ក្រុម​សហគ្រិន​ចិន​ហ្វូ​សាន​ចាប់អារម្មណ៍​ការវិនិយោគ​នៅ​កម្ពុជា និង​សន្យា​ជំរុញ​កំណើន​ទេសចរ​-​អ្នកវិនិយោគ​ចិន​មក​កម្ពុជា​ឱ្យបាន​ច្រើន​

315
ចែករម្លែក

ដោយ​:មូល​សម្បត្តិ/​ភ្នំពេញ ​៖ ក្នុង​ពិធី​សម្ពោធ​សមាគម​សហគ្រិន​ចិន​ហ្វូ​សាន​នៅ​កម្ពុជា នា​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩ លោក លី ហ៊ួ​ត ប្រធាន​ថ្មី​នៃ​សមាគម​សហគ្រិន​ចិន​ហ្វូ​សាន​នៅ​កម្ពុជា បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​របស់​លោក​ពិត​ជាមាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា ក្នុងនោះ​មាន​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ អគ្គិសនី ម្ហូបអាហារ​ជាដើម​។​

​ពិធី​សម្ភោ​ធ​សមាគម​នេះ ធ្វើឡើង​ក្រោម​វត្តមាន​សម្ដេចព្រះរៀម នរោត្តម បុប្ផា​ទេវី ។​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ឆាយ វៃ​ស៊ឹង តំណាង​រដ្ឋាភិបាល​ក្រុង​ហ្វូ​សាន ថ្នាក់ដឹកនាំ និង​សមាជិកសមាគម ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​រយ​នាក់​។​

​នាឱកាស​នោះ លោក ថោង ខុន បាន​ថ្លែងថា នៅ​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ ៦.២​លាន​នាក់ ក្នុង​កំណើន ១១% ក្នុងនោះ​ទេសចរ​ចិន​មាន​ប្រមាណ​ជាង ២​លាន​នាក់ ឈរ​លំដាប់​លេខ​១ ក្នុងចំណោម​ទីផ្សារ​ធំៗ​ទាំង​១០​។ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន ២.៤​លាន​នាក់ កើនឡើង ១១% ក្នុងនោះ​ទេសចរ​ចិន​មាន​ចំនួន ៨៨៧,០៣៩​នាក់ កើនឡើង ៣៧% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ ឆ្នាំ​២០១៩​នេះ កម្ពុជា​សង្ឃឹមថា នឹង​ទទួលបាន​ទេសចរ​ចិន​ប្រមាណ ២.៦​លាន​នាក់ និង​ប្រមាណ ៣​លាន​នាក់ នៅ​ឆ្នាំ​២០២០ លើស​ផែនការ​កំណត់​ដែល​បាន​គ្រោងទុក ហើយ​៥​លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង​ប្រមាណ ៨​លាន​នាក់ នៅ​ឆ្នាំ​២០៣០​។​

​លោក​លើកឡើង​ទៀតថា ចិន​គឺជា​ប្រទេស​ដែល​បាន​វិនិយោគ​ធំជាងគេ​លំដាប់​ទី​១​នៅ​កម្ពុជា ដោយ​ក្នុងនោះ​កាលពី​ឆ្នាំ​២០១៨ កន្លងមក វិនិយោគទុន​ចិន​មាន​ទំហំ​ប្រមាណ ២.៧​ពាន់​លាន​ដុល្លារ ស្មើនឹង​ប្រមាណ ៤៨.២% នៃ​ទំហំ​វិនិយោគ​សរុប​នៅ​កម្ពុជា​។​

​លោក​ថា ដើម្បី​ប្រែក្លាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​ជា​គោលដៅ​ដែលមាន​ភាព​ទាក់ទាញ និង​ធ្វើ​ឲ្យ​ទេសចរ​ដែល​មក​ទស្សនា​ស្នាក់​យូរ និង​ចំណាយ​ច្រើន កម្ពុជា​បន្ត​កិច្ចខិតខំ​ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍ​គោលដៅ​ផលិតផល​ទេសចរណ៍​ដែលមាន​ស្រាប់ និង​បន្ត​ទាក់ទាញ​ការវិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត នៅ​តំបន់​សៀមរាប​អង្គរ រាជធានី​ភ្នំពេញ តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​អេកូ​ទេសចរណ៍ ដូចជា​ទីក្រុង​ទេសចរណ៍​ស្អាត និង​បៃតង​ថ្មី​ទំនើប តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​តំបន់ឆ្នេរ​-​កោះ មជ្ឈមណ្ឌល​វិស្សមកាល និង​កីឡា​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរ​វ័យ​ចំណាស់ សួន​ទេសចរណ៍​កម្សាន្ត​របស់​កុមារ ហាង​លក់ទំនិញ​ទំនើបៗ ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ សណ្ឋាគារ​ប្រណីតៗ​លំដាប់​ផ្កាយ​៤ ផ្កាយ​៥​ជាដើម​។ អាស្រ័យ​ដោយហេតុថា បរិយាកាស​វិនិយោគ​នៅ​កម្ពុជា គឺ​កាន់តែ​សាមញ្ញ ងាយស្រួល បើកចំហ និង​សេរី​។​

​ជាមួយគ្នា​នោះ លោក​ឧកញ៉ា លី ហួត បាន​លើកឡើងថា ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​សហគ្រិន​ចិន​ហ្វូ​សាន​នៅ​កម្ពុជា ពិតជា​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា ក្នុងនោះ​មាន​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ ទេសចរណ៍ អគ្គិសនី ម្ហូបអាហារ​ជាដើម​៕B/