ក្រុម​អនាធិបតេយ្យ ដើរ​រំលោភ​ដីធ្លី នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ទ្វេដង

282
ចែករម្លែក
  • 1
    Share

*ម្ចាស់​ដី​ស្របច្បាប់​អង្គុយ​យំ អភិបាលខេត្ត​ព្រះសីហនុ​កោះប្រជុំ​បន្ទាន់ ដើម្បី​ចាត់​វិធានការណ៍​

ដោ​យ​វណ្ណៈ​/​ព្រះសីហនុ ៖ កាលពី​រសៀល​ថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៩ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ ដើម្បី​ចាត់វិធានការ​ចំពោះ​ក្រុម​ពលរដ្ឋ​ដើរ​ចាប់ដី​អនាធិបតេយ្យ​នៅ​ខេត្ត​ព្រះសីហនុ ចំណាត់ការ​នេះ ទទួលបាន​លទ្ធផល​​ល្អ​ឬ​អាក្រក់​ដូចពេលមុន​ទៀត មិនដឹង​ទេ ប៉ុន្តែ ម្ចាស់​ដី​ស្របច្បាប់ មួយចំនួន​ធំ​ផ្តើម​អង្គុយ​យំ បណ្តើរៗ​ហើយ។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក​អភិបាលក្រុង​ស្រុក​ទាំង​៤ តំណាងកង​រាជអាវុធ​ហត្ថខេត្ត និង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ។​

​គោលបំណង​សំខាន់​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​ល្ងាច​នេះ ​គឺ​បាន​ផ្ដោត​សំខាន់​ទៅលើ​ការអប់​រំ​ផ្សព្វផ្សាយ ​និង​បង្ក្រាប​រាល់​សកម្មភាព​អនាធិបតេយ្យ​របស់​ក្រុម​ពលរដ្ឋ​មួយ​ចំនួន ​ដែល​បាន​ផ្តុំគ្នា​ធ្វើ​សកម្មភាព​រំលោភ​លើដី​កម្មសិទ្ធិ​របស់​អ្នកដទៃ​ ដែល​នៅ​ទំនេរ និង​ដី​សាធារណៈ​របស់​រដ្ឋ​ផងដែរ​។​

​សូម​ជម្រាបជូន​ថា​ រយៈពេល​ប្រមាណ​ជាង​មួយ​សប្តាហ៍​ចុងក្រោយ​នេះ ​ក្រុម​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេងៗ​ជាច្រើន​ បាន​ប្រមូលផ្ដុំ​មនុស្ស​ចូលទៅ​ទន្ទ្រាន​កាន់កាប់​វាស់វែង​ដី​ចែកគ្នា​នៅ​ស្ទើរ​គ្រប់​ស្រុក​-​ក្រុង ទៅតាម​ចំណែក​រៀងៗ​ខ្លួន ម្ចាស់​ដី​ធំៗ​ម្នាក់ៗ​ដើរ​គ្រវីក្បាល​ដូច​គោ​ច្រាំង​ទិច​ហើយ​ពេលនេះ ។​

​បន្ទាប់ពី​ក្រុម​អាជ្ញាធរ​តាម​មូលដ្ឋាន​បានតាមដាន​ស៊ើបអង្កេត​រួចរាល់​ពិនិត្យឃើញថា​ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ ​គឺ​បាន​ចល័ត​មកពី​តំបន់​ផ្សេងៗ​ឬ​ខេត្ត​ផ្សេងៗ​តាម​ការ​ចលនា​អូសទាញ​របស់​មេខ្លោង​លាក់​មុខ​នៅ​ពីក្រោយ​ខ្នង​ ដើម្បី​ទន្ទ្រាន​យក​ដី​កម្មសិទ្ធិ​របស់​អ្នក​ដទៃ​រួមជាមួយ​នឹង​ដី​របស់​រដ្ឋ​ផងដែរ​ក្រោម​ហេតុផល​ថា ​មាន​ភាពក្រីក្រ​គ្មាន​ដី​គ្មាន​ផ្ទះ​នៅ។​

​តែ​ករណីនេះ​អាជ្ញាធរ​ធ្វើការ​សន្និដ្ឋានថា​គឺជា​យុទ្ធសាស្ត្រ​របស់​ក្រុម​ប្រជាពលរដ្ឋ​អនាធិប​តេយ្យ​ក្រោម​ល្បិច ឈ្នះ​បាន​ដី​ចាញ់​បាន​លុយ​ប៉ុណ្ណោះ​។​

​វិធានការ​ចំពោះមុខ​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានប្រគល់​ភារកិច្ច​ជូន​គណៈបញ្ជាការ​ឯកភាព​ក្រុង​ស្រុក​ទាំងអស់​ត្រូវធ្វើ​ការអប់រំ ផ្សព្វផ្សាយ​ដល់ទី​តាំង​ដែល​ក្រុម​គាត់​ចូល​ទន្ទ្រាន​កាន់កាប់​នោះ​ ដើម្បីឲ្យ​ពួកគាត់​បាន​យល់ដឹង​ព្រមទាំង​កំណត់​​អត្តសញ្ញាណ​ពួកគាត់​អោយបាន​ច្បាស់លាស់ ជំរុញ​ឲ្យ​ពួកគាត់​យល់​អំពី​ច្បាប់​និង​ចាក​ចេញពី​ទីតាំង​ទន្ទ្រាន​ ដើម្បី​ចៀសវាង​មាន​បញ្ហា​នៅពេល​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់​។​

​ជាមួយគ្នានេះ​ផងដែរ លោក​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​ដាក់​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ រួមជាមួយ​នឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ផងដែរ​ត្រូវស្រាវជ្រាវ​តាមដាន​រកមុខ​សញ្ញា​មេខ្យល់​ទាំងអស់នេះ​ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ដោយ​គ្មាន​លើកលែង​។​

​លោក យន្ត មីន បានបញ្ជាក់​បន្ថែមថា​៖​ប្រទេស​មានច្បាប់​ ដូច្នេះ​យើង​ត្រូវតែ​អនុវត្ត​ទៅ​តាម​ច្បាប់​ដោយ​មិនអាច​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​អនាធិបតេយ្យ​ មក​ក្រឡុក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បង្កបញ្ហា​ឥតឈប់ឈរ​ដូច្នេះ​ឡើយ​។​

​ទន្ទឹមនេះ​លោក​អភិបាលខេត្ត​ព្រះសីហនុ​ ក៏បាន​ផ្ញើ​សារ​អំពាវនាវ​ដោយ​ទទូច​ដល់​ក្រុម​ប្រជាពលរដ្ឋ​អនាធិបតេយ្យ​ទាំងអស់នេះ ​សូម​នាំគ្នា​ដកខ្លួន​ចេញពី​ទីតាំង​ដី​កម្មសិទ្ធិ​របស់គេ​និង​ដី​សាធារណៈ​របស់​រដ្ឋ​ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ប្រឈម។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រុម​សង្គម​ស៊ី​វិល បាន​លើកឡើងថា រឿង នេះ​ប្រហែលជា​គ្មាន​ប្រសិទ្ធភាព​នោះទេ ព្រោះសុំ​ណុំ​រឿង អាស្រូវ​កន្លងមក​នៅ​មិនទាន់ រលត់​នៅឡើយ​ទេ ចៅហ្វាយខេត្ត​រង​២​រូប កំពុង​សោកសង្រេង មេ​ប៉េអឹម មេទាហាន នៅ​មិនទាន់​រួចខ្លួន ស្ថាពរ​នៅឡើយ សួរថា​តើ​! មាន​អស់លោក​ណា​ហ៊ាន​ទៀត ដូចនេះនៅ​ចំពោះមុខ ហៃអើៗចេញផុតពី​អង្គប្រជុំ សាប​ដូច​ទឹកទន្លេ​ហើយ មិន​ប្រៃ​ដូច​សមុទ្រ​ពេលមុន​ទេ៕​B/

#