ក្រុម Angkor Warrior ទទួលបាន​ជ័យលាភី​លេខ​១ ក្នុង​ការប្រកួត​កីឡាបាល់បោះ​ដណ្តើមពាន​រង្វាន់​សៀមរាប​ផ្ទះ​ខ្ញុំ ឆ្នាំ​២០១៨

706
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: បន្ទាប់​ដំណើរការ​ប្រកួត​អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លងមក គឺ​នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ការប្រកួត​បាល់បោះ ក្រោម​ប្រធានបទ កីឡា​ដើម្បី​សុខភាព ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នៃ​យុទ្ធនាការ​សៀមរាប​ផ្ទះ​ខ្ញុំ​។​

​លោក ទៀ សីហា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​បញ្ជាក់ថា តាមរយៈ​ការប្រកួត​បាល់បោះ ៣​នាក់​ទល់នឹង​៣​នាក់ បានបង្ហាញ​ឲ្យ​ឃើញថា ចំណាត់ថ្នាក់​ជ័យលាភី​លេខ​១ បាន​ទៅ​ក្រុម Angkor Warrior ទទួលបាន​ពានរង្វាន់​១ , មេដៃ​មាស ៤ , ថវិកា​លើកទឹកចិត្ត ចំនួន​៨០​ម៉ឺន​រៀល និង​សម្ភារៈ​កីឡា​មួយចំនួន . ចំណាត់ថ្នាក់​ជ័យលាភី​លេខ​២ បាន​ទៅ​ក្រុម Angkor Youth ដោយ​ទទួលបាន​មេដៃ​ប្រាក់​៤ , ថវិកា​ចំនួន ៦០​ម៉ឺន និង​រង្វាន់​លើកទឹកចិត្ត​មួយចំនួន​និង ចំណាត់ថ្នាក់​ជ័យលាភី​លេខ​៣ បាន​លើ​ក្រុម Traffic Jack ដោយ​ទទួលបាន​មេដៃ​សំរឹទ្ធិ​៤, ថវិកា​៤០​ម៉ឺន​រៀល និង​រង្វាន់​លើកទឹកចិត្ត​មួយចំនួន។​

​ដោយឡែក​សម្រាប់​កីឡាករ​ដែល​ទទួលបាន​ពិន្ទុ​ច្រើនជាងគេ គឺ​បាន​ទៅលើ​កីឡាករ​ឈ្មោះ ជិន សុផារ៉ា មកពី​ក្រុម Traffic Jack និង សម្រាប់​កីឡាករ​ដែល​ទទួលបាន​ជ័យលាភី​ប្រកួត​៣​ពិន្ទុ គឺ​បាន​ទៅ​ឈ្មោះ ហុង គី​ដន មកពី​ក្រុម Angkor Warrior ក៏​ទទួលបាន​ពាន​លើកទឹកចិត្ត​ផងដែរ។

​សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​នេះ សរុប​មាន​ចំនួន​៨០​លើក, មាន​១៧​ក្រុម​បាន​ចូលរួម និង​មាន​កីឡាករ​ចំនួន ៦៨​នាក់ ក្នុងនោះ​មាន​កីឡាករ​បរទេស​មាន​ចំនួន ៥​នាក់ ក្រោម​ការត្រួតពិនិត្យ និង​ផ្ដល់​កាត់សេចក្ដី​ពី​អាជ្ញាកណ្ដាល ៤​នាក់​៕ ល​

#