ក្រោយពី​មានការ​រិះគន់​រឿង​សណ្តាប់ធ្នាប់​ផ្សារ​សាំ​ហាន់ ពេលនេះ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ចុះ​រៀបចំ​ហើយ​

479
ចែករម្លែក

ដោយ​: សាវ​រក្ស​
​ភ្នំពេញ​:
អជ្ញាធរ​ខណ្ឌឫស្សីកែវ បាន​ចាត់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ មាន​ទាំង​កម្លាំង​នគរបាល ប្រជា​ការពារ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈហើយ បន្ទាប់ពី​មានការ​រិះគន់​ចំៗ ពី​មជ្ឈដ្ឋាន​ទូទៅៗ​លើ​ប្រធាន​ផ្សារ​សាំ​ហាន់ ថា​ចេះតែ​ដើរ​យក​ភាស៊ី និង​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ជីវ​ករ​លក់ដូរ​គ្រប់​ប្រភេទ មក​ដាក់​តាំងតុ គ្រែ ឆ័​ត្រ និង​ទំនិញ​ផ្សេងៗ លើ​ចិញ្ចើមផ្លូវ បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍ យ៉ាង​អណាធិបតេយ្យ និង​បាត់​សោ​ភណ្ឌ​ភាព​ទីក្រុង​។​

​ការចុះ​រៀប​សណ្តាប់ធ្នាប់​ផ្សារ​សាំ​ហាន់​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក ជា ពិសី អភិបាលខណ្ឌ ចាប់ពី​ចំណុច​សណ្ឋាគារ​បុប្ផា​រាជធានី ផ្សារ​សាំ​ហាន់ រហូតមកទល់​ជ្រោះ​បាត់​ស្នេហ៍ ស្ថិតក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ទី​១ នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៩​។​

​ពាក់ព័ន្ធ​ការចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ពី​មន្ត្រី​ពាក់ព័ន្ធ កម្លាំង​នគរបាល និង​ប្រជា​ការពារ ដើម្បី​ទប់ស្កាត់​រាល់​ការរំលោភបំពាន​ផ្សេងៗ ពី​ក្រុមអាជីវករ ដែល​បាន​យក​ចិញ្ចើមផ្លូវ​សាធារណៈ​របស់រ​ដ្ឋ​មកប្រើប្រាស់​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន នោះ​ឃើញថា​មាន​ភាពល្អប្រសើរ​ឡើងវិញ​។​

​សូមជម្រាបថា ក្នុង​ការចុះ​រៀប​សណ្តាប់ធ្នាប់​ផ្សារ​សាំ​ហាន់​លោក ជា ពិសី តម្រូវ​ឲ្យ​ក្រុមអាជីវករ​លក់ដូរ​ទាំ​ង​អស់ ដែល​បាន​យក​ចិញ្ចើមផ្លូវ​មកប្រើប្រាស់ ត្រូវតែ​អនុវត្តតាម​ការណែនាំ​ជានិច្ច របស់​រដ្ឋបាល​សង្កាត់​-​ខណ្ឌ ក៏ដូចជា រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅតាម​ការបាញ់​គំនូស​សញ្ញា ចាប់ពី​អក្ស​ចិញ្ចើមផ្លូវ​ប្រវែង​១​ម៉ែត្រ​កន្លះ ក្នុងការ​រក្សា​សណ្ដាប់ធ្នាប់​ឲ្យ​មាន​របៀបរៀបរយ បើ​មិន​ដូច្នេះ​ទេ អាច​ប្រឈម​វិធានការ​ផ្លូវច្បាប់ ដើម្បី​ចាប់​ដកហូត​រាល់​សម្ភារ​ទាំងឡាយ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឫ​បាត់បង់​ទ្រព្យសម្បត្តិ​ឡើយ​៕ ល​