះ​នឹងត្រូវ​បានដាក់​បញ្ជូនបន្ត​សម្រាប់​ការអនុម័ត​ចុងក្រោយ​នៅពេលដែល​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​៦​នេះ ជួបប្រជុំគ្នា​នៅ​ថ្ងៃទី​១០ ខែមករា​នៅ​ទីក្រុង​ភ្នំពេញ ។​

​ដោយ​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ កិច្ចសហប្រតិបត្តិការ​ទន្លេ​ឡាន​ឆាង​-​មេគង្គ គឺជា​គម្រោង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​បណ្តា​ប្រទេស​នៅ​អាង​ទន្លេមេគង្គ​៕ ដោយ៖​ សុខា

ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស ៦ ដែល​នៅតាម​បណ្តោយ​ទន្លេមេគង្គ​បានអនុម័ត​គម្រោង​សកម្មភាព​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល​៥​ឆ្នាំ​នៅពេល​ពួកគេ​បាន​ជួបពិភាក្សា​នៅ​ទីក្រុង​តា​លី ប្រទេស​ចិន កាលពី​ថ្ងៃ​សុក្រ