ក្រោយ​ការបោះឆ្នោត​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​របស់​កម្មករ​រំកិល​ឡើង​១៧៧​ទល់នឹង​១៨២​ដុល្លារ​

890
ចែករម្លែក

​ដោយ​: ដេប៉ូ / ភ្នំពេញ​: ក្នុង​កិច្ចប្រជុំ​លើក​ទី​៤ នៃ​ការបើក​ពិភាក្សា​ត្រីភាគី ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​លើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩ ជា​លទ្ធផល​ក្រោយ​ការបោះឆ្នោត​តួលេខ​ខាង​និយោជក​បាន​រំកិល​ឡើង​១៧៧​ដុល្លារ និង​សហជីព​បាន​ចុះមក​ត្រឹម​១៨២​ដុល្លារ​។​

​បញ្ជាក់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ កាលពី​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៨​លោក ហេង​សួរ អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​ប្រឹក្សា​ការងារ​បានឱ្យដឹងថា​ក្រោយ​កិច្ចពិភាក្សា​យ៉ាង​តានតឹង ភាគី​សហជីព​ដែល​កាលពី​មុននេះ​បានដាក់​តួលេខ​ចំនួន​១៩២​ដុល្លារ បាន​បញ្ចុះ​មក​ត្រឹម​ដុល្លារ​១៨២​ដុល្លារ ចំណែក​ភាគី​និយោជក​វិញ​ដែល​ធ្លាប់​ដាក់​តួលេខ​១៧៥​ដុល្លារ​នោះ ក៏​ព្រម​បាន​បង្ខិត​តួលេខ​តម្លើង​ដល់​១៧៧​ដុល្លា​ផងដែរ​។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ដែរ លោក ហេង សួរ បាន​លើកឡើងថា កិច្ចពិភាក្សា​នេះ មាន​ភាព​តានតឹង​បន្តិច​ហើយ ដោយឡែក​ចំពោះ​តួលេខ​វិញ​ថា នៅមាន​គម្លាត​គ្នា​ដូចគ្នា​។ សម្រាប់​ថ្ងៃស្អែក​គឺជា​កា​រស​ម្រ​ច​ចុងក្រោយ ហើយ​បើសិន​មានការ​ខ្វែងគំនិត​គ្នា​នោះ គណៈកម្មាធិការ​នឹងធ្វើ​ការបោះឆ្នោត​សម្រេច​ចុងក្រោយ​យក​តូ​លេខ​រួមមួយ​តែម្តង​។​

​លោក​បានលើកឡើង​ដែរ​ថា ការបោះឆ្នោត​នា​ថ្ងៃនេះ​គឺជា​ការបោះឆ្នោត​រូបភាព​ក្រុម​ភាគី​បច្ចេកទេស ដើម្បី​យក​តួលេខ​រួម​តាម​ភាគី​នីមួយៗ សម្រាប់​ឱ្យ​គណៈកម្មាធិការ​ប្រឹក្សា​ការងារ​មាន​សិទ្ធិ​សម្រេច​ជា​ចុងក្រោយ​នេះ ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៨​។​

​ដោយឡែក លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត​ដេរ​នៅ​កម្ពុជា​វិញ បានឱ្យដឹងថា ពេលនេះ​ខាង​និយោជក​បាន​ព្រម​តម្លើង​តួលេខ​មួយ​ល្អប្រសើរ​ជាង​មុន និង​ពេលនេះ​ឃើញថា តួលេខ​បាន​ខិត​ទៅ​ក្បែរ​គ្នា​ជាមួយ​សហជីព​។ ទោះបីយ៉ាងណា​លោក​រំពឹងថា តួលេខ​នេះ​នឹងមិន​កើនឡើង​បន្ថែម​ទៀតឡើយ​។​

​គួរបញ្ជាក់​កិច្ចប្រជុំ​ពិភាក្សា​ត្រីភាគី ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​លើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩ នឹងត្រូវ​បិទ​បញ្ចប់​និង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​សូម​រំលើក​ផង​ថា ប្រាក់​ឈ្នួល​គោល របស់​កម្មករ​និយោជក ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង ស្បែកជើង កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​១៥៣​ដុល្លារ​។ ដោយឡែក​ក្នុង ឆ្នាំ​២០១៨​នេះ ត្រូវបាន​តម្លើង​រហូតដល់​១៧០​ដុល្លារ​ក្នុង​មួយខែ ហើយ​បើ​បូករួម​ផ្សំ​ជាមួយ​ប្រាក់​បំណាច់​ផ្សេងៗ​ផង​កម្មករនិយោជិត​ម្នាក់ៗ អាច​ទទួលបាន​ប្រាក់​ឈ្នួល​រហូតដល់​ជិត​៣០០​ដុល្លារ​ទៀតផង​។​

ដោយឡែក​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត​នា​ឆ្នាំ​២០១៩ ខាងមុខ​គេ​រំពឹងថា នឹង​កើនឡើង​ជាង​១៨០​ដុល្លារ ដែល​នឹង​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕

#