ក្រុម​អ្នកនេសាទ ជួយសង្គ្រោះ​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ឯនាយ​សមុទ្រ​របស់​ឥណ្ឌូនេស៊ី

3224
ចែករម្លែក

​ក្រុម​អ្នកនេសាទ​ឥណ្ឌូនេស៊ី​បាន​ជួយសង្គ្រោះ​ជន​ម៉ូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ា យ៉ាងតិចណាស់​ចំនួន​៥​នាក់​នៅ ឯនាយ​កោះ​ស៊ូ​ម៉ា​ត្រា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​៦​មេសា​និង​បាន​​នាំ​ពួកគេ​ទៅដល់​ឆ្នេរសមុទ្រ ។ នេះ​ជា​លើក​ទី​មួយ​នៃ​ការមកដល់​ទឹកដី​ឥណ្ឌូនេស៊ី​នៃ​ក្រុម​ជន​ម៉ូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ានៅ​ឆ្នាំនេះ ស្របពេល​ដែល មាន​សេចក្តីរាយការណ៍​ថា​​មនុស្ស​៥​នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​សមុទ្រ​។​

​គេ​មិនដឹង​ច្បាស់​ភ្លាមៗ​នោះ​ទេ​ថា​តើ​ទូក​នោះ​បាន​ចាកចេញ​ពី​កន្លែង​ណា​មក​នោះ​ទេ​។ ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយថា​ពួកគេ​កំពុង​រំពឹងថា​នឹង​មាន​ជន​ភៀស​​ខ្លួន​ជាច្រើន​ទៀត​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ដើម្បី​ព្យាយាម​ឆ្លងកាត់​សមុទ្រ​ដ៏​គ្រោះថ្នាក់​។​

​ក្រុម​អ្នកនេសាទ​នៅ​ខេត្ត Aceh នៅ​ភាគ​ខាងជើង​នៃ​កោះ​ស៊ូ​ម៉ា​ត្រា បាន​នាំ​បុរស​២​នាក់ ស្ត្រី​២ នាក់​និង​កុមារ​ម្នាក់​ទៅ​កន្លែង​សុវត្ថិភាព ខណៈពេល​ដែល​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ព័ត៌មាន​ថា​មនុស្ស​៥ នាក់​ទៀត​បាន​ស្លាប់​។​

​លោក Razali មន្ត្រី​យោធា​ជើង​ទឹក​នៅ​ខេត្ត​នេះ បាន​និយាយថា ” នៅ​ពេល​ពួកគេ​មក​ដល់​ដីគោក ភ្លាម​នោះ​ពួកគេ​ត្រូវបាន​នាំ​ទៅ​មន្ទីរពេទ្យ​”​។​

​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា តាម​សមុទ្រ បន្ទាប់ពី​មាន​ការផ្ទុះ​អំពើ​ហិង្សា​នៅ​រដ្ឋ​រ៉ា​ឃី​ន នៅក្នុង​ឆ្នាំ​២០១២៕ដោយ៖សុខា/SN

​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ស្ថិតនៅ​លើ​ទូក​មួយ​នៅ​ជិត​ឆ្នេរសមុទ្រ​នៃ​ខេត្ត​Aceh កាលពី​ឆ្នាំ​២០១៥

#