ក្រុម​សហជីប​បង់​ក្លា​ដែ​ស​បដិសេធ​ប្រាក់​ឈ្នួល​អប្បបរមា ៩៥ ដុល្លារ “​អមនុស្សធម៌​” សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ​

117

​ក្រុម​សហជីព​បង់​ក្លា​ដែ​ស​បានធ្វើ​ការតវ៉ា​តាម​ដងផ្លូវ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​កញ្ញា​ដើម្បី​បដិសេធ​នូវ​អ្វីដែល​ពួកគេ​ហៅថា​ប្រាក់​ឈ្នួល​អប្បបរមា ៩៥ ដុល្លារ​ក្នុង​មួយខែ “​គ្មាន​មនុស្សធម៌​” ដែល​រដ្ឋាភិបាល​បានកំណត់​សម្រាប់​កម្មករ​កាត់ដេរ​ចំនួន ៤ លាន​នាក់​នៅក្នុង​ប្រទេស​នេះ​។​

​អាជ្ញាធរ​បាន​និយាយថា ប្រាក់​ឈ្នួល​ថ្មី​នេះ​បាន​កើនឡើង ៥១ ភាគរយ​ហើយនឹង​ត្រូវអនុវត្ត​ចាប់ពី​ខែធ្នូ ប៉ុន្តែ​កម្មករ​រាប់ពាន់នាក់​បាន​ដើរ​តវ៉ា​តាម​ដងផ្លូវ​នៅ​រដ្ឋធានី​ដា​ក្កា​ក្នុងពេល​តែ​ប៉ុន្មាន​ម៉ោង​នៃ​ការប្រកាស​នេះ ដោយ​ប្តេជ្ញា​ថា​នឹង​តស៊ូ​ទាមទារ​ឱ្យមាន​ការដំឡើង​ប្រាក់​ឈ្នួល​បន្ថែមទៀត​។​

​សហជីព​នានា​បាន​និយាយថា ពួកគេ​នឹង​រៀបចំ​សកម្មភាព​តវ៉ា​នៅ​ទូទាំងប្រទេស​បង់​ក្លា​ដែ​ស​។​

​ប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្ន​មាន​ចំនួន ៥.៣០០ តា​កា (៦៣ ដុល្លារ​) ត្រូវបាន​កំណត់​នៅ​ឆ្នាំ ២០១៣ បន្ទាប់ពី​មនុស្ស​យ៉ាងហោចណាស់ ១.១៣០ នាក់​បានសម្លាប់​នៅពេល​អគារ​រោងចក្រ​កាត់ដេរ Rana Plaza ក្នុង​ទីក្រុង​ដា​ក្កា​បាន​ដួលរលំ​។ ប្រាក់​ឈ្នួល​ថ្មី​នេះ​ត្រូវបាន​កំណត់​នៅ​ចំនួន ៨.០០០ តា​កា (៩៥ ដុល្លារ​)​។​

​លោកស្រី ចូល​លី តា​លូក​ដឺ មេដឹកនាំ​សហជីព​កំពូល​ម្នា​ក់បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​យើង​មិនអាច​ទទួលយក​ប្រាក់ខែ​នេះ​បានទេ​។ វា​ពិតជា​អយុត្តិធម៌​និង​អមនុស្សធម៌​ណាស់​”​។​

​ក្រុម​សហជីព​របស់​លោកស្រី​តា​លូក​ដឺ​គឺ​ស្ថិតក្នុង​ចំណោម​ក្រុម​សហជីព​ឆ្វេងនិយម​ចំនួន ៣ ដែល​បានធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ដា​ក្កា ហើយ​លោកស្រី​បាន​និយាយថា មាន​គម្រោង​ធ្វើបាតុកម្ម​ច្រើន​ទៀត​ដើម្បី​ទាមទារ​ប្រាក់ខែ​យ៉ាងតិច ១៦.០០០ តា​កា (១៩២ ដុល្លារ​)​។​

​ក្រុមហ៊ុន​លក់រាយ​លំដាប់​កំពូល​នៅ​ទ្វីបអឺរ៉ុប​និង​ទ្វីបអាមេរិក​ខាងជើង​ដូចជា​ក្រុមហ៊ុន H & M, Tesco, Gap និង Walmart គឺជា​អ្នកទិញ​ដ៏​សំខាន់រ​បស់បង់​ក្លា​ដែ​ស​។​

​ក្រុមហ៊ុន​លក់រាយ​ទាំងនេះ​បាន​បង្កើត​អង្គភាព​ចំនួន ២ ដើម្បី​ជំរុញ​កំណែទម្រង់​នៅក្នុង​រោងចក្រ​បង់​ក្លា​ដែ​ស​បន្ទាប់ពី​គ្រោះមហន្តរាយ​រលំ​រោងចក្រ Rana Plaza​។​

​ប៉ុន្តែ​រោងចក្រ​ផលិត​នៅ​បង់​ក្លា​ដែ​ស​និយាយថា ក្រុមហ៊ុន​លក់រាយ​ទាំងនេះ​មិនបាន​បង្កើន​តម្លៃ​ដែល​ពួកគេ​បង់​សម្រាប់​សម្លៀកបំពាក់​នោះទេ ដែល​ធ្វើឱ្យ​ប្រាក់​ឈ្នួល​នៅ​រោងចក្រ​ធ្លាក់ចុះ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​យ៉ាងហោចណាស់ ១.១៣០ នាក់​បានសម្លាប់​នៅពេល​អគារ​រោងចក្រ​កាត់ដេរ Rana Plaza ក្នុង​ទីក្រុង​ដា​ក្កា​បាន​ដួលរលំ​ក្នុង​ឆ្នាំ ២០១៣