ក្រុម​ឧទ្ទាម​មី​យ៉ាន់​ម៉ា​សម្លាប់​ប៉ូលិស​៧​នាក់​និង​ចាប់ខ្លួន​១២​នាក់​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​

489
ចែករម្លែក

​យុទ្ធជន​នៃ​ក្រុម​ឧទ្ទាម ព្រះពុទ្ធសាសនា​រ៉ា​ឃី​ន បានសម្លាប់​សមាជិក​ក​ង​សន្តិសុខ​មី​យ៉ាន់​ម៉ា​ចំនួន​៧​នាក់​នៅក្នុង​ការវាយប្រហា​រលើ​ប៉ុស្តិ៍​ប៉ូលិស​ចំនួន​៤​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​​កាលពី​ថ្ងៃ​សុក្រ​ទី​៤​មករា ខណៈ​ប្រទេស​កំពុង​ប្រារព្វ​ទិវា​ឯករាជ្យ​ជាតិ​។​

​រដ្ឋ​ភាគ​ខាងលិច​នេះ​បាន​ជួប​នូវ​អំពើហិង្សា​ជាថ្មី​ចាប់តាំងពី​ដើមខែ​មុន នៅពេល​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​កងទ័ព​អា​រ៉ា​កាន់ ដែល​ចង់​​បាន​ស្វ័យភាព​សំរាប់​ក្រុម​ជនជាតិភាគតិច​ព្រះពុទ្ធសាសនា​រ៉ា​ឃី​ន​របស់ខ្លួន​។​

​រ៉ា​ឃី​ន​ក៏​ជាទី​តាំង​នៃ​ការបង្ក្រាប​ដឹកនាំ​ដោយ​យោធា​កាលពី​ឆ្នាំ​២០១៧ ដែល​បាន​នាំអោយ​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់​ភៀសខ្លួន​ចូល​ប្រទេស​បង់​ក្លា​ដែ​ស​។​ការ​វាយ​​ប្រយុទ្ធ​គ្នា​កាលពីពេល​ថ្មីៗ​ជាមួយ​កងទ័ព​អា​រ៉ា​កាន​បាន​បង្ខំ​អោយ​ជន​ស៊ីវិល​ប្រមាណ​២.៥០០​នាក់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់​ពួកគេ​គិត​ត្រឹម​ចុង​ឆ្នាំមុន​។​

​អ្នកនាំពាក្យ​យោធា​អា​រ៉ា​កាន បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បរទេស​ថា ក្រុម​របស់ខ្លួន​បាន​វាយប្រហារ​ប៉ុស្តិ៍​ប៉ូលិស​ចំនួន​៤​និង​បាន​រឹបអូស​យកបាន​ខ្មោច​សត្រូវ​ចំនួន​៧​នាក់​។​ក្រុម​នេះ​ក៏បាន​អះអាងថា​បាន​ចាប់ខ្លួន​សមាជិក​កងក​ម្លាំ​ង​សន្តិសុខ​រដ្ឋាភិបាល​ចំនួន​១២​នាក់​ផងដែរ​តែ​មិន​ធ្វើបាប​ពួកគេ​ទេ គឺ​ធ្វើតាម​ច្បាប់​អន្តរជាតិ​។​

​អ្នកនាំពាក្យ​បាន​បន្តថា ការវាយប្រហារ​នេះ​ជាការ​ឆ្លើយតប​នឹង​ប្រតិបត្តិការ​សឹក​ដ៏​ធំ​មួយ​របស់​មី​យ៉ាន់​ម៉ា លើ​កងទ័ព​អា​រ៉ា​កាន់ នៅ​ប៉ុន្មាន​សប្តាហ៍​មកនេះ​ដែល​ក៏​ផ្តោតលើ​​ជន​ស៊ីវិល​ផងដែរ​។​

​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ខែ​មុន​បានប្រកាស​ការបញ្ឈប់​ការ​វាយ​ប្រយុទ្ធ​រយៈពេល​៤​ខែ​នៅ​ភាគ​ខាងជើង​និង​ឦសាន​ប្រទេស​ដើម្បី​ចាប់ផ្តើម​កិច្ចពិភាក្សា​រក​សន្តិភាព​ជា​​មួយ​បណ្តា​ក្រុម​ប្រដាប់អាវុធ​ជាច្រើន ដែល​កំពុង​តស៊ូ​ដើម្បី​ស្វ័យភាព​ជនជាតិ​របស់​ផង​គេ តែ​បាន​លើកលែង​រដ្ឋ​រ៉ា​ឃី​ន​មួយ​ចេញ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​មុននេះ​ថា ការវាយប្រហារ​មួយ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ក្រុម​ដដែល​នេះ​បាន​បណ្តាលអោយ​របួសធ្ងន់​ប៉ូលិស​ម្នាក់​ដែរ​។​

​ចំណែក​អ្នកនាំពាក្យ​យោធា​មី​យ៉ាន់​ម៉ា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា កងកម្លាំង​សន្តិសុខ​បាន​ឆ្លើយតប​នឹង​ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ ដែល​បាន​ផ្តោត​​លើ​ប៉ូលិស​នៅ​ប៉ែក​ខាងជើង​នៃ​ទីប្រជុំជន​ពីរ​ជាប់​ព្រំដែន​បង់​ក្លា​ដែ​ស តែ​បាន​បដិសេធ​មិន​បញ្ជាក់ថា​តើ​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវបាន​សម្លាប់​ឬ​ចាប់ខ្លួន​ដោយ​ក្រុម​ឧទ្ទាម​៕​ដោយ​៖​វាសនា

ការ​វាយ​ប្រយុទ្ធ​គ្នា​កាលពីពេល​ថ្មីៗ​បណ្តាលអោយ​ជន​ស៊ីវិល​រាប់ពាន់នាក់​ភៀសខ្លួន​នៅ​រដ្ឋ​រ៉ា​ឃី​ន​​