ក្រុម​អ្នក​សង្គ្រោះ​ថៃ​ចាប់ផ្តើម​រក​សិស្ស​១២​នាក់ ដែល​បាត់​ខ្លួន​នៅ​រូងភ្នំ​ដែល​ទឹក​ជន់​លិច​

4016
ចែករម្លែក

​អ្នក​មុជទឹក​អ្នក​សង្គ្រោះ​មួយក្រុម​មកពី​អង្គភាព​កងទ័ពជើងទឹក​ថៃ​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​ខែមិថុនា បានចាប់ផ្តើម​ស្វែងរក​នៅ​រូងភ្នំ​ដែល​លិច​ទឹក​មួយ​នៅ​ស្រុក​Mae Sai​នៅ​ខេត្ត CHIANG RAI ដើម្បី​តាមរក​អ្នកលេង​បាត់​ទាត់​ជា​សិស្ស​ចំនួន​១២​នាក់​និង​គ្រូបង្វឹក​របស់​ពួកគេ ដែល​បាន​បាត់​ខ្លួន​ចាប់តាំងពី​រសៀល​ថ្ងៃ​សៅរ៍​មក​។​

ក្មេងសិស្សសាលា១១នាក់ថតរួមគ្នា មុនបាត់ខ្លួនកាលពីថ្ងៃសៅរ៍

​ក្រុម​អ្នក​សង្គ្រោះ​ពិសេស​១៧​នាក់​នេះ បាន​ចូលទៅ​ខាងក្នុង​រូងភ្នំ​នៅ​តំបន់​ព្រៃ​អភិរក្ស​Tham Luang Khun Nam Nang Nong កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។​

​លោក Anant Surawan ប្រធាន​ក្រុម​អ្នកស្វែងរក​នេះ បាន​និយាយថា មាន​ផ្លូវ​ទឹកតូច​មួយ​នៅ​រូងភ្នំ​នោះ​និង​មាន​របាំង​ជា​កូនឈើ​និង​ថ្ម​ជាច្រើន​។​មានការ​លំបាក​សម្រាប់​​ក្រុម​អ្នកស្វែងរក ដោយសារ​មាន​ទឹកជំនន់​ដែល​បង្ក​គ្រោះថ្នាក់ ។ រូងភ្នំ​នេះ ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ​ផងដែរ​។​

​ពួក​អ្នកលេង​បាល់​១២​នាក់​នេះ មាន​អាយុ​ពី​១៣​ទៅ​១៦​ឆ្នាំ ។ ក្រុមមន្ត្រី​ជឿថា គ្រូបង្វឹក​អាយុ​២៥​ឆ្នាំ​របស់​ពួកគេ បាន​បាត់​ការទាក់ទង​គ្នា ដោយសារ​ទឹកជំនន់​ជន់​​ឡើង​ភ្លាមៗ​នៅ​រូងភ្នំ​នោះ ដែល​នៅ​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ពី​ច្រក​ធំ​របស់​ភ្នំ​នេះ​។​

​កាលពី​ថ្ងៃ​សៅរ៍ ក្រុមមន្ត្រី​សន្តិសុខ​ឧទ្យាន​ជាតិ បាន​រកឃើញ​ម៉ូតូ​មួយ​និង​កង់​ចំនួន​១១​និង​សម្ភារ​កីឡា​មួយចំនួនទៀត ដែល​ទុក​នៅខាងមុខ​ច្រកចូល​ក្នុង​រូងភ្នំ​នោះ​។​

​ក្រុមអ្នកលេង​បាល់​នេះ ជាធម្មតា ហាត់​បាល់​នៅ​ទីវាល រាល់​ចុង​សប្តាហ៍​ប៉ុន្តែ កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ហ្វឹកហាត់​មក​នោះ គេ​ឃើញ​គ្រូបង្វឹក​និង​ក្រុមអ្នកលេង​​បាល់​នេះ ចូលទៅក្នុង​រូងភ្នំ​នោះ​។​

​កាលពីពេល​មុននេះ ក្រុមមន្ត្រី​សួន​នេះ បាន​ចូលទៅ​ចម្ងាយ​ជិត​៣​គីឡូម៉ែត្រ​ដើម្បី​រក​ពួកគេ​ប៉ុន្តែ បាន​បោះបង់​ការរក​នេះ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​បានចាប់ផ្តើម​​រក​វិញ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​៕ដោយ៖សុខា/SN

អ្នក​មុជទឹក​អ្នក​សង្គ្រោះ ចូលទៅ​ខាងក្នុង​រូងភ្នំ​នៅ​ខេត្ត​ឈៀង​រ៉ៃ​ដើម្បី​តាមរក​អ្នកលេង​បាត់​ទាត់​១២​នាក់​និង​គ្រូបង្វឹក​របស់​ពួកគេ ដែល​បាត់​​ខ្លួន​ចាប់តាំងពី​ថ្ងៃ​សៅរ៍​មក