ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​និយាយ​ភាសា​បារាំង ត្រៀមខ្លួន​ចូលរួម​មហាសន្និបាត​លើក​ទី​៤៥ នៃ​ក្រុម​សភាជាតិ​និយាយ​ភាសា​បារាំង​

495
ចែករម្លែក

ដោយ​: សុផល​
​ភ្នំពេញ​:
លោកស្រី ស៊ុន សា​ភឿន សមាជិកា​រដ្ឋសភា តំណាង​កិត្តិ​នីតិ​កោសល្យ​បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​សភា​និយាយ​ភាសា​បារាំង APF បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ APF នៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា ដើម្បី​ត្រៀម​រៀបចំ​ឯកសារ​សម្រាប់​ការ​ទៅ​ចូលរួម​មហាសន្និបាត​លើក​ទី​៤៥ នៃ​ក្រុម​សភា​និយាយ​ភាសា​បារាំង APF នៅ​ប្រទេស​កូដ​ឌី​វ័រ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩​ខាងមុខ​។​

​លោកស្រី ស៊ុន សា​ភឿន បាន​មានប្រសាសន៍ថាៈ មហាសន្និបាត​លើក​ទី​៤៥ នៃ​ក្រុម​សភា​និយាយ​ភាសា​បារាំង APF នៅ​ប្រទេស​កូដ​ឌី​វ័រ គឺជា​មហាសន្និបាត​ដែលមាន​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ APF ចំនួន​៥​ដែល​ត្រូវ​ចូលរួម​។ ក្នុងនោះ​មាន ១-​គណៈកម្មាធិការ​នយោបាយ ២-​គណៈកម្មាធិការ​កិច្ចការ​សភា ៣-​គណៈកម្មាធិការ​អប់រំ និង​បណ្តាញ​ស្ត្រី ៤-​គណៈកម្មាធិការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍ និង ៥-​គណៈកម្មាធិការ​ក្រុម​សភា វ័យក្មេង ។​

​បន្ទាប់ពី​មានការ​ផ្ដល់យោបល់​ពីស​មា​ជិ​ក​សមាជិកា​ដែល​បាន​ចូលរួម អង្គ​ប្រជុំបាន​ឯកភាពគ្នា ឲ្យ​តាម​ផ្នែក​នីមួយៗ​រួមជាមួយ​លេខាធិការដ្ឋាន​រដ្ឋបាល នៃ​ក្រុម​សភាជាតិ​កម្ពុជា​APF ត្រៀម​រៀបចំ​ឯកសារ និង​បន្ត​យកមក​ប្រជុំ​ពិភាក្សាគ្នា​បន្ថែមទៀត មុននឹង​ទៅ​ចូលរួម​មហាសន្និបាត​លើក​ទី​៤៥ នៃ​ក្រុម សភា​និយាយ​ភាសា​បារាំង APF នៅ​ប្រទេស​កូដ​ឌី​វ័រ ខាងមុខ​នោះ​។​

​សូមបញ្ជាក់ថា​សភា​និយាយ​ភាសា​បារាំង​មានឈ្មោះ​ជា​ភាសា​បារាំង ASSEMBLÉE PALEMENTAIRE DE LA FRANCOPHONIE ហៅ​កាត់​ថា APF​។ កម្ពុជា​បាន​ចូល​ជា​សមាជិកសភា​និយាយ​ភាសា​បារាំង​APF​ចាប់តាំងពី​ឆ្នាំ​១៩៦៧​មក​។ រហូតមក​ទល់នឹង​ពេលនេះ APF មាន​សមាជិក​ជាង​៨០ ក្រុម​សភាជាតិ​។​
​ដើម្បី​រួមចំណែក​ក្នុង​វេទិកាសភា​អន្តរជាតិ​មួយ​នេះ សភា​កម្ពុជា​បានរៀបចំ​តែងតាំង​ក្រុម​សភាជាតិ​កម្ពុជា នៃ​សភា​និយាយ​ភាសា​បារាំង APF ដោយមាន​៖​ក​-​គណៈកម្មាធិការ​អចិន្ត្រៃយ៍​,​ខ​-​គណៈកម្មការ​ជំនាញ​ចំនួន​៤ មាន ១-​គណៈកម្មការ​នយោបាយ​, ២-​គណៈកម្មការ​កិច្ចការ​សភា ៣-​គណៈកម្មការ​អប់រំ ទំនាក់ទំនង និង​វប្បធម៌​,៤-​គណៈកម្មការ​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​។​គ​-​បណ្ដាញ​សមាជិកសភា​នៃ​សភា​និយាយ​ភាសា​បារាំង​ចំនួន​៣​មាន​១-​បណ្ដាញ​សភា​ស្ត្រី​,២-​បណ្ដាញ​សមាជិកសភា​ប្រយុទ្ធ នឹង​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ ជម្ងឺរបេង និង​ជម្ងឺគ្រុនចាញ់​, ៣-​បណ្ដាញ​សមាជិកសភា​វ័យក្មេង​។​ឃ​-​លេខាធិការដ្ឋាន​រដ្ឋបាល និង​ទីប្រឹក្សា​៕ ល​