ក្រុម​អង្គការ​សហប្រជាជាតិ​ទៅដល់​បង់​ក្លា​ដែស​ដើម្បី​ពិនិត្យមើល​វិបត្តិ​ជន​រ៉ូ​ហ៊ីង​យ៉ា​

865
ចែករម្លែក

​ក្រុម​មួយ​មក​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កំពុង​ធ្វើ​ទស្សនកិច្ច​បង់​ក្លា​ដែស​និង​កាលពី​ថ្ងៃអាទិត្យ​ទី​២៩​មេសា​បាន​សន្យា​ខិតខំ​ធ្វើការ​ដើម្បី​ដោះស្រាយ​​បញ្ហា​របស់​ជន​រ៉ូ​ហ៊ីង​យ៉ា​រាប់​ម៉ឺន​នាក់​ដែល​បាន​ភៀសខ្លួន​ចូល​ក្នុង​ប្រទេស​ដើម្បី​គេចចេញ​ពី​អំពើ​ហិង្សា​ដឹកនាំ​ដោយ​យោធា​នៅ​ក្នុង​ប្រទេសជិតខាង​មី​យ៉ាន់​ម៉ា​។​

​ពួក​អ្នកការទូត ដែល​បាន​ទៅ​មើល​ជំរំ​និង​ចំណុច​ព្រំដែន កន្លែង​ដែល​ជន​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​៧០០.០០០​នាក់​កំពុង​ស្នាក់អាស្រ័យ បាន​និយាយថា ដំណើរ​ទស្សនកិច្ច​​របស់​ពួកគេ​គឺ​ដើម្បី​ត្រួត​មើល​សភាពការណ៍​ជាមុន​។​

​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ លោក​ឌី​មី​ទ្រី ប៉ូល​យ៉ាន​ស្គី បាន​និយាយថា លោក​និង​សមាជិក​ក្រុម​នឹង​មិន​មើល​រំលង​វិបត្តិ​នេះ​ទេ​បន្ទាប់​ពី​​ដំណើរ​ចុះ​ពិនិត្យ​នេះ​ទៅ ទោះជា​យ៉ាងណា​លោក​បាន​ព្រមាន​ថា​មិន​មាន​ដំណោះស្រាយ​ស្រួលៗ​ទេ​។​

​លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ជំរំ​ជនភៀសខ្លួន​មួយ​ក្នុង​ទីប្រជុំជន​ខុកស៍ បា​ហ្សា ថា​”​ចាំបាច់​ត្រូវ​មក​មើល​អ្វីៗ​នៅទីនេះ នៅ​បង់​ក្លា​ដែស​និង​មី​​យ៉ាន់​ម៉ា​។​តែ​មិន​មាន​ដំណោះស្រាយ​ងាយស្រួល​ទេ​”​។​

​ពួក​អ្នកការទូត​ត្រូវ​បញ្ចប់​ដំណើរ​របស់​គេ​នៅ​បង់​ក្លា​ដែស​នៅថ្ងៃចន្ទ មុន​បន្តដំណើរ​ទៅ​មី​យ៉ាន់​ម៉ា​។​

​សូមបញ្ជាក់​ថា ការ​ផ្អើល​នាំគ្នា​ភៀសខ្លួន​ទៅកាន់​ប្រទេស​ជិតខាង​បង់​ក្លា​ដែស បន្ទាប់​ពី​ពួក​បះបោរ​រ៉ូ​ហ៊ីង​យ៉ា​បាន​ធ្វើ​ការវាយប្រហារ​ជា​បន្ត​បន្ទាប់​កាលពី​ថ្ងៃ​២៥​សីហា​ឆ្នាំ​​មុន​លើ​ប៉ុស្តិ៍​សន្តិសុខ​តាម​ព្រំដែន និង​គោលដៅ​ផ្សេង​ទៀត​ប្រមាណ​៣០ ជាហេតុ​បង្ខំ​អោយ​យោធា​មី​យ៉ាន់​ម៉ា ធ្វើការ​បង្ក្រាប​យ៉ាង​ខ្លាំងក្លា​រហូតដល់​មន្ត្រី​អង្គការ​សហ​ប្រជា​​ជាតិ​និង​អាមេរិក​ចោទប្រកាន់​អាជ្ញាធរ​ក្រុង​ណៃពី​ដោ​ថា “​ធ្វើការ​បោសសម្អាត​ជាតិ​សាសន៍​” បន្ទាប់​ពី​មាន​របាយការណ៍​អំពី​ការចាប់រំលោភ សម្លាប់ ធ្វើ​ទារុណកម្ម​និង​​ដុត​ផ្ទះ​ពួក​រ៉ូ​ហ៊ីង​យ៉ា ពី​សំណាក់​យោធា​មី​យ៉ាន់​ម៉ា​។​

​ពួក​អ្នកការទូត ផ្សំ​ដោយ​តំណាង​មក​ពី​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទាំង​១៥ បាន​និយាយ​ទៅកាន់​ជនភៀសខ្លួន រួម​ទាំង​ជនរងគ្រោះ​ពី​ការចាប់​​រំលោភ​។​ពួក​ជនភៀសខ្លួន​កំពុង​ស្នើសុំ​អោយមាន​ការការពា​រ​ពី​អង្គការសហប្រជាជាតិ​ក្នុងពេល​វិល​ទៅកាន់​ភូមិ​ស្រុក​នៅ​ឯ​មី​យ៉ាន់​ម៉ា​វិញ​។​

​សូមបញ្ជាក់​ថា​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​និង​បង់​ក្លា​ដែល​កាលពី​ពេល​ថ្មីៗ​បាន​សំរេច​កិច្ចព្រមព្រៀង​មួយ​ដែល​ធានាថា ដំណើរការ​នៃ​ការបញ្ជូន​​ជនភៀសខ្លួន​ត្រឡប់​ទៅ​វិញ​ត្រូវ​តែ​” សុវត្ថិភាព ដោយ​ស្ម័គ្រចិត្ត​និង​ដោយ​សេចក្តីថ្លៃថ្នូរ​…​ស្រម​តាម​ស្តង់ដា​អន្តរជាតិ​”៕​ដោយ​៖​វាសនា​


ជនភៀសខ្លួន​រាប់ពាន់នាក់​ជួបជុំគ្នា​ដើម្បី​ស្វាគមន៍​ប្រតិភូ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃអាទិត្យ​