ក្រុម​អ្នករត់​តាក់ស៊ី និង​ម៉ូតូឌុប ចង់​ឲ្យ​តម្លៃ​ប្រេង​ធ្លាក់ចុះ​យ៉ាងហោចណាស់​៣.០០០​រៀល​ក្នុង​មួយ​លីត្រ​

1787
ចែករម្លែក
  • 9.5K
    Shares

ដោយ : ពៅ និមល / ភ្នំពេញ : បន្ទាប់​ទទួលបាន​ព័ត៌មាន​ថា នៅ​ឆ្នាំ​២០១៩​ខាងមុខ​ប្រទេស​កម្ពុជា អាច​នឹង​រុករក​ប្រេង​ដោយ​ខ្លួនឯងបាន​ប្រមាណ​០៣​ម៉ឺន​បារ៉ែល ក្នុង​មួយថ្ងៃ​។ ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រត់​រថយន្ត​ឈ្នួល​(​តាក់ស៊ី​) និង​ម៉ូ​ឌុប​បានបង្ហាញ​ក្តី​រីករាយ និង​សង្ឃឹមថា​តម្លៃ​ប្រេង​អាច​នឹង​ល្អប្រសើរ​ជាង​មុន​ដែល​ធ្វើ​ឲ្យ​កើន​ប្រាក់ចំណូល​ផងដែរ​។​

​តាម​ការសាកសួរ​រប​ស់​ប្រជាពលរដ្ឋ​ដែលមាន​មុខរបរ​ដូច​គ្នា​ខាងលើ និង​នៅ​តំបន់​ផ្សេងៗ​គ្នា​ក្នុង​ក្រុង ភ្នំពេញ​បានលើកឡើង​ស្រដៀង​គ្នា ប្រសិនបើ​កម្ពុជា​អាច​រក​ប្រេង​បាន​មែន​នោះ គឺ​ស្នើរ​សុំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​មេត្តា​គិតគូរ​និង​បញ្ចុះតម្លៃ​ប្រេង​យ៉ាងហោចណាស់​ត្រឹម​ជាង​២.០០០ ឬ​ត្រឹម​៣.០០០​រៀល​ក្នុង​មួយ​លីត្រ​ដើម្បី​ឲ្យ​សល់​ប្រាក់ចំណូល​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​កូនចៅ​រៀនសូត្រ និង​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ​។​

​លោក យឹម ម៉េង និង​លោក ខ្លា ជា​អ្នករត់​តាក់ស៊ី​រវាង​ក្រុងភ្នំពេញ​-​ខេត្ត​កំពង់​ឆ្នាំ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ​គ្រាន់តែ​ចំណាយ​ថ្លៃ​ចាក់​ប្រេង​ក្នុង​មួយ​លើក​ចន្លោះ​ពី​២៥ ទៅ​៣០​លីត្រ​។ ដោយឡែក បើ​គិត​ប្រាក់ចំណូល​ក្រោយ​ទូទាត់​រួច​នៅសល់​ប្រមាណ​៤០.០០០​រៀល​។ ទន្ទឹមនេះ ក្រុម​អ្នករត់​តាក់ស៊ី​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​បានគិត​គូរ​លើ​ការកែលំអរ​និង​ពង្រីក​ផ្លូវធំ​ទូលាយ​ជាង​មុន ដែល ធ្វើ​ឲ្យ​ចរាចរណ៍​ងាយស្រួល​ជាង​មុន និង​កាត់បន្ថយ​ពេលវេលា​ច្រើន​លើ​ការបើក​បរទាំង​ទៅ​និង​ត្រឡប់មកវិញ​។​

​លោក រាំ​បូ ជា​អ្នករត់​តាក់ស៊ី​រយះពេល​០៤​ឆ្នាំ រវាង​ភ្នំពេញ​-​ស្រុក​បាណក់​(​ខេត្តពោធិ៍សាត់​) សង្ឃឹមថា នៅ​ឆ្នាំ​២០១៩​តម្លៃ​ប្រេង​អាច​នឹង​ធ្លាក់ចុះ​ច្រើន បើសិន​កម្ពុជា​អាច​រក​ប្រេង​បាន​តាម​ការរំពឹងទុក ព្រោះថា​មួយថ្ងៃ​ក្នុង​មួយ​ជើង លោក​ចំណាយ​ថ្លៃ​ចាក់​ប្រេង (​ម៉ា​ស៊ូ​ត​)​ប្រមាណ​៤០​លីត្រ​។ លោក​បាន​សំណូមពរ​បន្ថែម​ដល់​រដ្ឋាភិបាល​ថា ធ្វើ​ម៉េច​តម្លៃ​ប្រេង​អាច​ធ្លាក់​ថ្លៃ​យ៉ាងហោចណាស់​៣.០០០​រៀល​ក្នុង​មួយ​លីត្រ ព្រោះ​អាច​កាត់បន្ថយ​ល្អ​សម្រាប់​មុខរបរ​បែបនេះ និង​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដទៃ​ផ្សេងទៀត​ព្រោះ​សុទ្ធតែ​យ៉ាប់យឺន​ដូចគ្នា​ដែរ​លើ​ការចំណាយ​ថ្លៃ​ប្រេង​នេះ​។​

​ដោយឡែក លោក ម៉ៅ ជា​អ្នករត់ម៉ូតូឌុប​០៣​ឆ្នាំ​មកនេះ និង​មាន​ស្រុកកំណើត​មកពី​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មួយថ្ងៃ​ចំណាយ​ថ្លៃ​សាំង​ចំនួន​ពីរ​លីត្រ ស្មើ​៨.០០០​រៀល​ពេលបច្ចុប្បន្ន ហើយ​ប្រាក់ចំណូល​ដែល​អាច​រកបាន គឺ​ចន្លោះ​ពី​ជាង​១០.០០០ ឬ​ជាង​២០.០០០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយសារ​មាន​ម៉ូយ​តិច និង​ការកើនឡើង​នូវ​ម៉ូតូ​កង់​បី និង​ផាស​អេប (Pass App)​ច្រើន ទើប​ធ្វើ​ឲ្យ​ថយចុះ​ចំនួន​ភ្ញៀវ​ផងដែរ​។​

​សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការ​ប្រកាសថា​ប្រទេស​កម្ពុជា​អាច​នឹង​រក​ប្រេង​បាន​ប្រមាណ​០៣​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ​២០១៩​ខាងមុខ ត្រូវបាន​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ឯករាជ្យ​បានប្រកាស​កាលពី​ថ្មីៗ​កន្លងទៅ​ថា ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន គឺ​SJ Production Barge Ltd បានផ្ដល់​កិច្ចសន្យា​ដល់​ក្រុមហ៊ុន Keppel Shipyard Ltd សម្រាប់​ការកែលម្អ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​នាវា​ផលិតកម្ម​របស់ខ្លួន​ស​ម្រា​ប់​ការប្រើប្រាស់​ក្នុងការ​អភិវឌ្ឍន៍​អណ្ដូង​ប្រេងកាត​អប្សរា​នៅក្នុង​ប្លុក អេ (A)​ស្ថិតក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ​៣.០៨៣​គីឡូម៉ែត្រ​ការ៉េ នៃ​អាង​សមុទ្រ​ខ្មែរ ក្នុង​ឈូង​សមុទ្រ​ថៃ ដែល​នៅ​ទីនោះ​ជម្រៅ​ទឹក​គឺមាន​ចន្លោះ​ពី ៥០​ទៅ​៨០​ម៉ែត្រ​៕ ល​