ក្រុម​សិល្បៈ​មហាហង្ស ចែក​អំណោយ​ដល់​សិស្សានុសិស្ស នៅ​ទី​ដាច់ស្រយាល​

1374
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ក្រុម​តារា​សិល្បៈ​ជាច្រើន​ដួង នៃ​ផលិតកម្ម​មហាហង្ស បាន​នាំយក​សម្ភារៈ​សិក្សា យកទៅ​ចែកជូន ដល់​លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស ស្ថិតនៅ​ភូមិ​តា​ម៉ៅ ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បន្ថែម​ពី​សម្ភារៈ​សិក្សា ក៏​បន្ថែម​នូវ​តុ​កៅអី ជូន​លោកគ្រូ អ្នកគ្រូ​ផងដែរ កាលពី​ថ្ងៃ​សៅរ៍ ទី​២៩ កញ្ញា ២០១៨​។

​តារា​ចូលរួម​មានដូចជា អ្នកនាង ភិន សុ​ដា​លី​ស លោក អូន ឧស្សាហ៍ លោក ភឹម តារា​វិបុល លោក​សួន រ៉ានី​រ៉ាស៊ី​នី និង​ក្រុមការងារ​ផលិត ក្រោម​កា​រក​ដឹកនាំ​របស់លោក អ៊ិន សុ​ភិន ចាងហ្វាង​ផលិតកម្ម ដែល​បាន​ផ្តល់ជូន នូវ​អំណោយ​ជា​ទ្រង់ទ្រាយ​ធំ ដែលជា​មូលនិធិ​របស់​ក្រុម​មហា​ង​ហង្ស ជូន​ដល់​សហគមន៍​ដាច់ស្រយាល ហើយ​នេះ​មិនមែនជា​លើក​ទី​១ របស់​ក្រុម​មហាហង្ស​នោះទេ​។​

​លោក អ៊ិន សុ​ភិន និយាយថា ដោយសារ​តែមាន​សំណើរ​ពី​ខាង​សហគមន៍​ដោយផ្ទាល់ សុំអោយ​ផលិតកម្ម​មហាហង្ស​ជួយ​បំពេញ​កង្វះខាត​ដល់​សាលាបឋមសិក្សា​តា​ម៉ៅ ដែល​ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ ទើប​លោក និង​ក្រុមការងារ​ឈានដល់​ការប្រគល់​ជូន​នូវ​កញ្ចប់​ថវិកា​សម្រាប់​ទិញ​ជា​តុ​កៅអី និង​សម្ភារៈ​សិក្សា​សរុប​ទឹកប្រាក់​អស់​ប្រមាណ​ជាង​៤​ពាន់​ដុល្លារ ដោយ​រាប់បញ្ចូល​ទាំង​ការផ្ដល់​ជា​អំណោយ​បន្ថែម នៅ​ថ្ងៃ​ចុះ​ប្រគល់​ផ្ទាល់​ផង គឺ​អស់​ប្រមាណ​ជា​៦​ពាន់​ដុល្លារ​។ ថវិកា​ដែល​បានប្រគល់​ជូន​ជា​កញ្ចប់​នេះ បាន​ពី​ការ​កាត់​ផលចំណេញ​របស់​ផលិតកម្ម​មហាហង្ស និង​មួយផ្នែក​តូច​បាន​ពី​ការរួមចំណែក​ពី​តារា​សិល្បៈ និង​ពី​សប្បុរសជន​នានា​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​មូលនិធិ​របស់​ផលិតកម្ម​មហាហង្ស​បានធ្វើ​អំណោយ​ជា​ទ្រង់ទ្រាយ​ច្រើន​ពាន់​ដុល្លារ​ក្នុង​កិច្ចការ​សង្គម បន្ទាប់ពី​លើក​ទី​១ ក៏បាន​ផ្ដល់ជូន​ដល់​មណ្ឌល​កុមារកំព្រា​មួយកន្លែង​។ យ៉ាងណាមិញ លោ​កថា​ខ្លួន​នឹងមាន​គម្រោង​ជួយ​ដល់​សាលាបឋមសិក្សា​តា​ម៉ៅ បន្តទៀត ដើម្បី​សម្រួល​ដល់​ការលំបាក​ដែល​សាលា​ជួបប្រទះ​។​

​អ្នកនាង ភិន សុ​ដា​លី​ស និយាយថា ជា​លើក​ទី​១​ដែល​អ្នកនាង​បានបង្ហាញ​ខ្លួន​ប្រគល់​អំណោយ​មកកាន់​តំបន់​ដាច់ស្រយាល ហើយ​បាន​បាន​ជួប​ជាមួយនឹង​ក្មេងៗ​ដោយផ្ទាល់​នៅក្នុង​សហគមន៍​។ តំបន់​ដែល​អ្នកនាង​បាន​ទៅដល់​នេះ មាន​ចម្ងាយ​ឆ្ងាយ​ពី​ទីប្រជុំជន​យ៉ាងខ្លាំង ទើប​អ្នកនាង​សម្ដែង​ក្ដីបារម្ភ ប្រសិនបើ​ក្មេងៗ​បានបញ្ចប់​ការសិក្សា​ថ្នាក់​ទី​៦​ហើយ ហើយ​មិនមាន​លទ្ធភាព​អាច​ទៅ​បន្ត​ការសិក្សា​នៅ​ទី​រួម​ខេត្ត ដោយសារតែ​ជីវភាព​។ អ្នកនាង​ថាបើ​ក្នុង​តំបន់​នោះ មានការ​អភិវឌ្ឍន៍​អោយមាន​អនុវិទ្យាល័យ និង​វិទ្យាល័យ​តែម្ដង នោះ​ទើប​ជាការ​ប្រសើរ​សម្រាប់​ក្មេងៗ ដែល​ខ្វះ​លទ្ធភាព​ហើយ​មិនត្រូវ​ការចេញ​ឆ្ងាយ​ពី​តំបន់​ដែល​ខ្លួន​រស់នៅ​។​

​បន្ថែម​ពី​ការប្រគល់​តុ​កៅអី និង​ចែកជូន​នូវ​សម្ភារៈ​សិក្សា​ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្ស​ក្មេងៗ ជាង​២០០​នាក់ ក្រុម​តារា​មហាហង្ស ក៏បាន​និយាយ​លេង​ធ្វើ​ឲ្យ​ក្មេងៗ បាន​សើច​សប្បាយ​ផងដែរ​៕