ក្រុម ប​.​ជ​.​អ លើក​ពាន​ជើងឯក​ពានរង្វាន់​បាល់ទាត់ វង សូត ជា​លើក​ទី ២

1591
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ បន្ទាប់ពី​បាន​ប្រកួត​អស់​រយៈពេល​ប្រមាណ​ជា ១ ខែ មក ក្រុម​ជើងឯក​ពានរង្វាន់​បាល់ទាត់​លោក វង សូត ឆ្នាំ ២០១៨ ត្រូវបាន​រកឃើញ​ហើយ​នៅ​ល្ងាច​ថ្ងៃទី ២៨ ខែ មិថុនា នេះ គឺ​បាន​ទៅលើ​ក្រុម​បេឡា​ជាតិ​អតីតយុទ្ធជន ហៅ​កាត់​ថា ប​.​ជ​.​អ ចំណែក​ក្រុម​លេខ ២ គឺ​ក្រុម​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច ។​


​គប្បី​រំឭកថា ក្រុម ប​.​ជ​.​អ នេះ ក៏​ជា​ក្រុម​ជើងឯក​ពាន់រង្វាន់​បាល់ទាត់​ឯកឧត្តម វង សូត កាលពី​ឆ្នាំ ២០១៧ ដែរ ។ ដូច្នេះ​ឆ្នាំ ២០១៨ នេះ គឺជា​រដូវ​កាល​ទី ២ ហើយ​ដែល​ក្រុម ប​.​ជ​.​អ លើក​ពានរង្វាន់​នេះ ។​

លោក រឿន រិ​ទ្ធិ​រ័ត្ន ប្រធាន​ក្រុម ប​.​ជ​.​អ ថ្លែងថា ជោគជ័យ​នាពេលនេះ មិនមែនជា​ជោគជ័យ​របស់​ក្រុម​លោក​តែ​ម្យ៉ាង​ឡើយ ប៉ុន្តែ​គឺជា​ជោគជ័យ​របស់​ក្រសួង​សង្គមកិច្ច​ទាំងមូល ហើយ​ថា​លោក​ពិត​ថ្លែងអំណរគុណ​ដល់​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន ដែល​បាន​បង្កើតឱ្យមាន​ការប្រកួត​ដណ្តើមពាន​រង្វាន់​បាល់ទាត់​នេះ​ឡើង ។​

​លោក សំហេង បុរស ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​លោក វង សូត បាន​មានប្រសាសន៍ថា  ការ​ហត់នឿយ គឺមាន ប៉​ន្តែ​ក្តី​លំបាក​ពុំមាន​ទេ​ក្នុង​ការរៀបចំ​ការប្រកួត​នេះ ព្រោះ​ពួកយើង​រីករាយ​នឹង​ការប្រកួត​ទាំងនេះ ។ អ្វីដែល​ពិសេស​បំផុត​នោះ គឺ​យើង​ទទួលបាន​នូវ​សាមគ្គីភាព​យ៉ាង​ស្អិតរ​មួ​ត​ក្នុង​ក្របខណ្ឌ​យុវជន​សង្គមកិច្ច បើទោះបីជា​ពួកយើង​មកពី​នាយកដ្ឋាន​ផ្សេងគ្នា និង ក្រុម​ផ្សេងគ្នា​ក៏ដោយ ហើយ​នេះ​គឺជា​ផ្នែក​មួយ នៃ យុទ្ធនាការ ជឿថា​ខ្មែរ​ធ្វើបាន របស់​យើង  ។


​ការប្រកួត​ឆ្នាំ ២០១៨ នេះ មាន​ក្រុមបាល់ទាត់​យុវជន​សង្គមកិច្ច ១១ ក្រុម ចូលរួម​ប្រកួត ហើយ​លោក សំហេង បុរស បាន​អះអាងថា នឹង​រៀបចំ​ឱ្យមាន​ការប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​បាល់ទាត់ វង សូត នេះ នៅ​ឆ្នាំក្រោយៗ​ទៀត ព្រោះ​តាមរយៈ​ការប្រកួត​កីឡាបាល់ទាត់​នេះ នាំមក​នូវ​សុខភាព សាមគ្គីភាព និង មិត្តភាព និង សហប្រតិបត្តិការ ៕ Kh