ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​យក​សំណាក​គំរូ​ពី​កូនដំរី​ម៉ាំ​មុត ដែល​ងាប់​នៅ​តំបន់​ស៊ី​បេ​រី​កាលពី ៤០.០០០ ឆ្នាំមុន ដើម្បី​ក្លូន​វា​ឱ្យ​រស់​ឡើងវិញ​

2358
ចែករម្លែក

​នេះ​ជា​ពេលវេលា​ដែល​ពួក​អ្នកវិទ្យាសាស្ត្រ​យក​សំណាក​គំរូ​កោសិកា​ពី​កូនដំរី​ផុត​ពូជ​ចំណាស់ ៤០.០០០ ឆ្នាំ ក្នុង​គោលបំណង​ដើម្បី​ក្លូន​ប្រភេទ​សត្វ​ដំរី​បុរាណ​នេះ​ឱ្យមាន​ជីវិត​ឡើងវិញ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី និង កូរ៉េខាងត្បូង​បាន​អះអាងថា ការពិសោធន៍​លើ​កូនដំរី​ឈ្មោល​នេះ​គឺជា “​ជំហាន​ដំបូង​” ក្នុងការ​ស្តារ​ឱ្យ​ដំរី​ម៉ាំ​មុត​រោម​ទន់​នេះ​មានជីវិត​ឡើងវិញ ដែលជា​គោលដៅ​ចុងក្រោយ​របស់​ពួកគេ​។​

​រូបភាព​មន្ទីរពិសោធន៍​ពី​ទីក្រុង​យ៉ា​គូទ​ក៍ (Yakutsk) ដែលជា​ទីក្រុង​ត្រជាក់​បំផុត​នៅលើ​ពិភពលោក បានបង្ហាញ​ពី​ការស្វែងរក “​កោសិកា​រស់​” នៅលើ​សាកសព​កូនដំរី​ម៉ាំ​មុត ដែល​ងាប់​ក្នុង​ទឹកកក​នៅ​ចន្លោះ​ពី ៣០.០០០ ទៅ ៤០.០០០ ឆ្នាំមុន​។​

​សាកសព​ដំរី​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ដី​ក្រោម​ទឹកកក​ក្នុង​រណ្តៅ​ធំ​មួយ​នៅ​តំបន់​ស៊ី​បេ​រី ដែល​គេ​ស្គាល់​ថា “​មាត់ទ្វារ​ឋាននរក​” ហើយ​វា​ប្រហែល​ជាមាន​អាយុ ២០ ថ្ងៃ នៅពេល​វា​ងាប់​។​

​លោក​បណ្ឌិត សេម​យ៉ុ​ន ហ្គ្រី​ហ្គោ​រី​វ ដែល​ដឹកនាំ​ការស្រាវជ្រាវ​នៅ​សារមន្ទីរ​ដំរី​ម៉ាំ​មុត​របស់​រុស្ស៊ី បាន​និយាយថា “​សំណាងល្អ ជាលិកា​សាច់ដុំ​របស់​ដំរី​នេះ​មិនបាន​ខូចខាត និង​រក្សាបាន​យ៉ាង​ល្អ ដូច្នេះ​យើង​អាច​ទទួលបាន​សំណាក​គំ​រូពី​ការរកឃើញ​ដ៏​ពិសេស​នេះ​សម្រាប់​ការស្រាវជ្រាវ​ជីវបច្ចេកវិជ្ជា​”៕ ដោយ៖ កញ្ញាដាលីស

អ្នកវិទ្យាសាស្ត្រ​កំពុង​ស្វែងរក​សំណាក​គំ​រូពី​សាកសព​ដំរី​ម៉ាំ​មុត ដែល​ងាប់​កាលពី ៤០.០០០ ឆ្នាំមុន