ក្រុម​អ្នកគាំទ្រ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា សម្រុកចូល​សភា​ដែល​កំពុង​ប្រជុំ​

1019
ចែករម្លែក

ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាល​ជិត​១០០​នាក់ បាន​សម្រុកចូល​សភាជាតិ​ដែល​គ្រប់គ្រង​ដោយ​ក្រុមប្រឆាំង​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដោយ​ពួកគេ​បាន​វាយតប់​សមាជិកសភា​ច្រើន​នាក់ កាលពី​ថ្ងៃ​ពុធ ទី​៥ កក្កដា (​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​កម្ពុជា​)​។​

ក្រុម​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា ការប្រឈមមុខ​ដាក់គ្នា​នេះ បានកើត​ឡើង បន្ទាប់ពី​មាន​សម័យប្រជុំ​សភា​ដើម្បី​ប្រារព្ធ​ខួប​ថ្ងៃ​ឯករាជ្យភាព​របស់​ប្រទេស​នេះ​។​

ទីភ្នាក់ងារសារព័ត៌មាន AFP បាន​និយាយថា ប៉ូលិស ដែល​យាម​នៅ​ទីនោះ បាន​ឈរ​ធ្វើ​ព្រងើយ នៅពេលដែល ក្រុម​អ្នកគាំទ្រ​ទាំងនោះ​សម្រុកចូល ដែល​ប្រដាប់​ដោយ​ដំបង​និង​បំពង់​ដែក បាន​បុក​ទម្លាយ​ទ្វាររបង​នោះ​។ រដ្ឋាភិបាល​បាន​ប្តេជ្ញា​ធ្វើការ​ស៊ើបអង្កេត​។​

ប្រធានសភា​នេះ បាន​និយាយថា ពីរ​បី​ម៉ោង​ក្រោយមក មនុស្ស​ចំនួន​៣៥០​នាក់ បាន​ស្ថិតនៅក្រោម​ការឡោមព័ទ្ធ​នៅឡើយ​។​

លោក ជូ​លី​អូ ប​ច (Julio Borges) ប្រធានសភា បាន​និយាយ​នៅ​បណ្តាញ​ទំនាក់ទំនង​សង្គម​Twitter​ថា មាន អ្នកកាសែត​និស្សិត និង​ក្រុម​ភ្ញៀវ សរុប ១០៨​នាក់ នៅក្នុង​ចំណោម​ពួកគេ​នៅក្នុង​សភា​នោះ ។ ក្រុម​អ្នកឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​ទី​ភ្នា​ក់​សារព័ត៌មាន​រ៉​យ​ទ័​រ ថា មនុស្ស​មួយចំនួន​ក្នុងចំណោម​អ្នក​ទាំងនោះ ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ក្រៅ​។​

លោក ជូ​លី​អូ បាន​និយាយប្រាប់​ឈ្មោះ​សមាជិកសភា​៥​នាក់​ក្នុងចំណោម​សមាជិកសភា​ច្រើន​នាក់​ដែល​បាន​រងរបួស​។ អ្នករបួស​មួយចំនួន​ត្រូវបាន​នាំទៅ​ពេទ្យ​។

​ក្រុម​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា អ្នកកាសែត​ពីរ​បីនាក់ និង បុគ្គលិក​សភា​២​នាក់ ក៏បាន​រងរបួស​ផងដែរ​។​

វ៉េ​ណេ​ស៊ុយ​អេ​ឡា ត្រូវបាន​ញាំញី​ដោយ​ការតវ៉ា​ដែល​ភាគច្រើន​មាន​អំពើហិង្សា កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយ​ប្រទេស​នេះ កំពុងស្ថិត​នៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​។​

កាសែត​វ៉េ​ណេ​ស៊ុយ​អេ​ឡា Tal Cual បាន​ស្តីបន្ទោស​ការវាយប្រហារ​នេះ​ទៅលើ​ក្រុម​កងជីវពល “​កូ​ឡិ​ក​ទី​វ៉ូស​” (Colectivos) ​និង​បាន​និយាយថា ក្រុម​នេះ បាន​បាញ់​គ្រឿងផ្ទុះ​នៅមុន​ពេល​ពួកគេ​បាន​សម្រុក​ចូលក្នុង​សភា​នេះ​។ កាសែត​នេះ បាន​និយាយថា “​សមាជិកសភា​មួយចំនួន ត្រូវបាន​វាយតប់​ដួល​ទៅ​ដី និង ខ្លះទៀត​ត្រូវបាន​ទាត់​ធាក់​”៕ ​ដោយ ៖សុខា