ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​បង្ហាញ​មនុស្ស​យន្ត​អាច​ប្តូរ​រូបរាង​និង​ជួសជុល​ខ្លួន​វា​បាន ដូច​ក្នុង​រឿង Terminator

1179
ចែករម្លែក

​មនុស្ស​យន្ត​ដែក​ទន់​ដែល​អាច​ផ្លាស់ប្តូរ​រូបរាង​របស់​វា​និង​ជួសជុល​ខ្លួន​វាពី​ការ​ខូច ដូចគ្នា​ទៅនឹង​មនុស្ស​យន្ត​ក្នុង​រឿង Terminator ឆាប់ៗ​នេះ​អាច​នឹង​ក្លាយជា​ការពិត​។​

​ក្រុម​អ្នកស្រាវជ្រាវ​នៅក្នុង​ប្រទេស​ចិន​បាន​ផលិត​មនុស្ស​យន្ត​គំរូ​ប៉ុន​បាតដៃ ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​មនុស្ស​យន្ត T-1000 ពី​រឿង​វិទ្យាសាស្ដ្រ​ប្រឌិត​នេះ ទោះបី​វា​មិន​កាច​ដូច​ក្នុង​រឿង​ក៏ដោយ​។​

​មនុស្ស​យន្ត​តូច​ដែល​អាច​ផ្លាស់ប្តូរ​រូបរាង​របស់​វា​បាន​នេះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​ចូលទៅក្នុង​បរិស្ថាន​ដែល​ពិបាក​សម្រាប់​មនុស្ស​ដើម្បី​រុករ​កនៅ​តំបន់​គ្រោះមហន្តរាយ​ជាដើម​។​

​មនុស្ស​យន្ត​គំរូ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​របស់​ចិន​និង​សាកលវិទ្យាល័យ​វ៉ូ​ល​ឡុង​ហ្គុ​ងរ​បស់​អូស្ត្រាលី​ត្រូវបាន​បង្កើតឡើង​ពី​កង់​ប្លា​ស្ទិ​ក​តូច​មួយ ថ្ម​លី​ចូ​ម និង​សំណ​ទន់​។ នេះ​បើ​យោងតាម​សារព័ត៌មាន South China Morning Post (SCMP)​។​

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា សំយោគ​លោហៈធាតុ​ទន់​នេះ​គឺមាន​លក្ខណៈពិសេស​សម្រាប់​មនុស្ស​យន្ត​ទន់ ដោយសារតែ​លក្ខណៈ​ចម្លង​កម្តៅ​អគ្គិសនី​ខ្ពស់ ផ្ទៃ​ណែន​អាច​គ្រប់គ្រង​បាន និង​ភាពបត់បែន​របស់​វា​។​

​នេះ​អាច​បង្ហាញ​ពី​អត្ថប្រយោជន៍​សម្រាប់​ការអនុវត្ត​ជាច្រើន​ចាប់ពី​ផ្នែក​យោធា​រហូតដល់​ផ្នែក​វេជ្ជសាស្ត្រ​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រាប់ SCMP ថា ឧទាហរណ៍ មនុស្ស​យន្ត​តូច​ល្អិត​អាច​ត្រូវបាន​ប្រើ​ដើម្បី​ដឹកជញ្ជូន​ថ្នាំ​តាមរយៈ​រាងកាយ​និង​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​កោសិកា​មហារីក​។​

​លោក​តាំង ស៊ី​យ៉ាង មកពី​សាកលវិទ្យាល័យ​វ៉ូ​ល​ឡុង​ហ្គុ​ង បាន​ប្រាប់ SCMP ថា “​នាពេល​អនាគត​យើង​រំពឹងថា​នឹង​បង្កើត​មនុស្ស​យន្ត​ទន់​បន្ថែមទៀត​ដោយ​បញ្ចូល​ដែក​ទន់​ដែល​អាច​ប្រើ​នៅក្នុង​បេសកកម្ម​ពិសេស​ដូចជា​ការស្វែងរក​និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ដោយ​ការរញ្ជួយ​ដី ដោយសារតែ​ពួកវា​អាច​ផ្លាស់ប្តូរ​រូបរាង​ដើម្បី​រុលចូល​ក្រោម​ទ្វារ​ឬ​អាច​ឆ្លងកាត់​ចន្លោះ​ដែល​មនុស្ស​មិនអាច​ចូល​បាន​”៕ ដោយ៖ កញ្ញាដាលីស

ក្រុម​អ្នកស្រាវជ្រាវ​នៅក្នុង​ប្រទេស​ចិន​បាន​ផលិត​មនុស្ស​យន្ត​គំរូ​ប៉ុន​បាតដៃ ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​មនុស្ស​យន្ត T-1000 ពី​រឿង​វិទ្យាសាស្ដ្រ​ប្រឌិត Terminator