ដោយ: រ៉ូហ្សា /
ភ្នំពេញ: ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ដែលគេប្រសិទ្ធនាមថា អធិរាជវាលស្មៅ Ganzberg Cup 2019 រដូវកាលទី៤ នឹងចាប់ផ្ដើមនៅថ្ងៃទី១៦ មីនា ខាងមុខនេះហើយ ។
ជាមួយនឹងការចាប់ផ្ដើម រដូវកាលថ្មីនេះ ក្រុមកណ្ដុរ ស ដែលជាក្រុមគ្រងតំណែងជើងឯក រដូវកាលទី៣ ឆ្នាំ២០១៨ នោះ បានប្រកាសប្រឹងប្រែង លេងឲ្យអស់ពីសមត្ថភាព ដើម្បីរក្សាតំណែងនេះ ។ ទោះបីមានមហិច្ឆតា គ្រងតំណែងជើងឯក ម្ដងទៀ ក៏ពិតមែន ក៏មន្ត្រីគ្រប់គ្រងក្រុមខ្លាំងមួយនេះ មិនហ៊ានអះអាង ពីលទ្ធផល មុនពេលប្រកួតឡើយ ។
លោក ស៊ីថូ ណាថាន់ ដែលជាប្រធានផ្នែក ក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជា (CBS) ដែលគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ ចំនួន ៣ គឺ CNC-CTN និង MYTV នោះ បានបញ្ជាក់ នៅក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៨ មីនានេះថា ការប្រកួតឆ្នាំនេះ កាន់តែអស្ចារ្យ ជាងកាលពីឆ្នាំ កន្លងមក ។
ដោយមានការប្រកួតជម្រុះ ចំនួន ៥ ភូមិភាគនោះ ក្នុងមួយភូមិភាគ យក ២ ក្រុម ដែលនៅកំពូលតារាង មកចូលរួម គឺមាន ១០ ក្រុម មកពី ៥ ភូមិភាគ ។ សម្រាប់នៅរាជធានីភ្នំពេញ ដែលមានក្រុមច្រើន ចូលរួមប្រកួតជម្រុះនោះ គឺជ្រើសរើសយក ១៨ ក្រុម ចូលរួម និង ៤ ក្រុម ដែលលេងដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីឆ្នាំចាស់នោះ បានឡើងលេង ក្នុងវគ្គ ៣២ ក្រុម ដោយស្វ័យប្រវត្តិ ។
៣២ ក្រុម ដែលឡើងមកលេង នៅរាជធានីភ្នំពេញនេះ គឺលេងតាមរូបមន្ត ជួបគ្នា ២ ដង ។ បន្ទាប់ពីជួបគ្នា ២ ដង ក្រុមដែលចាញ់ គឺហាលអាវ ។ ក្នុងករណីដែលជួបគ្នា ២ ដង នៅតែស្មើគ្នានោះ គឺត្រូវកាត់សេចក្ដី ដោយការទាត់បាល់ ប៉េណាល់ទី ដើម្បីសម្រេចលទ្ធផលតែម្ដង ។
ការប្រកួត នឹងធ្វើនៅទីលាន T-Soccer រៀងរាល់យប់ថ្ងៃសៅរ៍ ។ ការប្រកួតនេះ មិនមានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ គឺមានតែការប្រកួត ផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ។ ក្រុមដែលលើកពាន នឹងទទួលបានរង្វាន់អម ចំនួន ១៥.០០០ ដុល្លារ ឯណោះ ។
លោក Brune ដែលជាតំណាងក្រុមហ៊ុន ស្រាបៀរហ្គេនស្ប៊ើក ដែលជាអ្នកឧបត្ថម្ភ ព្រឹត្តិការណ៍នេះទាំងស្រុងនោះ បានចាត់ទុកព្រឹត្តិការណ៍នេះថា ជាពេលវេលាដ៏វិសេសវិសាលបំផុត ក្នុងអាណាចក្របាល់ទាត់ហ្គេនស្ប៊ើក។ លោកកោតសរសើរ និងស្ញប់ស្ញែងនូវឆន្ទៈ ដ៏អង់អាចរបស់ក្រុមទាំង ៣២ ដែលចូលរួម ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ កាលពីរដូវកាលទី១ ក្រុមដានីញែល (Daniel) ជាក្រុមលើកពានដំបូងគេ បន្ទាប់មក រដូវកាលទី២ ក្រុមស្រ៊ីជី (3G) តែឆ្នាំនេះ ក្រុមដានីញែល បាត់បង់ឱកាស ដោយសារតែធ្លាក់ ក្នុងការប្រកួតជម្រុះ និងរដូវកាលទី៣ ក្រុមកណ្ដុរ ស ។ សម្រាប់រដូវកាលទី៤នេះ មិនទាន់ដឹងនៅឡើយទេ៕v