ក្រុម​អ្នក​ដាំ​ដើម​កៅស៊ូ​នៅ​ថៃ ជួបប្រជុំគ្នា ខណៈដែល​តម្លៃ​ជ័រកៅស៊ូ​ធ្លាក់ចុះ​៤០​ភាគរយ​

1525
ចែករម្លែក

ក្រុម​អ្នក​ដាំ​ដើម​កៅស៊ូ​ជាង​៤០០​នាក់ បានមក​ជួបជុំគ្នា​នៅ​ទី​សាលាក្រុង​សុង​ក្លា ប្រទេស​ថៃ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ​ចាត់វិធានការ​ដើម្បី​កែប្រែ​តម្លៃ​កៅស៊ូ​ដែល​កំពុង​ធ្លាក់ចុះ​ខ្លាំង​នេះ បន្ទាប់ពី​តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ថ្លៃ​ជាង​៤០​ភាគរយ​អស់​រយៈពេល​១​ឆ្នាំ​មកហើយ​នេះ និង​ស្របពេល​ដែលមាន​ការប្រកួត​ប្រជែង​ខ្លាំង​អំពី​ផលិតផល​ជ័រកៅស៊ូ​ក្នុង​តំបន់​។​

ក្រុម​អ្នក​ដាំ​ដើម​កៅស៊ូ​មួយចំនួនទៀត ក៏បាន​មកជួប​ជុំគ្នា​ផងដែរ​នៅ​ខេត្ត​ណា​ខន ស៊ី​ធម្មរាជ ដើម្បី​ស្នើឱ្យ​មានការ​កែប្រែ​តម្លៃ​កៅស៊ូ​ដែល​កំពុង​ធ្លាក់ចុះ​ខ្លាំង​នេះ​។​

ពួកគេ​ក៏បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​នេះ​ធ្វើការ​ចរចា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​ដើម្បី​រក​មធ្យោបាយ​ដើម្បី​ធ្វើឱ្យ​តម្លៃ​ជ័រកៅស៊ូ​អាច​លក់បាន​៧០​បាត​ក្នុង​១​គីឡូក្រាម​ដែលជា​តម្លៃ​ដែល​អាច​ទទួលយកបាន​។ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ​ជិត​៤០​បាត​ក្នុង​១​គីឡូក្រាម កាលពី​ឆ្នាំមុន​។​

ការស្នើ​កែប្រែ​តម្លៃ​នេះ កើតឡើង​បន្ទាប់ពី​ក្រុម​អ្នកតំណាង​ដែល​មកពី​ប្រទេស​ទាំង​៣​នេះ បាន​ជួបប្រជុំគ្នា​អំពី​តម្លៃ​កៅស៊ូ​នៅ​ក្រុមប្រឹក្សា​៣​ប្រទេស​អំពី​កៅស៊ូ​អន្តរជាតិ​(ITRC) នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​៦​ដល់​៧​ខែកក្កដា​។​

លោក ចៃ​វុ​ធ ផុង​ផែ​វ អតីត​សមាជិកសភា​ថៃ បាន​និយាយថា នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចាត់​ឱ្យ​អាជ្ញាធរ​កៅស៊ូ​ថៃ​(RAOT) ស្វែងរក​កិច្ចសហការ​ពី ប្រទេស​ផលិត​កៅស៊ូ​ធំជាងគេ​ទាំង​២​នេះ ក្នុង​ការជួយ​ជំរុញ​ឱ្យ​តម្លៃ​កៅស៊ូ​មាន​ភាពល្អប្រសើរ​ឡើងវិញ​៕ ​ដោយ ៖សុខា

កសិករ ហាល​ស​ម្ងួ​ត​ជ័រកៅស៊ូ​នៅ​ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ
#