ក្រោយពី​អាជ្ញាធរ​រាជធានី​រៀបចំ សណ្ដាប់ធ្នាប់​លក់ដូរ លើ​កំណាត់​ផ្លូវ​មួយចំនួន​នៅ​ជុំវិញ​ផ្សារ​ដើម​គរ​, មាន​លក្ខណៈ​ល្អប្រសើរ​

211

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ សណ្ដាប់ធ្នាប់​នៃ​ការលក់ដូរ​របស់​បង​ប្អូន​អាជីវករ នៅលើ​កំណាត់​ផ្លូវ​មួយចំនួន ជុំវិញ​ផ្សារ​ដើម​គរ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ឃើញថា មាន​លក្ខណៈ​ល្អប្រសើរ​ហើយ ពោលគឺ​ក្រោយពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ។ ការបង្កើតឱ្យមាន​សណ្តា​ប់​ធ្នាប់​ល្អប្រសើរ​នេះ គឺ​មិនអាច​ផ្តាច់​បាន​ពី​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​បានឡើយ​។​
​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ខណៈដែល​លោក​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ជា​លើក​ទី​២ នៅ​ជុំវិញ​បរិវេន​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​បានឱ្យដឹងថា ស្ថានភាព​សណ្ដាប់ធ្នាប់​លក់​ដូរ​លើ​កំណាត់​ផ្លូវ​ព្រះ​មុនី​រ៉េត ផ្លូវ​លេខ​៣៣៦ ផ្លូវ​លេខ​២៣១ ផ្លូវ​លេខ​២៣៩ និង​ផ្លូវ​លេខ​២៣៤ នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ឃើញថា មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ និង​បងប្អូន​អាជីវករ មាន​កិច្ចសហការ​ល្អជា​មួ​យក​ម្លាំ​ង​របស់​យើង​។
ក្នុងឱកាស​នោះ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ បន្ត​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​បានធ្វើ​ដំណើរ​ដោយ​រលូន​។​
គួរ​បញ្ជាក់ថា​៖ លោក​មាន ចាន់​យ៉ា​ដា ក្នុងខណៈដែល​លោក​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៃ​ការលក់ដូរ​ជុំវិញ​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា​២០១៨​កន្លងមកនេះ លោក​បានបញ្ជាក់​ហើយ​ថា ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ នៃ​ការលក់ដូរ​ជុំវិញ​ផ្សារ​ទាំង​២​នេះ គឺធ្វើឡើង តប​នឹង​ការទទូច​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ការណែនាំ​ជាគោលការណ៍​យ៉ាង​ម៉ឺងម៉ាត់ ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយ​ធ្វើយ៉ាងណា​រៀបចំ​ទីតាំង​ខាងលើ​ឱ្យមាន​សណ្ដាប់ធ្នាប់​ល្អប្រសើរ​ឡើងវិញ​៕