ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​រកឃើញ​ប្រភេទ​ដាយ​ណូ​ស័​រ​ថ្មី​

249
ចែករម្លែក

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​បានកំណត់​អត្តសញ្ញាណ​សត្វ​ដាយ​ណូ​ស័​រ​ប្រភេទ​ថ្មី​ចេញពី​គ្រោងឆ្អឹង​ស្ទើរតែ​ពេញលេញ​ទាំងស្រុង​មួយ ដែលជា​គ្រោងឆ្អឹង​ធំ​បំផុត​មិន​ធ្លាប់​រកឃើញ​ពីមុនមក​ក្នុងប្រទេស​នេះ មាន​ប្រវែង​ដល់​ទៅ ៨ ម៉ែត្រ​។​

​បន្ទាប់ពី​ធ្វើការ​វិភាគ​លើ​ឆ្អឹង​រាប់រយ ដែលមាន​អាយុកាល ៧២ លាន​ឆ្នាំមុន ក្រុម​អ្នកវិទ្យាសាស្ត្រ​ដឹកនាំ​ដោយ​សាកលវិទ្យាល័យ​ហុក​កៃ​ដូ បាន​សន្និដ្ឋានថា គ្រោងឆ្អឹង​នេះ​ជា​កម្មសិទ្ធិ​របស់​សត្វ​ដាយ​ណូ​ស័​រ​ប្រភេទ​ថ្មី​ហៅថា Hadrosaurid ដែលជា​សត្វ​កកើតឡើង​នៅលើ​ផែនដី​នា​ចុង​យុគសម័យ Cretaceous​។​

​ផ្នែក​នៃ​កន្ទុយ​របស់​វា​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ ២០១៣ ហើយ​ក្រោយមក​ការធ្វើ​កំណាយ​ជា​បន្តបន្ទាប់​ទៀត​បានបង្ហាញ​គ្រោងឆ្អឹង​ទាំងមូល​។​

​ក្រុម​អ្នកស្រាវជ្រាវ​បានដាក់​ឈ្មោះ​ដាយ​ណូ​ស័​រ​នេះ​ថា “Kamuysaurus Japonicus” ដែល​មានន័យថា “​នាគរាជ​ជប៉ុន​”​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាកលវិទ្យាល័យ​។​

​ពួកគេ​ជឿថា​ដាយ​ណូ​ស័​រ​នេះ​ជាស​ត្វ​ពេញវ័យ​ដែលមាន​អាយុ ៩ ឆ្នាំ​ហើយ​អាចមាន​ទម្ងន់ ៤ តោន​ឬ ៥,៣ តោន​អាស្រ័យ​លើ​ថា​តើ​វា​ដើរ​ជើង​ពីរ​ឬ​ជើង​បួន​។​

​របកគំហើញ​នេះ​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ​ដែល​ពិនិត្យឡើងវិញ​ដោយ​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស មាន​ចំណងជើង​ថា “Scientific Reports”​។​

​ប្រធាន​ក្រុម​លោក​ដា​ស៊ី​តស៊ូ​ហ្គា កូ​បា​យ៉ា​ស៊ី បាន​និយាយថា “​ការពិត​ដែលថា​ដាយ​ណូ​ស័​រ​ថ្មី​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ជប៉ុន​មាន​ន័យ​ថា មាន​គ្រាមួយ​ធ្លាប់មាន​ពិភព​ឯករាជ្យ​របស់​សត្វ​ដាយ​ណូ​ស័​រ​នៅក្នុង​ប្រទេស​ជប៉ុន​ឬ​នៅ​អាស៊ី​បូព៌ា និង​ដំណើរ​ការវិវត្ត​ឯករាជ្យ​មួយ​”​។​

​ដាយ​ណូ​ស័​រ Kamuysaurus Japonicus ប្រហែល​រស់នៅ​តាម​តំបន់ឆ្នេរ ដែលជា​ជម្រក​ដ៏​កម្រ​របស់​សត្វ​នេះ​នៅ​សម័យ​កាលនោះ​៕ ដោយ៖ កញ្ញាដាលីស

សត្វ​ដាយ​ណូ​ស័​រ Kamuysaurus Japonicus ត្រូវបាន​រកឃើញ​នៅ​ជប៉ុន