ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​នឹង​ក្លូន​កូន​តោ​អាយុ៥០.០០០ ឆ្នាំ ដែល​រកឃើញ​រក្សាទុក​យ៉ាង​ល្អ​នៅ​តំបន់​ស៊ី​បេ​រី ឱ្យ​មានវត្តមាន​ឡើងវិញ​

1371

​សត្វ​តោ​រូងភ្នំ​ដែល​ផុត​ពូជ​មួយ​ក្បាល​ដែល​ស្ថិតក្នុង “​ស្ថានភាព​ល្អឥតខ្ចោះ​” នោះ ត្រូវបាន​រកឃើញ​នៅក្រោម​ស្រទាប់ដី​ក្រោម​ទឹកកក​នៅ​តំបន់​ស៊ី​បេ​រី ហើយ​ក្បាល​របស់​វា​នៅតែ​ដាក់​គង​លើ​ក្រ​ញ៉ាំ​យ៉ាង​ទន់ភ្លន់​បន្ទាប់ពី ៥០.០០០ ឆ្នាំ​មកនេះ​។​

​ការរកឃើញ​មិនធម្មតា​នេះ ដែល​លើកឡើង​ពី​ក្តីសង្ឃឹម​នៃ​ការ​ក្លូន​សត្វ​បាត់បង់​ជា​យូរ​មកហើយ​នេះ​ឱ្យ​មានវត្តមាលើផែនដីឡើងវិញ​នៅក្នុង​ការពិសោធន៍​យក​ស្ទីល​តាម​រឿង Jurassic Park ត្រូវបាន​បង្ហាញ​នៅ​ទីក្រុង​យ៉ា​គុត (Yakutsk) ដែលជា​រដ្ឋធានី​នៃ​សាធារណរដ្ឋ​សាខា (Sakha) របស់​រុស្ស៊ី​។​

​កូន​តោ​នេះ​មាន​អាយុ​ចន្លោះ​ពី ៦ ទៅ ៨ សប្តាហ៍​នៅពេល​វា​ងាប់​ដោយសារតែ​មូលហេតុ​មិន​ច្បាស់លាស់​នៅក្រោម​ស្រទាប់ដី​ក្រោម​ទឹកកក​ក្នុង​តំបន់​ស៊ី​បេ​រី​។​

​កាសែត The Siberian Times ដែល​ដកស្រង់​សម្តី​លោក​បណ្ឌិត អាល់​បឺត ប្រូ​តូ​ប៉ូ​ប៉ូវ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​ប្រចាំ​តំបន់ បាន​រាយការណ៍​ថា ការថែរក្សា​សាកសព​តោ​នេះ​មាន​លក្ខណៈ​ល្អ​ខ្លាំងណាស់​ដែល​វា​អាច​បង្កើន​ក្តីសង្ឃឹម​នៃ​ការ​ក្លូន​ប្រភេទ​សត្វ​នេះ​​។​

​សត្វ​តោ​រូង​ធ្លាប់ជា​សត្វ​តោ​ដ៏​ច្រើន​បំផុត​នៅលើ​ភពផែនដី ដែល​បាន​រស់នៅក្នុង​តំបន់​ត្រជាក់​នៅ​អឌ្ឍគោល​ខាងជើង មុនពេល​ពួកវា​ងាប់​ផុត​ពូជ​អស់​។​

​លោក អាល់​បឺត ប្រូ​តូ​ប៉ូ​ប៉ូវ និយាយថា “​វា​គឺជា​សត្វ​តោ​រក្សាទុក​បាន​យ៉ាង​ល្អឥតខ្ចោះ ហើយ​អវយវៈ​ទាំងអស់​គឺ​នៅ​រក្សាបាន​ដដែល​។ ពុំមាន​ស្នាមរបួស​ខាងក្រៅ​ណាមួយ​នៅលើ​ស្បែ​កវា​ទេ​”​។​

​ការវិភាគ​លើ​ធ្មេញ​របស់​សត្វ​តោ​នេះ​ត្រូវបាន​រំពឹងថា​នឹង​ផ្តល់នូវ​ការចង្អុលបង្ហាញ​យ៉ាងច្បាស់​លាស់​អំពី​អាយុ​ពិត​របស់​វា​។​

​តោ​នេះ​មាន​ប្រវែង​ប្រហែល ៤៦ សង់ទីម៉ែត្រ និង​ទម្ងន់​ជិត ៤ គីឡូក្រាម ៕ ដោយ៖ កញ្ញាដាលីស

តោ​រូងភ្នំ​តាំងពី ៥០.០០០ ឆ្នាំមុន​អាច​នឹង​ក្លូន​ឱ្យ​មានលើផែនដីឡើងវិញ