ក្រុម​ស៊ីណា​វ៉ាត​និង​សម្ពន្ធមិត្ត​បង្កើត​គណបក្ស​ថ្មី ត្រៀម​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​

226

សាច់ញាតិនិងសម្ពន្ធមិត្តរបស់អតីតនាយករដ្ឋមន្រ្តីត្រូវបណ្តេញចេញពីតំណែង លោកថាក់ស៊ីន ស៊ីណាវ៉ាតនិងប្អូនស្រី លោកស្រីយីងឡាក់ ស៊ីណាវ៉ាត កាលពីថ្ងៃពុធទី៧វិច្ឆិកាបានបង្កើតគណបក្សនយោបាយថ្មីមួយនៅមុនការបោះឆ្នោតសកលនៅដើមឆ្នាំក្រោយ ។

មេដឹកនាំបក្ស«ថៃ រ៉ាក់សា ឆាត»(កណ្តាល)មកដល់សំរាប់កិច្ចប្រជុំរបស់បក្សកាលពីថ្ងៃ៧វិច្ឆិកានៅក្រុងបាងកក

រដ្ឋាភិបាលយោធាបានសន្យាថានឹងអនុញ្ញាតអោយមានការបោះឆ្នោតនៅចន្លោះខែកុម្ភៈនិងឧសភាឆ្នាំក្រោយ បន្ទាប់ពីពន្យារពេលម្តងជាពីរដង។វាត្រូវបានគេមើលឃើញថាជាការប្រកួតប្រជែងមួយរវាងអ្នកគាំទ្រក្រុមយោធានិងស្ថាប័នរាជានិយម ទល់នឹងកម្លាំងប្រជានិយមដឹកនាំដោយគណបក្សភឿថៃ ដែលត្រូវបានបណ្តេញចេញពីអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤។

សមាជិកគណបក្សថ្មីឈ្មោះថា «ថៃ រ៉ាក់សា ឆាត» រួមមានក្មួយប្រុសនិងក្មួយស្រីរបស់ថាក់ស៊ីន ជំនួយការជិតដិតរបស់លោកនិងមនុស្សជំនាន់ថ្មីនៃសម្ពន្ធមិត្តនយោបាយរបស់ក្រុមគ្រួសារនេះ។វាត្រូវដឹកនាំដោយលោក ព្រីឆាផុល ពង់ផានីច អតីតសមាជិកសភាគណបក្សភឿថៃ។

អ្នកវិទ្យាសាស្រ្តនយោបាយ យុត្តាផន អ៊ីសសារ៉ាឆៃ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «វាជាយុទ្ធសាស្រ្តនយោបាយមួយសំរាប់ភឿថៃក្រោមប្រព័ន្ធបោះឆ្នោតថ្មីដើម្បីដណ្តើមបានអាសនៈអោយបានច្រើនឡើង»។

លោកថា គណបក្សថ្មីក៏នឹងជាកន្លែងបម្រុងទុក ក្នុងករណីបក្សភៀថៃ ត្រូវរំលាយចោលដោយសារការចោទប្រកាន់ថារំលោភច្បាប់ដែលគេបង្កើតឡើង។

ភឿថៃប្រឈមការត្រូវរំលាយចោលក្រោយពីមេទ័ពថៃប្រាប់ទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតស៊ើបអង្កេតថាតើថាក់ស៊ីន នៅតែត្រួតត្រាលើភឿថៃដែរឬអត់។

សូមរំលឹកថា បណ្តាគណបក្សដែលមានទំនាក់ទំនងជាមួយគ្រួសារស៊ីណាវ៉ាត បានឈ្នះរាល់ការបោះឆ្នោតក្នុងមួយទសវត្សរ៍កន្លងមក តែរដ្ឋធ្មនុញ្ញថ្មីរបស់រដ្ឋាភិបាលយោធាដែលក្រុមយោធាបាននិយាយថាមានបំណងធ្វើអោយខ្សោយបក្សនយោបាយ កាត់បន្ថយអាសនៈសភានៅតាមខេត្ត កន្លែងដែលក្រុមស៊ីណាវ៉ាតធ្លាប់មានឧត្តមភាពកាលពីមុន។

អតីតសេដ្ឋីទូរគមនាគមន៍រូបនេះត្រូវបានបណ្តេញចេញពីអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០០៦ និងចាប់តាំងពីពេលនោះមកលោករស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចចេញពីការដាក់ទោសពីបទប្រព្រឹត្តអំពើពុករលួយនៅឆ្នាំ២០០៨ សំរាប់ការចោទប្រកាន់ដែលលោកថាមានចេតនានយោបាយ។

ចំណែកលោកស្រីយីងឡាក់ បានភៀសខ្លួនចេញពីថៃកាលពីខែសីហាឆ្នាំមុនមុនតុលាការកាត់ទោសលោកស្រីពីបទធ្វេសប្រហែសភារកិច្ច។លោកស្រីត្រូវបានកាត់ទោសកំបាំងមុខអោយជាប់គុក៥ឆ្នាំ៕ដោយ៖វាសនា