ក្រុម​ស្រមោល​មួយ​ប្រកាស “​រដ្ឋាភិបាល​និរទេស​ខ្លួន​” សម្រាប់​កូរ៉េខាងជើង​

374
ចែករម្លែក
  • 27
    Shares

​ក្រុម​ស្រមោល​មួយ​ដែល​គេ​ជឿថា​កំពុង​ការពារ​កូនប្រុស​របស់​បងប្រុស​គីម​ជុង​អ៊ុន​ដែល​គេ​សម្លាប់​នៅ​ម៉ាឡេស៊ី បានប្រកាស​ពី​ការបង្កើត​រដ្ឋាភិបាល​និរទេស​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ទី​១​មីនា ដោយ​ប្ដេជ្ញាចិត្ត​លុបចោល​អំពើអាក្រក់​ដ៏​ធំធេង​។​

​អង្គការ​ការពារ​ជន​ស៊ីវិល​ឈឹ​ល​លី​ម៉ា (Cheollima Civil Defense-CCD) ដែល​បានផ្តល់​ការជួយ​ដល់​មនុស្ស​ដែល​ប៉ុនប៉ង​រត់គេច​ចេញពី​កូរ៉េខាងជើង បាន​លេចឡើង​នៅលើ​អន​ឡាញ​ក្នុង​ឆ្នាំ ២០១៧ នៅពេលដែល​ខ្លួន​បាន​បង្ហោះ​វីដេអូ​អន​ឡាញ​មួយ​នៃ​គីម ហាន​សូល ដោយ​និយាយថា​ខ្លួន​បាន​ធានា​សុវត្ថិភាព​របស់គាត់ បន្ទាប់ពី​ឪពុក​របស់គាត់​ត្រូវបាន​សម្លាប់​ដោយ​ស្ត្រី​ពីរ​នាក់ ដែល​ប៉ាត​ជាតិគីមី​ពុល​លើ​មុខ​របស់គាត់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​វែង​មួយ​ដែល​បាន​បង្ហោះ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ទាំង​ជា​ភាសា​កូរ៉េ​និង​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ ដែលជា​ខួប​លើក​ទី ១០០ នៃ​ចលនា​កូរ៉េ​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​អាណា​និគម​ជប៉ុន ក្រុម​នេះ​បានប្រកាសថា ខ្លួន​ជា​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​សម្រាប់​កូរ៉េខាងជើង ដែល​គេ​ហៅថា “​រំដោះ​ចូ​សឹង​”​។​

​ចូ​សឹង​គឺជា​ឈ្មោះ​ចាស់​សម្រាប់​ប្រទេស​កូរ៉េ​។​

​ក្រុម​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​លះបង់​ខ្លួន​យើង​ទាំងស្រុង​ចំពោះ​ការលុបបំបាត់ចោល​អំពើអាក្រក់​ដ៏​ធំធេង​នេះ ដែលជា​ស្នាម​ប្រឡាក់​លើ​ដួងព្រលឹង​មនុស្សជាតិ​” ដោយ​និយាយថា ខ្លួន​នឹង​បន្ត​យុទ្ធនាការ​របស់ខ្លួនរ​ហូត​ដល់ “​ថ្ងៃ​ដែល​ពន្លឺ​ត្រូវបាន​ស្តារឡើងវិញ​យ៉ាងពិត​ប្រាកដ​នៅលើ​ទីក្រុង​ព្យុងយ៉ាង​”​។​

​ក្រុម​នេះ​បាន​អះអាងថា​ខ្លួន​ជា “​អ្នកតំណាង​ស្របច្បាប់​តែមួយគត់​នៃ​ប្រជាជន​កូរ៉េខាងជើង​” ដោយ​បន្ថែមថា “​ចូ​សឹង​ត្រូវតែមាន​សេរីភាព​។ ចូរ​ក្រោក​ឡើង​! ចូរ​ក្រោក​ឡើង​! អ្នក​ទាំងអស់គ្នា​ត្រូវបដិសេធ​កុំ​ធ្វើជា​ទាសករ​របស់គេ​!”​។​

​ក្រុម​នេះ​បាន​បង្ហោះ​វីដេអូ​នៃ នារី​ម្នាក់​ក្នុង​ស្លៀកពាក់​បុរាណ​ហាន​បុក​ពណ៌​ខ្មៅ​និង​ស និង​មុខ​របស់​នាង​បាំង​ព្រិលៗ ឬ​បង្ហាញ​តែ​ខ្នង​របស់​នាង កំពុង​អាន​សេចក្តីថ្លែងការណ៍​នៅមុខ​ពន្លា​កូរ៉េ​បុរាណ​នៅក្នុង​ទីវាល​មួយ​។​

​គេ​ដឹង​តិចតួច​ណាស់​អំពី​ក្រុម CCD ហើយ​មិន​ច្បាស់​ទេ​ថា​តើន​រណា​នៅ​ពីក្រោយ​អង្គការ​នេះ បើទោះបី​ជាមាន​អ្នកខ្លះ​គិតថា​វា​មាន​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង​ក៏ដោយ​៕ ដោយ៖ កញ្ញាដាលីស

គីម ហាន​សូល ក្មួយប្រុស​របស់​គីម ជុង​អ៊ុន
#