ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​កូ​ឡុំ​ប៊ី ប្រកាស​ផ្តល់ប្រាក់​រង្វាន់​សម្រាប់​ការចាត់ការ​ឆ្កែ​ហិត​គ្រឿងញៀន ឈ្មោះ សំ​ប្រា

942
ចែករម្លែក

​ក្រុម​ឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​កូ​ឡុំ​ប៊ី មួយ​មាន​ឈ្មោះថា ហ្គូ​ល ក្លេ​ន (Gulf Clan) ដែលជា​ក្រុម ឧក្រិដ្ឋជន​ដ៏​មានអំណាច​បំផុត​នៅក្នុង​ប្រទេស​នេះ បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​ចំនួន ៧០.០០០ ដុល្លារ​សម្រាប់​ការសម្លាប់ ឬ​ចាប់ខ្លួន​ឆ្កែ​ប៉ូលិស​ហិតក្លិន​គ្រឿងញៀន​ដ៏​ល្បីល្បាញ​មួយ​ក្បាល​ឈ្មោះ សំ​ប្រា (Sombra)​។​

​ឆ្កែ​ញី​ពូជ​អាល្លឺម៉ង់ អាយុ ៦ ឆ្នាំនេះ​ចាប់បាន​គ្រឿងញៀន​កូកាអ៊ីន​ទម្ងន់​ជាង ៩ តោន​របស់​ក្រុម​នេះ អំឡុងពេល​ចុះ​ប្រតិបត្តិការ​ហិត​រក​គ្រឿងញៀន ដោយ​ហិត​សព្វ​ចាប់ពី​វ៉ាលិស​រហូតដល់​ឡាំង ឬ​កេស​ដាក់​ផ្លែឈើ​។

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា គ្រឿងញៀន​ដែល​វា​រកឃើញ​នោះ​មានតម្លៃ​រហូតដល់​ទៅ ២០៤ លាន​ដុល្លារ​ឯណោះ​។

​ហើយ​ទន្ទឹមនឹង​ការ​ចាប់បាន​គ្រឿងញៀន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ វា​ក៏​ចាប់បាន​ឧក្រិដ្ឋជន​ដល់​ទៅ ២៤៥ នាក់​ផងដែរ ទើប​បណ្តាលឱ្យ​ក្រុម​ជួញដូរ​គ្រឿងញៀន​ចងគំនុំ​នឹង​វា​បែបនេះ​៕ ប្រែ​សម្រួល​: ខុម