ក្រុម​អ្នកវិទ្យាសាស្ត្រ​លើកសំណើ​ដើម្បី​ធ្វើឱ្យ​ភព​អង្គារ​អាច​រស់នៅ​បានជា​មួយ​ស្រទាប់​ស៊ី​លីកា​ទន់ៗ​ធ្វើជា​ផ្ទៃមេឃ​

532
ចែករម្លែក

​ក្រុម​អ្នកវិទ្យាសាស្ដ្រ​អាម៉េរិក​និង​អង់គ្លេស​បានស្នើ​នូវ​គំនិត​មួយ​ដើម្បី​ធ្វើឱ្យ​បរិយាកាស​ភព​អង្គារ​អាច​រស់នៅ​បា​នស​ម្រា​ប់ម​នុស្ស ដោយ​ប្រើ​វត្ថុ​ធាតុ​មួយ ដែល​យក​ត្រាប់​តាម​ឥទ្ធិពល​ផ្ទះ​កញ្ចក់​នៃ​បរិយាកាស​ផែនដី​។​

​ការសិក្សា​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​កក្កដា​នៅក្នុង​ទស្សនាវដ្ដី Nature Astronomy បាន​បង្ហាញថា ទ្រនាប់​ការពារ​ស៊ី​លីកា​ទន់ៗ (Silica Aerogel) កម្រាស់​ពី​២​ទៅ​៣​សង់ទីម៉ែត្រ​អាច​រុញ​សីតុណ្ហភាព​ភព​អង្គារ​ដែល​នៅក្រោម​ជា​អចិន្ត្រៃយ៍​ឱ្យ​ឡើង​ផុត​ចំណុច​ហួត​របស់​ទឹក ខណៈ​បង្ខាំង​សារធាតុ​វិទ្យុសកម្ម​នៃ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ​ដ៏​គ្រោះថ្នាក់​។​

​លោកស្រី​ឡូ​រ៉ា កឺ​បឺ (Laura Kerber) មកពី​មន្ទីរពិសោធន៍​ម៉ាស៊ីន​យន្តហោះ​របស់​អង្គការ​ណា​សាបាន​និយាយថា “​ប្រព័ន្ធ​មួយ​សម្រាប់​បង្កើតកូន​កោះ​តូចៗ​ដែល​អាច​រស់​នៅបាន នឹង​អនុញ្ញាតឱ្យ​យើង​ប្រែក្លាយ​ភព​អង្គារ​តាមរបៀប​ដែល​អាច​គ្រប់គ្រង​បាន​និង​ក្នុង​ទំហំ​ដែល​ចង់បាន​”​។​

​ស៊ី​លីកា​ទន់ៗ​នេះ​គឺអាច​ស្រូប​ជាតិ​ទឹក​និង​អុកស៊ីសែន ៩៧ ភាគរយ ដែល​អាច​បន្ថយល្បឿន​ហោះចូល​នៃ​កម្តៅ​បាន​យ៉ាងច្រើន​សម្បើម​។ យោងតាម​លោកស្រី​កឺ​បឺ​បានឱ្យដឹងថា វា​មិន​តម្រូវឱ្យមាន​បរិមាណ​ថាមពល​ច្រើន​នោះទេ​ដើម្បី​រក្សា​កន្លែង​មួយ​ឱ្យមាន​ភាពកក់ក្តៅ​ល្មម​ក្នុង​រយៈពេល​វែង​។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្ហាញថា ស្រទាប់​ស្តើង​នៃ​វត្ថុ​ធាតុ​មួយ​នេះ​អាច​បង្កើន​សីតុណ្ហភាព​មធ្យម​នៃ​រយៈទទឹង​នៅ​ចំ​កណ្តាល​ភព​អង្គារ​ឱ្យ​ស្រដៀង​ទៅនឹង​សីតុណ្ហភាព​លើ​ផែនដី​ដែរ​។​

​យោងតាម​ការសិក្សា​នេះ ស៊ី​លីកា​ទន់ៗ​នេះ​អាច​ត្រូវបាន​ប្រើ​ដើម្បី​សាងសង់​ជា​ដំបូល​ហ៊ុម​វិញ​ផ្ទះ​ឬ​សូម្បី​កូន​ផែនដី​ផ្ទាល់ខ្លួន​នៅលើ​ភព​អង្គារ​ដោយ​រក្សា​ទឹកជា​អចិន្ត្រៃយ៍​នៅ​ពីក្រោម​ស៊ី​លីកា​នេះ​។​

​ក្រុម​អ្នកស្រាវជ្រាវ​នឹងធ្វើ​តេស្ត​វត្ថុ​ធាតុ​នេះ​នៅ​តំបន់​ដែលមាន​បរិយាកាស​ដូច​នៅ​ភព​អង្គារ ដូចជា​ជ្រលង​ស្ងួត​នៃ​តំបន់​អង់តាក់ទិក​ឬ​ប្រទេស​ស៊ី​លី​៕ ដោយ៖ កញ្ញាដាលីស

ទ្រនាប់​ការពារ​ស៊ី​លីកា​ទន់ៗ​នឹងត្រូវ​ធ្វើតេស្ត​នៅ​ជ្រលង​ស្ងួត​នៃ​តំបន់​អង់តាក់ទិក​ឬ​ប្រទេស​ស៊ី​លី​ដើម្បី​អនុវត្ត​ជាក់ស្តែង​នៅ​ភព​អង្គារ​ក្នុងពេល​អនាគត